(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ, ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកស្រី ម៉ក់ ស៊ីថា រួមជា មួយលោកស្រី ស្រី គឹមឆយ តំណាងរាស្រ្តខេត្តកំពង់ចាម លោកប្រធាន អនុប្រធាន សមាជិកក្រុ​មការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក និងឃុំ ចុះជួយឃុំអូរស្វាយ នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញមកប្រគល់ផ្ទះសប្បុរសធម៌ទី៦ បច្ច័យ និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ជូនលោកយាយ ហ៊ុន ស្រី ដែលមានជន្នាយុ ៨០ឆ្នាំ នៅភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម។

ផ្ទះនេះ ត្រូវបានលោក និងលោកស្រី និងព្រះតេជព្រះគុណ ព្រះមុនីសោភ័ណ ប៊ត តាំងឆេង ព្រះមេគណខេត្តកំពង់ចាម ព្រះសទ្ធម្មញណ គង់ វិច្ឆិកា ព្រះមេគណស្រុកកំពង់សៀម លោក ចាយ បូរិន និងលោកស្រី លោក យឹម លៀង ឯកឧត្តមចាន់ សារុទ្ធ ព្រមជាមួយសហការី ហើយនិងសប្បុរសជនជាច្រើនទៀត បានជួយឧបត្ថម្ភថវិកាចំនួនជាង​៨លានរៀល សម្រាប់ធ្វើការកសាងផ្ទះថ្មីមួយខ្នងនេះ។

លោកយាយ ហ៊ុន ស្រីន បានសម្តែងនូវទឹកចិត្តរំភើបសប្បាយរីករាយឥតឧបមា និងបានថ្លែងអំណរគុណជូនចំពោះលោក លោកស្រី និងសមាជិកក្រុមការងារទាំងអស់ ចំពោះសណ្តានចិត្តមនុស្សធម៌ដ៏ប្រពៃនេះ និងបានជូនពរឲ្យជួបតែពុទ្ធពរ ទាំង៤ ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

លោក ប៊ិន ឡាដា អភិបាលស្រុកបានរាយការណ៍ ជូនអង្គពិធីជ្រាបពីដំណើរការសាងសង់ និងសកម្មភាពការងារសប្បុរសធម៌សំខាន់ៗ មួយចំនួនទៀត ដែលលោកប្រធានក្រុ​មការងារ លោកស្រី និងសហការី បានយកចិត្តទុកដាក់ និងគិតគូដោះស្រាយ ជូនបងប្អូនបានទាន់ពេលវេលា ដូចជាគ្រោះថ្នាក់ចរាចរ រន្ទះបាញ់ ខ្យល់កន្រ្តាក់ ភ្លើងឆេះផ្ទះ ចាស់ជរា ក្មេងកំព្រា ជនពិការ និងស្រ្តីមេមាយទីទាល់ក្រ។

កាយវិការប្រកបដោយសប្បុរសធម៌ដ៏ប្រពៃនេះ និងជាពិសេសស្មារតីទទួល ខុសត្រូវខ្ពស់ក្នុងនាមជាប្រធានក្រុមការងារ ធ្វើឲ្យប្រជាពលរដ្ឋស្រុកកំពង់សៀម រំភើបសប្បាយ រីករាយ ចងចាំ និងប្តេជ្ញាគាំទ្រគណ​បក្សប្រជាជនកម្ពុជា តរៀងទៅ។

មានមតិសំណេះសំណាល ជាមួយបងប្អូនដែលបានអញ្ជើញមកចូលរួមអបអរសាទរនាឱកាសនេះ លោកនិងលោកស្រីតំណាងរាស្ត្រ ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារ ចុះជួយស្រុកកំពង់​សៀម និងស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេច​ពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា មកជូនបងប្អូនឃុំអូរស្វាយ ពិសេសលោកយាយ និងសូមចូលរួមអបអរសាទរលោកយាយផងដែលទទួលបានផ្ទះថ្មី ហើយសម្តេចទាំង៤ បានជូនពរឲ្យលោក យាយ និងបងប្អូនប្រជាពលរដ្ឋយើងជួបតែពុទ្ធពរទាំង៤ ប្រការគ្រប់ៗគ្នា។

ភ្ជាប់ជាមួយសមិទ្ធផលនេះ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ លោក និងសមាជិកក្រុមការងារទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលបានយកចិត្ដទុកដាក់គិតគូពីទុក្ខលំបាក របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងជាពិសេស បានចុះដោះស្រាយបញ្ហាជូនលោកយាយ បានទាន់ពេលវេលា ហើយកាយវិកា​រសប្បុរសធម៌នេះ បានបង្ហាញពីការទទួលខុស ត្រូវខ្ពស់របស់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានចំពោះបញ្ហាជីវភាពប្រចាំថ្ងៃរបស់បងប្អូន។

ភ្ជាប់ទៅនឹងការងារមនុស្សធន៌នេះ លោកបានលើកទឹកចិត្ត និងគាំទ្រគ្រប់សកម្មភាពទាំងអស់ដែលចូល រួមដោះស្រាយទុក្ខលំបាក និងបញ្ហាជីវភាពប្រចាំថ្ងៃ ដើម្បីចូលរួមកែលម្អកម្រិតជីវភាព និងអភិវឌ្ឍមូលដ្ឋានផ្ទាល់ របស់បងប្អូនកាន់តែរីកចម្រើនជាលំដាប់ ក្រោមម្លប់សុខសន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍរបស់ប្រទេសជាតិ ដែលមានសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសំណូមពរឲ្យប្រជាពលរដ្ឋថែរក្សា និងការពារឲ្យបាននូវសុខសន្តិភាពនេះ។

ដើម្បីជួយដោះស្រាយការងារចំបាច់ ជូនប្រជាពលរដ្ឋបន្តទៀត លោកប្រធានក្រុមការងារ បានជូនអភិបាលស្រុកនូវថវិកាចំនួន​៧លានរៀល និងជូនបងប្អូនអញ្ជើញមកចូលរួមចំនួន​១០០​នាក់ ម្នាក់ទទួលបានថវិកា ២ម៉ឺនរៀលផងដែរ៕