(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានសហការជាមួយអង្គការទេសចរណ៍ពិភពលោក (UNWTO) រៀបចំសន្និសីទអន្តរជាតិលើកទី១ ស្តីពីទេសចរណ៍ម្ហូបអាហារកម្ពុជា (The First International Conference on Cambodia Gastronomy and Food Tourism) នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ ដែលជាព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារអន្តរជាតិ ដ៏ធំលើកដំបូងនៅកម្ពុជា។

បើតាមក្រសួងទេសចរណ៍ ការរៀបចំសន្និសីទអន្តរជាតិលើកទី១នេះ គឺធ្វើឡើងដើម្បីលើកកម្ពស់គុណតម្លៃប្រពៃណី និងបេតិកភណ្ឌ សម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព មានគោលដៅ ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ម្ហូបអាហារ និងផលិតផលខ្មែរ ឱ្យក្លាយជាផលិតផលទេសចរណ៍ ប្រកបដោយភាពទាក់ទាញថែមទៀត ជាពិសេសដើម្បីចូលរួមលើកកម្ពស់ម្ហូបអាហារ និងផលិតផលខ្មែរ ដែលបង្ហាញពីវប្បធម៌ និងអត្តសញ្ញាណជាតិ ទៅកាន់ពិភពលោកឲ្យបានទូលំទូលាយ ស្របតាមបរិបទអាស៊ាន និងពិភពលោក ក៏ដូចជាស្របតាមការដាក់ចុះយុទ្ធនាការ «នំបញ្ចុកសន្តិភាព» ដោយសម្តេចតេជោ ហ៊ុន សែន។

សន្និសីទអន្តរជាតិនេះ ក៏នឹងមានការចូលរួមពីវាគ្មិនជាតិ-អន្តរជាតិ តំណាងអង្គការទេសចរណ៍ពិភពលោក (UNWTO) ប្រទេសសមាជិកអាស៊ាន ព្រមទាំងមានការចូលរួមពីស្ថាប័នរដ្ឋ ឯកជន សិស្ស និស្សិត និងមានការតាំងបង្ហាញផលិតផលខ្មែរមកពីបណ្តារាជធានី-ខេត្តនានាផងដែរ។

ជាមួយគ្នានោះ ក្រសួងទេសចរណ៍ ក៏បានអញ្ជើញប្រតិបត្តិករទេសចរណ៍ ដៃគូអភិវឌ្ឍន៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ ផ្នែករដ្ឋ ឯកជន និងស្ថានប័នពាក់ព័ន្ធនានា សហការចូលរួមក្នុងព្រឹត្តិការណ៍នេះឲ្យបានឱឡារិក៕