(ព្រះសីហនុ)៖ យុទ្ធនាការផ្សព្វផ្សាយអប់រំ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីពញ្ញាក់ស្មារតីដល់អ្នកជិះម៉ូតូ និងចែកមួកការពារសុវត្ថិភាព មកដល់ថ្ងៃនេះ បានដំណើរការជិតមួយខែមកហើយ នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ នគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ និយាយឡែក និងនិយាយជារួម នគរបាលចរាចរណ៍ទាំងអស់ នឹងចាប់ផ្តើមធ្វើការផាកពិន័យតាមច្បាប់ចរាចរណ៍។

លោក ព្រហ្ម ពៅ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តព្រះសីហនុ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះថា លោកសំណូមពរយ៉ាងទទូចសូមឲ្យអ្នកបើកបរ និងអ្នកជិះម៉ូតូទាំងអស់តាំងពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋ ពេលធ្វើដំណើរទោះជិត ឬឆ្ងាយត្រូវពាក់មួកការពារសុវត្ថិភាព ឲ្យបានគ្រប់ៗគ្នា និងគ្រប់ពេលវេលា។

ការផ្សព្វផ្សាយអប់រំ ពញ្ញាក់ស្មារតី ក្នុងរយៈពេលមួយខែ ចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ គឺនៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ សមត្ថកិច្ចនឹងចាប់ផ្តើមធ្វើការផាកពិន័យទៅតាមច្បាប់ចរាចរណ៍ គ្មានការលើកលែង។ ក្រោយពីនគរបាលចរាចរណ៍ ធ្វើការផ្សព្វផ្សាយអស់រយៈពេលមួយខែ គឺអប់រំឲ្យអ្នកបើកបរម៉ូតូ និងអ្នកជិះម៉ូតូពីក្រោយ ត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នា៕