(ភ្នំពេញ)៖ ក្រុមហ៊ុន សីហា ផាវវើរិច ខេមបូឌា ដែលជាក្រុមហ៊ុននាំចូលជីកសិកម្មពីប្រទេសថៃ មកចែកចាយនៅកម្ពុជា ដោយសហការជាមួយក្រុមហ៊ុន PSK របស់ប្រទេសថៃ ប្រកបដោយភាពស្របច្បាប់ បានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមជាមួយប្រជាកសិករ ផ្ដល់សេវាកម្មក្នុងការអភិវឌ្ឍន៍ វិស័យកសិកម្មនៅកម្ពុជាឲ្យកាន់តែល្អ ប្រសើរ។ នេះបើតាមលោក ដាំ សីហា អគ្គនាយកក្រុមហ៊ុន សីហា ផាវវើរិច ខេមបូឌា។

ការបញ្ជាក់របស់លោក ដាំ សីហា ធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី ផលិតផលកសិកម្ម និងឱកាសអាជីវកម្ម នាល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩ នៅអគារ The Premier Centre Sen Sok ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមការរៀបចំរបស់ក្រុមហ៊ុន សីហា ផាវវើរិច ខេមបូឌា និងមានការចូលរួមពីលោក ឡី សុភាព ប្រធាននាយកប្រតិបត្តិ នៃសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមអ្នកទីផ្សារបណ្ដាញកម្ពុជា។

លោក ដាំ សីហា ថ្លែងឲ្យដឹងថា គោលបំណងធំក្នុងការនាំចូលជីកសិកម្មពីប្រទេសថៃ មកចែកចាយនៅកម្ពុជា ដើម្បីឲ្យប្រជាជនកម្ពុជាមានឱកាសបានប្រើប្រាស់ជី ដែលជាផលិតផលធម្មជាតិសុទ្ធសម្រាប់កសិកម្មព្រោះ ប្រទេសកម្ពុជាជាប្រទេសកសិកម្ម និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ ឲ្យប្រជាកសិករមានជីវភាពធូធារ។

លោកបន្ដថា មួយវិញទៀតចង់ឃើញប្រជាកសិករ បានប្រើប្រាស់ផលិតផលល្អ និងមានឱកាសនាំចេញកសិផលទៅក្រៅប្រទេស ដែលរួចផុតពីសារធាតុពុលផ្សេងៗ និងចង់ឲ្យប្រជាកសិករមានជីវភាពធូធារផងដែរ។

លោក ដាំ សីហា បានឲ្យដឹងថា ក្រុមហ៊ុន សីហា ផាវវើរិច ខេមបូឌា ជាក្រុមហ៊ុននាំចូលជីកសិកម្មពី ប្រទេសថៃមកចែកចាយនៅកម្ពុជា ដោយសហការជាមួយក្រុមហ៊ុន PSK របស់ប្រទេសថៃ ប្រកបដោយភាពស្របច្បាប់។ មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានដំណើរការ ការនាំចូលជីកសិកម្មនេះ មានរយៈពេលមួយឆ្នាំមកហើយ។

លោក ឡី សុភាព បានប្រកាសប្ដេជ្ញាគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ឱ្យកាន់តែមានភាពទំនើប និងទទួលបានទិន្នផលខ្ពស់ ព្រមទាំងកំពុងសហការជាមួយក្រសួងកសិកម្ម ស្វែងរកទីផ្សារលក់កសិផលបន្ថែមជូនកសិករ។

លោក ឡី សុភាព បានលើកឡើងថា នេះជាការមួយដ៏ល្អ និងសំខាន់ខ្លាំងណាស់ ដែលក្រុមហ៊ុនកម្ពុជា-ថៃទាំងពីរនេះ បានចាប់ដៃគ្នាជំរុញការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពទំនើប តាមរយៈការនាំចូលជីកសិកម្មដែលមានលក្ខណៈធម្មជាតិ ជួយស្រោចស្រង់ឱ្យដីស្រែចម្ការរបស់កសិករខ្មែរទទួលបានទិន្នផលខ្ពស់ ប្រកបដោយសុវត្ថិភាព (ក្នុងផលដំណាំ)។

លោកបញ្ជាក់ថា «នេះក៏ជាចាប់ផ្ដើមមួយសម្រាប់វិស័យឯកជន ក្នុងការបង្ហាញពីការគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងកសិកម្ម ដែលមានចក្ខុវិស័យអភិវឌ្ឍន៍វិស័យកសិកម្មនេះ ឱ្យកាន់តែមានភាពជឿនលឿនដូចនៅបណ្ដាប្រទេសមួយចំនួន»

លោក ឡី សុភាព បានបន្តថា ទោះបីបច្ចុប្បន្នការចូលរួមនេះ នៅមានកម្រិតនៅឡើយក្ដី ប៉ុន្តែលោកផ្ទាល់ សមាគមរបស់លោកទាំងប៉ុន្មានដែលពាក់ព័ន្ធក្នុងវិស័យនេះ ព្រមទាំងក្រុមហ៊ុនឯកជន ដែលជាដៃគូរបស់សមាគមលោក នៅតែប្ដេជ្ញាបន្តចូលរួមឱ្យបានផុសផុលជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីជួយជំរុញឱ្យជីវភាពរបស់ប្រជាកសិករខ្មែរកាន់តែមានភាពធូរធា និងកាត់បន្ថយនូវការប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកបរិភោគជាដើម៕