(កំពង់ចាម)៖ អនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជំរុញឲ្យមានវិធានការបង្ក្រាបសកម្មភាពគ្រឿងញៀន កម្លាំងនគរបាលខេត្តកំពង់ចាម បានបន្ដប្រតិបត្តិការត្រួតពិនិត្យរកសារធាតុញៀនលើអ្នកបើកបរ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការនៅយប់មិញនេះ លោកបានបញ្ជាកម្លាំងអនុវត្តនៅ២គោលដៅផ្សេងគ្នា ដោយមួយគោលដៅនៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ស្គន់ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅភូមិតាសែន ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ដោយឡែក មួយគោលដៅទៀត នៅចំណុចមុខក្លឹបហ្គោលតាមបណ្តោយជាតិលេខ៧ ស្ថិតនៅភូមិបឹងស្នាយ ឃុំសំបួរមាស ក្រុងកំពង់ចាម ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ សហការជាមួយជំនាញការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក ជំនាញស្រុកជើងព្រៃ និងជំនាញក្រុងកំពង់ចាម។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផលនៃការចុះត្រួតពិនិត្យ កម្លាំងជំនាញបានត្រួតពិនិត្យរថយន្តចំនួន៦១គ្រឿង ម៉ូតូចំនួន០៦គ្រឿង ធ្វើតេស្តទឹកម៉ូតសរុប៦៧នាក់។ រកឃើញអ្នកជាប់សារធាតុញៀនចំនួន០៦នាក់។

ជនសង្ស័យទី១៖ឈ្មោះ វ៉ន វុន អាយុ១៧ឆ្នាំ ជាតិខ្មែរនៅភូមិបឹងជ្រួយ ឃុំសូទិព្វ ស្រុកជើងព្រៃ, ទី២៖ឈ្មោះ លាង ចាន់សា អាយុ១៩ឆ្នាំ នៅភូមិប្រាំដប់ ឃុំវិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ, ទី៣៖ឈ្មោះ នៅ សុខា អាយុ៣៣ឆ្នាំ នៅភូមិជ្រៃសីម៉ា ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង, ទី៤៖ឈ្មោះ ហ៊ីន ឌីណា អាយុ២៦ឆ្នាំ នៅភូមិទួលវិហារ ឃំុជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ, ទី៥៖ឈ្មោះ ធី ពុទ្ធា អាយុ១៩ឆ្នាំ នៅភូមិល្វា ឃុំខ្នុរដំបង ស្រុកជើងព្រៃ និងទី៦៖ឈ្មោះ ដើង ណាឃីន អាយុ២៣ឆ្នាំ នៅភូមិល្វាង ឃុំថ្នល់ដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

យ៉ាងណាមិញ លោកស្នងការបានបញ្ជាក់ថា មុនពេលឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ ធី ពុទ្ធា និងឈ្មោះ ដើង ណាឃីន បានដេញកាប់គ្នាមក ដល់ចំណុចគោលដៅកន្លែងត្រួតពិនិត្យ សមត្ថកិច្ចបានបញ្ជាឲ្យឈប់ តែជនទាំងពីរមិនព្រមឈប់ ហើយក៏ជិះម៉ូតូបំបុកបារ៉ាសរបស់សមត្ថកិច្ច បង្កឲ្យមានរបួសលើសមត្ថកិច្ចឈ្មោះ វរសេនីយ៍ត្រី សេង លីណូ អធិការរងទទួលផែនការងារគ្រឿងញៀនស្រុកជើងព្រៃ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចជំនាញ បានឃាត់រថយន្តរក្សាទុកបណ្តោះអាសន្នចំនួន០៣គ្រឿង និងម៉ូតូចំនួន០៣គ្រឿង នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម៕