(ស្វាយរៀង)៖ បច្ចុប្បន្ននេះ ការងារមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ត្រូវបានប្រជាពលរដ្ឋសាទរយ៉ាងក្រៃលែង បន្ទាប់ពីបានចុះទៅពិនិត្យ-ព្យាបាល និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃ រហូតមកទល់នឹងពេលនេះ បានចុះពិនិត្យជំងឺជូនពលរដ្ឋនៅ១៩រាជធានី-ខេត្ត ក៏បានរួមចំណែកមួយផ្នែកផងដែរ សម្រាប់វិស័យសុខាភិបាលនៅកម្ពុជា។

ស្របពេលនឹងការចុះពិនិត្យ និងព្យាបាលរបស់ក្រុមគ្រូពេទ្យជំនាញៗ បានធ្វើឲ្យប្រជាពលរដ្ឋ នៅតាមបណ្តារាជធានីខេត្ត ជាពិសេសបងប្អូនប្រជាពលរដ្ឋ នៅតាមតំបន់ដាច់ស្រយាល បានទទួលអត្ថប្រយោជន៍យ៉ាងច្រើន ពីក្រុមការងារមនុស្សធម៌មួយនេះ ដោយក្នុងនោះបានធ្វើឲ្យពួកគាត់ចំណេញពេលវេលាច្រើន ក្នុងការពិនិត្យ ជាពិសេសក្រុមការងារបានមកពិនិត្យដល់ជណ្តើរផ្ទះរបស់គាត់ និងថែមទាំងបានជួបវេជ្ជបណ្ឌិតជំនាញៗ ឯកទេសទៅតាមជំងឺផ្សេងៗគ្នាផងដែរ។ ម្យ៉ាងវិញទៀត បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋចំណេញថវិកាច្រើន ដោយមិនចាំបាច់បង់ថ្លៃ ហើយថែមទាំងបានទទួលអំណោយជាថ្នាំពេទ្យទៀតផង។

តំណាងរាស្ត្រវ័យក្មេងមណ្ឌលកំពង់ស្ពឺ លោក ហ៊ុន ម៉ានី ត្រូវបានប្រជាពលរដ្ឋនៅតាមខេត្តបណ្តារាជធានី និងខេត្ត ថ្លែងកោតសរសើរ ពីទឹកចិត្តសប្បុរសធម៌ ដែលបានបញ្ជូនក្រុមការងាររបស់លោកចុះទៅពិនិត្យ-ព្យាបាល រួមនិងចែកថ្នាំពេទ្យដោយមិនគិតថ្លៃ ហើយបើគិតត្រឹមពេលសព្វថ្ងៃនេះ លោក ហ៊ុន ម៉ានី បានបង្កើតក្រុមការងាររបស់ខ្លួនមានរយៈពេល៨ឆ្នាំមកហើយ ក្នុងនោះមានក្រុមការងារគ្រូពេទ្យស្ម័គចិត្ត ដែលមិនខ្លាចភាពនឿយហត់ មានរហូតដល់៤,២៧៥នាក់។

សូមជម្រាបជូនថា ជំងឺដែលបានព្យាបាលជូនប្រជាពលរដ្ឋរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយ:ខ្យល់ដង្ហើម ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ព្យាបាលរបួស វាស់ចង្វាក់បេះដូង ផ្នែកប្រព័ន្ធប្រសាទនិងបំបាត់ការឈឺចុកចាប់ មន្ទីរពិសោធន៍(វិភាគឈាម)...។ល។

ដោយឡែកនាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះ ក្រុមគ្រូពេទ្យស្ម័គចិត្ត លោក ហ៊ុ ន ម៉ានី ដែលដឹកនាំដោយ លោក លេង ផាលី ប្រធានគ្រូពេទ្យស្ម័គចិត្តលោក ហ៊ុន ម៉ានី បានដឹកនាំកក្រុមគ្រូពេទ្យចំនួន៥០២នាក់ ទៅបន្តចុះពិនិត្យ-ព្យបាលជូនប្រជាពលរដ្ឋចំនួន៥,២៩៨នាក់ នៅភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង នៅក្នុងសាលាបឋមសិក្សាគគីសោម។ នាឱកាសនោះក៏មានការចូលរួមពី លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង តាមរយៈលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង។

ពលរដ្ឋម្នាក់ក្នុងចំនោមប្រជាពលរដ្ឋជាង៥ពាន់នាក់ បានឲ្យដឹងថា រូបគាត់ពិតជាមានភាពសប្បាយរីករាយជាខ្លាំង ខណៈដែលបានឃើញក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានអញ្ជើញចុះមកពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋជាច្រើននាក់ ក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង។ ការដែលក្រុមគ្រូពេទ្យចុះមកពិនិត្យនេះ បានធ្វើឲ្យរូបគាត់ចំណេញច្រើនណាស់ ជាពិសេសបានជួបវេជ្ជបណ្ឌិត ដែលមានជំនាញច្បាស់លាស់ និងម្យ៉ាងវិញទៀតនោះ គឺមិនអស់ប្រាក់កាកទៀតផង។

លោក លេង ផាលី ប្រធានក្រុមគ្រូពេទ្យស្ម័គចិត្ត លោក ហ៊ុន ម៉ានី បានលើកឡើងថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គលជូនគ្រួសារ និងសង្គមជាតិ។

លោកបន្ថែមថា ក្នុងរយៈពេលចាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១២ ដល់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ ឈានចូលឆ្នាំទី៨ គិតចាប់ពីថ្ងៃបង្កើតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋបានចំនួន ១៩៤លើកហើយ ដោយមានក្រុមការងារគ្រូពេទ្យចូលរួមចំនួន៤,២៧៥នាក់់ (បួនពាន់ពីរយចិបសិបប្រាំនាក់) ហើយបានពិនិត្យ និងព្យាបាលព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបានចំនួន៤៦០,១៨៧នាក់ (សែសិបប្រាំមួយម៉ឺនសូន្យពាន់មួយរយប៉ែតសិបប្រាំពីរនាក់) ក្នុងនោះស្ត្រីមានចំនួន៣១០,៤៨១នាក់ (សាមសិបមួយម៉ឺនសូន្យពាន់បួនរយប៉ែតសិបមួយនាក់) ក្នុង១៩រាជធានីខេត្ត។

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារ៣១២នាក់, ជំងឺស្រ្តី២០៤នាក់, ជំងឺផ្លូវចិត្ត២៣៧នាក់, ជំងឺឫសដូងបាត២៣៦នាក់, ជំងឺសន្លាក់ឆ្អឹង១៩៦នាក់, ជំងឺរលាកសួត៨៧នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក១៣២នាក់, ជំងឺភ្នែក១៩៧នាក់, ជំងឺសើរស្បែក៨៧នាក់, ជំងឺទឹកនោមផ្អែ២៣៧នាក់, ជំងឺមាត់ធ្មេញ១៩៧នាក់, អេកូសាស្ត្រ៣៦១នាក់, វាស់ចង្វាក់បេះដូង២០៣នាក់, ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយៈខ្យល់ដង្ហើម១៩៦នាក់ ព្យាបាលរបួសនិងវះកាត់តូច១៧៤នាក់ វិភាគឈាមនិងបន្ទប់ពិសោធន៍៣៤១នាក់ និងរួមនឹងជំងឺទូទៅចំនួន៣,២០១នាក់។

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ក៏បានបញ្ជាក់ដែលថា «ការថែទាំសុខភាពរបស់ប្រជាជនជាកត្តាសំខាន់សម្រាប់សង្គមកម្ពុជា ក៏ព្រោះតែប្រជាជនគឺជាធនធានមនុស្ស បើកាលណាប្រជាជនរបស់យើង មានសុខភាពមិនល្អធ្វើឲ្យធនធានមនុស្សមានការចុះខ្សោយផងដែរ»