(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំថ្នាក់ដឹកនាំក្រសួងការពារជាតិ អញ្ជើញសួរសុខទុក្ខ និងសម្តែងការគួរសមជាមួយព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

ក្នុងឱកាសនេះសម្តេចពិជ័យសេនា ទៀ បាញ់ បានសម្តែងនូវការនឹករលឹកចំពោះលោកព្រឹទ្ធាចារ្យ ប៊ូ ថង ជាឥស្សរជនម្នាក់ដែលមួយជីវិតរបស់លោកព្រឹទ្ធាចារ្យបានលះបង់កម្លាំងកាយកម្លាំងចិត្ត ក្នុងបុព្វហេតុជាតិមាតុភូមិ ព្រមទាំងនាំប្រសាសន៍សាកសួរសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានជូនពរលោកព្រឹទ្ធាចារ្យ សូមឱ្យមានសុខភាពល្អឆាប់ជាពីជំងឺរោគាព្យាធិទាំងឡាយទាំងពួង និងមានជន្មាយុយឺនយូរ ព្រមទាំងជួបប្រទះ តែសេចក្តីសុខសេចក្តីចម្រើនតរៀងទៅ។

ជាកិច្ចឆ្លើយតប លោក ព្រឹទ្ធាចារ្យ ប៊ូ ថង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញមកសួរសុខទុក្ខរូបលោក ដល់មន្ទីរពេទ្យ ដែលនេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្តគោរពស្រឡាញ់គ្នាទៅវិញទៅមក។

ទោះបីជា កំពុងតែសម្រាកនៅលើគ្រែក្នុងមន្ទីរពេទ្យយ៉ាងណាក្តី ក៏ព្រឹទ្ធាចារ្យ ប៊ូ ថង មិនដែលបំភ្លេចពីស្ថានភាពនយោបាយនៅប្រទេស និងដំណើរវិវត្តន៍នានា នៅតាមព្រំដែនជាមួយប្រទេសជិតខាងកម្ពុជា ទាំងនេះបានបង្ហាញពីទឹកចិត្តស្នេហាជាតិមាតុភូមិ របស់លោកតាព្រឹទ្ធាចារ្យចំពោះកម្ពុជា និងប្រជាពលរដ្ឋខ្មែរទាំងមូលផងដែរ៕