(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៉ឹម ឈុនលឹម បានសម្តែងនូវមរណទុក្ខយ៉ាងក្រៀម និងសោកស្តាយជាអនេកចំពោះមរណភាពរបស់នាយឧត្តមសេនីយ៍ ស៊ើយ កែវ សមាជិកព្រឹទ្ធសភា។

ក្នុងលិខិតរំលែកមរណទុក្ខផ្ញើជូនក្រុមគ្រួសារនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ លោក អ៉ឹម ឈុនលឹម ចាត់ទុកមរណភាពរបស់លោក ស៊ើយ កែវ គឺជាការបាត់បង់ឥស្សរជនមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត បញ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ។

លោក អ៉ឹម ឈុនលឹម បានគូសបញ្ជាក់លិខិតរំលែកមរណទុក្ខយ៉ាងដូច្នេះ «ខ្ញុំសូមចូលរួមរំលែកមរណទុក្ខជាមួយ លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី និងឳពុកជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា។ មរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស៊ើយ កែវ គឺជាការបាត់បង់ឥស្សរជនមួយរូប ដែលបានបូជាកម្លាំងកាយចិត្ត បញ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសក្នុងការបម្រើ ស្ថាប័នព្រឹទ្ធសភា ដើម្បីរួមចំណែកក្នុងដំណើរការពង្រឹង នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងលើកកម្ពស់កិត្យានុភាពជាតិទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ»។

សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ ស៊ើយ កែវ សមាជិកព្រឹទ្ធសភា បានទទួលមរណភាពកាលពីថ្ងៃសុក្រ ០១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៨៖៤៥នាទីយប់ ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយរោគាពាធ។

សពរបស់លោកត្រូវបានតម្កល់ធ្វើបុណ្យនៅគេហឋានក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕