(ភ្នំពេញ)៖ ខណៈការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងឈានចូលមកដល់នៅថ្ងៃស្អែកនេះ សិស្សានុសិស្សដែលកំពុងត្រៀមខ្លួនប្រឡងជាច្រើន បានទៅពិនិត្យបញ្ជីឈ្មោះ និងបន្ទប់ប្រឡងរបស់ខ្លួននៅតាមណ្ឌលដែលក្រសួងអប់រំ បានកំណត់ទាំង២០២មណ្ឌល។

ក្នុងមណ្ឌលប្រឡងសិស្សានុសិស្សមួយចំនួនមានភាពសប្បាយរីរាយជឿជាក់លើសមត្ថភាពខ្លួនឯង រីឯសិស្សានុសិស្សមួយចំនួនទៀត ក៏មានការព្រួយបារម្ភ ខ្លះភ័យអរ ហាក់ស្ទាក់ស្ទើលើសមត្ថភាពរបស់ខ្លួននៅឡើយ។ មិនតែប៉ុណ្ណោះក្រៅពីមានវត្តមានបេក្ខភាពដែលត្រូវប្រឡងនៅថ្ងៃស្អែកនេះ ក៏មានវត្តមានអាណាព្យាបាលមួយចំនួនបាននាំកូនមកពីនិត្យបញ្ជីឈ្មោះដោយផ្ទាល់ទៀតផង។

ជាមួយការពិនិត្យបញ្ជីឈ្មោះ បន្ទប់ប្រឡង ក៏មានសិស្សានុសិស្សមួយចំនួន បានយកទាន ធូប ចេក និងផ្កា យកទៅថ្វាយព្រះ និងបន់ស្រន់នៅតាមមណ្ឌលប្រឡង ក៏ដូចជាទីកន្លែងសក្ការបូជាស័ក្តិសិទ្ធិផ្សេងៗទៀតយ៉ាងច្រើនកុះករ។

គួរបញ្ជាក់ផងដែរថា ការប្រសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅក្នុងឆ្នាំសិក្សា២០១៨-២០១៩ នេះ នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែសីហា ដែលមានមណ្ឌលប្រឡងសរុបចំនួន ២០២មណ្ឌល និងបែកចែកជា២ថ្នាក់ គឺថ្នាក់វិទ្យាសាស្រ្ត និងថ្នាក់វិទ្យាសាស្រ្តសង្គម។

ថ្នាក់វិទ្យាសាស្រ្តមានចំនួន ៧៥មណ្ឌល មានបេក្ខជនសរុបចំនួន ៤៤,៦៨៣នាក់ ស្រីចំនួន ២៥,២៨៥៦ និងមានបន្ទប់ប្រឡងសរុបចំនួន ១,៨១០បន្ទប់។ ថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន ១២៧មណ្ឌល មានបន្ទប់ប្រឡងចំនួន៤,៧២៥បន្ទប់ និងមានបេក្ខជនសរុបចំនួន ១១៧,០២៤នាក់ ស្រីចំនួន ៦០,៤២១នាក់៕