(ភ្នំពេញ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹកទៅដល់បេក្ខជន និងមន្ត្រីគ្រប់គ្រងការប្រឡងត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិទាំងឡាយដែលក្រសួងបានកំណត់ធ្វើយ៉ាងណាឱ្យការប្រឡងប្រព្រឹត្តទៅដោយជោគជ័យ និងត្រឹមត្រូវ។

លោក ហង់ ជួនណារ៉ុន នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩នេះ ពោលមួយថ្ងៃមុនការប្រឡងបាក់ឌុប បានចេញវីដេអូឃ្លីបមួយអំពាវនាវទៅកាន់បេក្ខជនប្រឡងឱ្យទៅពិនិត្យលេខតុ លេខបន្ទប់នៅតាមមណ្ឌលប្រឡងនានា ហើយក៏បានអំពាវនាវឱ្យពួកគេប្រកាន់ខ្ជាប់នូវបញ្ញត្តិដែលក្រសួងបានកំណត់។ ក្នុងវីដេអូដែលមានរយៈពេលជាង ២នាទីនោះ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវទៅកាន់បុគ្គលិកអប់រំដែលគ្រប់គ្រងការប្រឡងត្រូវអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួនឱ្យបានល្អប្រសើរសម្រេចឱ្យបានជោគជ័យនូវការប្រឡងនេះ។

លោករដ្ឋមន្ត្រីបានអំពាវនាវយ៉ាងដូច្នេះ «សូមឲ្យប្អូនៗទាំងអស់គ្នា គោរពទៅតាមបទប្បញ្ញត្ដិរបស់ក្រសួង។ ចំណែកលោកគ្រូ អ្នកគ្រូ ដែលជាបុគ្គលិកអប់រំ គ្រប់លំដាប់ថ្នាក់ ប្រធានមណ្ឌល អនុគណៈកម្មាធិការផ្សេងៗ ជាពិសេសសូមឲ្យអប្បមាទទាំងអស់ និងជំនួយការអប្បមាទទាំងអស់ និងអនុរក្សទាំងអស់ បំពេញការងារទៅតាមកម្រងភារកិច្ចរៀងៗខ្លួន ដើម្បីធានាឲ្យបានថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដំណើរការទៅដោយរលូនប្រកបដោយជោគជ័យ ហើយនិងឲ្យយើងអាចរក្សាបាន នូវសមទ្ធិផលដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបានក្នុងរយៈពេល៥ឆ្នាំនេះ»

លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ក៏បានជូនពរឱ្យបេក្ខជនដែលត្រូវប្រឡងនៅថ្ងៃស្អែកទាំងអស់ឱ្យទទួលបាននូវជោគជ័យគ្រប់ៗគ្នា។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩នេះ មានមណ្ឌលប្រឡងសរុប ២០២មណ្ឌល ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល មាន ៤,៧២៥បន្ទប់។

មានបេក្ខជនប្រឡងសរុបចំនួន ១១៧,០២៤នាក់ ស្រី ៦០,៤២១នាក់។ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ មានចំនួន៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ មាន១,៨១០បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន៧២,៣៤១នាក់ ស្រី៣៥,១៣៦ នាក់ មាន ២,៩១៥បន្ទប់។

បុគ្គលិកអប់រំដែលគ្រប់គ្រងការប្រឡងនៅថ្ងៃស្អែកនេះមានចំនួនសរុប ១៧,៤៣០នាក់ អប្បមាទ ៦០៦នាក់ ជំនួយការអប្បមាទ (គរុនិសិ្សត) ២,៤០៥នាក់ អនុរក្ស ១០,៦៣១នាក់ ប្រធានមណ្ឌល២០២ គណៈកម្មការត្រួតពិនិត្យតាមអគារ១,១៨១នាក់ និងគណៈកម្មការកណ្តាល ២,៤០៥នាក់៕