(ត្រាត, ប្រទេសថៃ)៖ ក្រុមការងារបច្ចេកក្នុងវិស័យទេសចរណ៍ នៃក្រសួងទេសចរណ៍កម្ពុជា និងថៃ បានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយគ្នា លើផែនការសកម្មភាពរួម ឆ្នាំ២០១៩-២០២១ ដោយផ្ដោតសំខាន់លើកិច្ចការចំនួន៦ចំណុច សំដៅជំរុញកំណើនទេសចរឱ្យកាន់តែមានការកើនឡើងថែមទៀត។

ការឯកភាពគ្នានេះ ត្រូវបានធ្វើឡើងកិច្ចប្រជុំក្រុមការងារបច្ចេកទេសទេសចរណ៍កម្ពុជា-ថៃ លើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ចាប់ពីថ្ងៃទី១៧-១៩ ខែសីហា ឆ្នាំ២០១៩ នៅកោះឆាង ខេត្តត្រាត ប្រទេសថៃ។ ភាគីកម្ពុជាដឹកនាំដោយលោក ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍។

លោក ថោង រដ្ឋសក្តិ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា ភាគីកម្ពុជា-ថៃបានពិនិត្យ និងអបអរសាទរចំពោះលទ្ធផល ដែលបានសម្រេចអនុវត្តតាមផែនការសកម្មភាពធំៗមួយចំនួន ដែលជាស្មារតីនៃកិច្ចប្រជុំក្រុមការងារបច្ចេកទេសទេសចរណ៍កម្ពុជា-ថៃ លើកទី៤ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃ លើកទី២ កាលពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០១៨ នៅអគារឡឺបូកគោផាលេស ខេត្តកំពត កន្លងមក។

លោកអគ្គនាយកបានបន្តថា ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសទេសចរណ៍កម្ពុជា-ថៃ លើកទី៥នេះ ភាគីទាំងពីរបានឯកភាពអនុវត្តបន្តកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយគ្នា លើផែនការសកម្មភាពរួម ឆ្នាំ២០១៩-២០២១ ដោយផ្ដោតសំខាន់លើកិច្ចការ ៦ចំណុច៖

១៖ ជំរុញលំហូរទេសចរទៅវិញទៅមក ទាំងទេសចរកម្ពុជា និងទេសចរថៃ ព្រមទាំងទេសចរមកពីប្រទេសទីបី ឱ្យមកទស្សនាប្រទេសទាំងពីរ ជាមួយនឹងការអនុវត្តការងារពាក់ព័ន្ធមួយចំនួនទៀត រួមមាន៖ ការសម្រួលការធ្វើដំណើរ ការបំពេញបែបបទអន្តោប្រវេសន៍ ការដឹកជញ្ជូនទេសចរតាមច្រកព្រំដែន សម្បទា និងហេដ្ឋារចនាសម្ព័ន្ធនៅតាមច្រកព្រំដែន ការពិភាក្សាអំពីដំណើរការនៃការអនុវត្តរួម ACMECS Single VISA។

២៖ ការសិក្សាទីផ្សារ និងការផ្សព្វផ្សាយទេសចរណ៍រួមគ្នា «ព្រះរាជាណាចក្រពីរ គោលដៅទេសចរណ៍មួយ»៖ ដើម្បីអនុវត្តការងារនេះទៅបាន ភាគីទាំងពីរត្រូវធ្វើការងារពាក់ព័ន្ធមួយចំនួនទៀត រួមមាន ការផលិតវីដេអូរផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការបង្កើតកញ្ចប់ទេសចរណ៍រួមគ្នា ការរៀបចំដំណើរទស្សនកិច្ចសិក្សាស្វែងយល់របស់អ្នកសារព័ត៌មាន ការរៀបចំតាំងពិព័រណ៍រួមគ្នា ពិនិត្យអំពីលទ្ធភាពនៃការផ្សព្វផ្សាយវីដេអូទេសចរណ៍ និងឯកសារទេសចរណ៍នៅក្នុងយន្តហោះ។

៣៖ ជំរុញការអភិវឌ្ឍវិស័យទេសចណ៍នៅច្រករបៀងទេសចរណ៍ភាគខាងត្បូង ក្នុងនោះរួមមាន៖ ការផ្សព្វផ្សាយទេសចរណ៍បែបព្រះពុទ្ធសាសនា ការបង្កើតក្រុមការងារទេសចរណ៍ទ្វេភាគី ដើម្បីពិនិត្យ តាមដាន និងអភិវឌ្ឍន៍វិស័យទេសចណ៍នៅច្រករបៀងទេសចរណ៍ភាគខាងត្បូង សិក្សាអំពីការរៀបចំកម្មវិធី Caravan Tour លើកដំបូង (កម្ពុជា ថៃ មីយ៉ាន់ម៉ា វៀតណាម) ពង្រឹងធនធានមនុស្សផ្នែកភាសា ផ្តោតលើមគ្គុទ្ទេសក៍ទេសចរណ៍ភាសាថៃ ជំរុញការតភ្ជាប់ជើងហោះហើរត្រង់បន្ថែមទៅវិញទៅមកទៅកាន់ភាគខាងត្បូងប្រទេសថៃ និងខេត្តព្រះសីហនុផងដែរ ជំរុញការធ្វើដំណើរតាមនាវាទេសចរណ៍ តាមទូកល្បឿនលឿន ការរៀបចំសិក្ខាសាលាបណ្តុះបណ្តាលមន្ត្រីទេសចរណ៍នៅតាមព្រំដែន។

៤៖ អភិវឌ្ឍធនធានមនុស្សទេសចរណ៍ បណ្ដុះបណ្ដាលមន្ត្រីទេសចរណ៍តាមបណ្តាខេត្តជាប់ព្រំដែន លើជំនាញទេសចរណ៍ គ្រប់គ្រងគោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងបដិសណ្ឋារកិច្ច បន្តតាមដានការអនុវត្តអនុស្សរណៈជាមួយក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យ រាចាម៉ាន់ហ្កាឡា ថាន់យ៉ាបុរី។

៥៖ គាំទ្រគ្នាក្នុងការជំរុញការវិនិយោគលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ពិភាក្សាអំពីសក្តានុពល ដើម្បីវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៃការធ្វើដំណើរផ្លូវទឹក ស្វែងរកវិនិយោគិន ដើម្បីវិនិយោគនៅតាមឆ្នេរកម្ពុជា-ថៃ រៀបចំវេទិកាវិនិយោគទេសចរណ៍ទី២ ចាប់ពីថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០១៩ នៅកម្ពុជា ការអញ្ជើញភាគីថៃចូលរួមក្នុងបុណ្យទន្លេ សន្និសីទអន្តរជាតិស្តីពីទេសចរណ៍ម្ហូបអាហារ និងព្រឹត្តិការណ៍ទេសចរណ៍នានានៅកម្ពុជា។

៦៖ បញ្ជូលនូវសកម្មភាពថ្មីៗក្នុងផែនការសកម្មភាពរួម (Join Action Plan) ត្រៀមដាក់ជូនរដ្ឋមន្ត្រីទេសចរណ៍ប្រទេសទាំងពីរអនុម័ត សម្រាប់ក្រុមការងារអនុវត្តនៅថ្ងៃអនាគត។

សូមជម្រាបថា ឆ្នាំ២០១៨ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៦.២លាននាក់ កើនឡើង ១០.៧% ក្នុងនោះទេសចរថៃមានចំនួន ៣៨២,៣១៧នាក់។ ដោយឡែក ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៩ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួនជាង ៣លាននាក់ កើនឡើង ១១% ក្នុងនោះទេសចរថៃមានចំនួន ១៧៤,២៤១នាក់ កើនឡើង ៩%៕