(កំពង់ចាម)៖ ឆ្លងកាត់ការរៀបចំបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ចាម-មណ្ឌលគីរី ធ្វើឡើងនៅមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម ចាប់ផ្ដើមពីម៉ោង៨ព្រឹក ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៩ រហូតដល់ម៉ោង ៤ រសៀលថ្ងៃដដែលនេះ ជាលទ្ធផលលោកឧកញ៉ា ហួត ឈឿន ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ ចាម-មណ្ឌលគិរី ។

លោកឧកញ៉ា ហួត ឈឿន បានប្ដេជ្ញាចិត្តបន្ទាប់ពីជាប់ឆ្នោតជា ប្រធានសភាពាណិជ្ជកម្ម មណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរីថា លោក និងពង្រឹងសាមគ្គីភាពផ្ទៃក្នុង របស់សភាពាណិជ្ជកម្ម ពង្រឹងនិងអភិវឌ្ឍធនធានមនុស្ស ជំរុញឲ្យមានការបង្កើតក្រុមប្រឹក្សាភិបាលដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម ជំរុញនិងលើកស្ទួយឲ្យមានការអភិវឌ្ឍលើវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍និងអភិវឌ្ឍន៍ជនបទ បង្កើតកិច្ចសហប្រតិបត្តិការ ទាំងក្នុងនិងក្រៅប្រទេស សំដៅទៅលើទីផ្សារកសិផល បន្តយន្តការគាំទ្រនិងចូលរួមជាមួយរដ្ឋាភិបាល ក្នុងការអភិវឌ្ឍនៅឧស្សាហកម្មក សិកម្ម សហគ្រាសធុនតូច និងមធ្យមឲ្យកាន់តែរីកចម្រើន ជំរុញឲ្យមានការបង្កើតមីក្រូហិរញ្ញវត្ថុខ្នាតតូច និងមធ្យមជួយដល់អាជីវករ និងកសិករខ្នាតមធ្យមនិងតូច ។

ជាមួយគ្នានោះ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក វ៉េង សុធី បានថ្លែងផ្ដាំផ្ញើ ដល់ប្រធានក្រុមហ៊ុនសមាជិកទាំងអស់ របស់សភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ធ្វើយ៉ាងណាចេះសហការសាមគ្គីគ្នា ដើម្បីធ្វើឲ្យមានការរីកចម្រើន ដំណើរការល្អ នៅក្នុងកិច្ចការពាណិជ្ជកម្មនេះផងដែរ៕