(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នឹងធ្វើលិខិតមួយអញ្ជើញម្ចាស់សិប្បកម្មឡឥដ្ឋ ដែលជាជនជាតិចិន ឱ្យចូលបំភ្លឺនៅសាលាខេត្ត ដើម្បីធ្វើការដោះស្រាយ ករណីសាងសង់រំលោភចូលដីស្ទឹង និងបញ្ជាឱ្យរុះរើចេញជាបន្ទាន់។

ការបបញ្ជាក់បែបនេះរបស់លោក គួច ចំរើន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលោកបានដឹកនាំ មន្ត្រីរបស់សាលាខេត្ត ចុះត្រួតពិនិត្យស្ថានភាពស្ពាន បាក់មួយកន្លែង ស្ថិតនៅក្នុងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជាមួយគ្នានេះដែរ លោក គួច ចំរើន បានលើកឡើងថា លោកនឹងបញ្ជាឱ្យមន្ត្រីជំនាញចុះទៅសិក្សាពីស្ថានភាពស្ពាន ដែលរងការវាយប្រហារ ដោយសារតែជំនន់ទឹកភ្លៀង ដើម្បីធ្វើយ៉ាងជួសជុលស្ពានមួយនេះ ឱ្យទាន់ពេលវេលា ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរលើស្ពាននេះ ឱ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

នៅក្នុងឱកាសនោះដែរ លោក គួច ចំរើន ក៏បានសន្យាធ្វើផ្លូវដែលខូចខាតដោយសារទឹកជំនន់នេះ ជូនដល់ប្រជាពលរដ្ឋ ចាប់ពីផ្លូវជាតិលេខ៤ រហូតដល់ទីតាំងស្ពានដែលរងការខូចខាត ដោយសារជំនន់ទឹកភ្លៀងនេះ៕