(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៩​នេះ សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី បានបោះឆ្នោតជ្រើសរើសប្រធានអាណត្តិទី​២ លើកទី​២ នៅមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម ដោយមានការចូលរួមត្រួតពិនិត្យពី​លោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​។

លោក វ៉េង សុធី បានឲ្យដឹងថា សមាជិកសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគីរី មានសរុប​១៥​រូប សមាជិកត្រូវផុតអាណត្តិទី​២ លើកទី១ ឆ្នាំ​២០១៨ មាន​៤​រូប សមាជិកសភាពាណិជ្ជកម្ម ត្រូវបន្តអាណត្តិទី​២ លើកទី​២ ឆ្នាំ​២០២១ មាន​១១​រូប និងសមាជិក​សភាពាណិជ្ជកម្ម​លាឈប់ចំនួន​៣​រូប ដូច្នេះសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី អាណត្តិទី​២ លើកទី​២ ត្រូវបោះឆ្នោតជ្រើសរើស សមាជិកសរុបចំនួន​៧​រូប ដែលប្រព្រឹត្តទៅថ្ងៃនេះ និងសរុបលទ្ធផលនៅ​វេលាម៉ោង៣​រសៀល ថ្ងៃដដែលនេះ​។

លោករដ្ឋលេខាធិការ បានឲ្យដឹងទៀតថា សរុបអ្នកចូលរួមបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តកំពង់ចាម-មណ្ឌលគីរី នៅក្នុងថ្ងៃនេះ មានចំនួនសរុប​៣០៩នាក់ ក្នុងនោះមានបេក្ខជនឈរឈ្មោះ បោះឆ្នោតចំនួន ៨ រូបផងដែរ។

លោក វ៉េង សុធី បានឲ្យដឹងទៀតថា តួនាទីសភាពាណិជ្ជកម្មគឺធ្វើការទំនាក់ ទំនងជាមួយនឹងប្រភពសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស ដើម្បីស្រង់យកព័ត៌មាន ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍន៍សហគ្រាសជាតិ បង្កើនប្រសិទ្ធភាព សហគ្រាសទាំង ឡាយដើម្បីជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្មក សិកម្ម សិប្បកម្ម សេវាកម្ម និងសេដ្ឋកិច្ចទូទៅដូចជាការរៀបចំផ្សព្វផ្សាយនូវស្ថិតិពាណិជ្ជកម្ម និងសេដ្ឋកិច្ចការស្រាវជ្រាវ ពិចារណាលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មការលើកតម្កើនផ្នែកទេសចរណ៍​។

ជាមួយគ្នានេះ សភាពាណិជ្ជកម្ម ក៏បានផ្ដល់ជូនរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត-ក្រុង នូវយោបល់ព័ត៌មានទាំងឡាយ ស្តីពីបញ្ហាពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម សេវាកម្ម​ផងដែរ៕