(ព្រះសីហនុ)៖ ប្រពន្ធបានស្លាប់នៅនឹងកន្លែងកើតហេតុ រីឯបុរសជាប្តីរងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្ត និងម៉ូតូ លើផ្លូវជាតិលេខ០៤ នៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ។

មន្ត្រីនគរបាលមូលដ្ឋានស្រុកព្រៃនប់ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងដោយសារម៉ូតូមួយគ្រឿងម៉ាក HONDA-DREAM បានបើកធ្លាក់គ្រលុក ហើយរេចង្កូតទៅប៉ះរថយន្តដែលបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲអ្នករូមដំណើរជាប្រពន្ធស្លាប់នៅនឹងកន្លែងកើតហេតុ ឯអ្នកបើកបរជាប្តីបានរងរបួសធ្ងន់។

មន្ត្រីមូលដ្ឋានរូបនោះ បានបញ្ជាក់ទៀតថា អ្នកបើកបរម៉ូតូឈ្មោះ ហេម ហ៊ាន អាយុ៥០ឆ្នាំត្រូវជាប្តី (របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះឆែម ខុម អាយុ៤៩ឆ្នាំ ជាប្រពន្ធ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។ អ្នកទាំងពីរមានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ចំណែកភាគីខាងរថយន្តបើកបរដោយឈ្មោះ CHEN JUN ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះ៧៧៨ ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងអ្នករួមដំណើរឈ្មោះ GuHAINAN ភេទប្រុស អាយុ៣៨ឆ្នាំ (អ្នកទាំងពីរជាជនជាតិចិន)។

ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ឯជនរងគ្រោះបានបញ្ជូនមកសង្រ្គោះនៅគ្លីនិកឯកជន ខណៈវត្ថុតាងរថយន្ត និងម៉ូតូរួមជាមួយអ្នកបើកបររថយន្ត និងអ្នករួមដំណើរលើរថយន្តនាំខ្លួន យកមករក្សាទុក និងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បណ្តោះអាសន្ន។

អធិការរងស្រុកព្រៃនប់ទទួលផែនចរាចរណ៍ បានប្រាប់ Fresh News នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ថា កម្លាំងជំនាញរបស់លោកកំពុងកសាងសំណុំរឿងបញ្ជូន អ្នកបើកបររថយន្ត និងអ្នករួមដំណើរជាមួយវត្ថុតាង ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីដោះស្រាយបន្ត៕