(រតនគិរី)៖ អំណោយជាគ្រឿងឧបភោគបរិភោគ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តស្វាយរៀង រួមមានអង្ករចំនួន១០តោន, ទឹកស៊ីអ៊ីវ១២៥កេះធំ, មីយើង៨៤កេះធំ, ត្រីខ៥០កេះធំ និងមុងចំនួន៣០០ ត្រូវបាននាំយកមកប្រគល់ ជូនសាខាកាកបាទក្រហមខេត្តរតនគិរី ដើម្បីសាខាយកទៅចែកជូនប្រជាពលរដ្ឋ នៅស្រុកកូនមុំ និងស្រុកលំផាត់ ដែលទទួលរងគ្រោះដោយទឹកជំនន់ កាលពីកន្លងទៅថ្មីៗនេះ។

ពិធីប្រគល់អំណោយសប្បុរសធម៌ ប្រារព្ធនៅសាលាខេត្តរតនគិរី នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ រវាងលោកស្រី ទ្រី ដាណា តំណាងលោក ឌី វិជ្ជា ប្រធាន ស.ស.យ.ក កម្ពុជា ខេត្តស្វាយរៀង និងលោក ថង សាវុន អភិបាលខេត្ត និងជាប្រធានគណៈកម្មាការ សាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ក៏ដូចជាជំនួសមុខឲ្យប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ក្នុងស្រុកលំផាត់ និងស្រុកកូនមុំ។

ក្នុងឱកាសនេះដែរ លោក ថង សាវុន ក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះសប្បុរសជននានា ដែលអំឡុងពេលដែលស្រុកទាំង២ រងគ្រោះដោយទឹកជំនន់ បានបរិច្ចាកធនធានផ្ទាល់ខ្លួន ជូនដល់សាខាកាកបាទក្រហមខេត្តរតនគិរី ជាបន្តបន្ទាប់ដើម្បីរួមចំណែក ជួយដល់ប្រជាពលរដ្ឋរងគ្រោះទាំង២ស្រុក។

ជាក់ស្តែងថ្ងៃនេះ លោក ឌី វិជ្ជា ប្រធាន ស.ស.យ.ក ខេត្តស្វាយរៀង បានចាត់តំណាងនាំយកអំណោយគ្រឿងឧបភោគបរិភោគ មកផ្តល់ជូនដើម្បីពួកគាត់នៅស្រុកទាំង២នេះ។

លោក ថង សាវុន បន្តថាកាយវិការប្រកបដោយមនុស្សធម៌ ពិតជាបង្ហាញនូវសិល្បៈ ក្នុងការចែករំលែករបស់ប្រជាជនកម្ពុជាយើង ជួយគ្នាក្នុងគ្រាលំបាកហើយ លោកអភិបាលខេត្តសន្យាថា អំណោយមនុស្សទាំងអស់នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តរនគិរី នឹងនាំយកទៅចែកជូនដល់ដៃជនរងគ្រោះពិតប្រាកដ៕