(ភ្នំពេញ)៖ អគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋយ៉ាងខ្លាំង នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បាត់រលត់ទៅវិញហើយ នៅវេលាម៉ោងជាង៩យប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ។

ភ្នាក់ងារព័ត៌មាន Fresh News ដែលចុះយកព័ត៌មានផ្ទាល់នៅកន្លែងកើតហេតុ បានរាយការណ៍ថា ក្រោយមានការអន្ដរាគមន៍សង្គ្រោះយ៉ាងយកចិត្តទុកដាក់ ពីកម្លាំងសមត្ថកិច្ចជំនាញ នៅពេលនេះអគ្គិភ័យដែលឆេះផ្ទះប្រជាពលរដ្ឋបានរលត់ទៅវិញហើយ ដោយសមត្ថកិច្ចបានចេញឡានទឹកទៅជួយអន្ដរាគមន៍សង្គ្រោះ។

បើតាមសេចក្ដីរាយការណ៍ រថយន្ដពន្លត់អគ្គិភ័យនោះរួមមាន រថយន្ដរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្ដស្នងការដ្ឋាននគរបាលខេត្តកណ្ដាល និងរថយន្តរបស់ទីបញ្ជាការដ្ឋានអង្គរក្ស។

យ៉ាងណាក៏ដោយ សម្រាប់មូលហេតុវិញ កម្លាំងសមត្ថកិច្ចមិនទាន់អាចបញ្ជាក់ឲ្យដឹងបាននៅឡើយទេ ព្រោះកំពុងធ្វើការសួរនាំម្ចាស់ទីតាំង ដើម្បីស្រាវជ្រាវបន្ដ ប៉ុន្ដែការសន្និដ្ឋានជំនាញដំបូង គឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិភ័យ។ បើតាមសមត្ថកិច្ច សម្រាប់គ្រោះថ្នាក់សង្គមមួយនេះ មិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ គ្រាន់តែបំផ្លាញទ្រព្យសម្បតិ្ដអស់មួយចំនួន៕