(សៀមរាប)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានសម្រេចដាក់ពិន័យលោកស្រី ស៊ីម សុផាត តួនាទី អនុប្រធានអង្គភាពចុះបញ្ជី និងផ្ដល់បណ្ណបើកបរយានយន្ដ ដែលមានកាយវិការមិនសមរម្យដាក់ប្រជាពលរដ្ឋ ដោយលើកជើងឆ្កិះស្លាកលេខឡាន ហាក់បីដូចជាមើលងាយដល់ម្ចាស់រថយន្ដ។

យោងតាមលិខិតបង្គាប់ការរបស់លោក គី វិរិន្ទ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ បានកំណត់ដោយលោកស្រី ស៊ីម សុផាត ត្រូវមកបម្រើការងារនៅការិយាល័យកិច្ចការទូទៅ នៃមន្ទីរសាធារណការ ហើយត្រូវបង្ហាញខ្លួននៅរៀងរាល់ម៉ោងធ្វើការ។

សូមជម្រាបថា កាលពីពេលកន្លងទៅថ្មីៗនេះ តាមរយៈបណ្ដាញសង្គម បានធ្វើការចែកចាយជាបន្ដបន្ទាប់ នូវរូបថតមួយសន្លឹករបស់ មន្ដ្រីសាធារណការខេត្តសៀមរាប ដោយឃើញស្ដ្រីម្នាក់បានលើកជើងទៅឆ្កិះស្លាកឡានរបស់ប្រជាពលរដ្ឋ។ សកម្មភាពនេះ ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ហាក់ដូចជាមើលងាយមើលថោក ទៅដល់ម្ចាស់រថយន្ដ៕