(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៩ ខែសីហានេះថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៩ ខែសីហានេះ បានដំណើរការល្អ និងដោយរលូន ហើយមិនមានបាតុភាព មិនមានភាពខុសប្រក្រតីធំដុំកើតឡើង គួរឲ្យកត់សម្គាល់ឡើយ។

លោកបន្តថា បេក្ខជនប្រឡងគោរពតាមបទប្បញ្ញាត្តិ ដែលក្រសួងបានដាក់ចេញ មន្ដ្រីអប់រំគ្រប់លំដាប់ថ្នាក់ អនុវត្តការងារប្រកបរដោយការទទួលខុសត្រូវខ្ពស់ និងគោរពតាមកម្រងភារកិច្ច និងសេចក្ដីណែនាំបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា និងដោយមានកិច្ចសហការយ៉ាងជិតសិ្នទ្ធ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រសួងស្ថាប័នពាក់ព័ន្ធ មន្ដ្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា។

ដោយឡែក សម្រាប់អាកាសធាតុ នាថ្ងៃទី១នេះ មានភាពអំណោយផលល្អដល់បេក្ខជន និងដល់ដំណើរការរៀបចំការប្រឡងផងដែរ។

លោក រស់ សុវាចា បញ្ជាក់ទៀតថា នៅតាមមណ្ឌលប្រឡងនីមួយៗ មានភាពស្ងប់ស្ងាត់ របៀបរៀបរយ និងសណ្ដាប់ធ្នាប់ល្អ។ ដំណើរការសំណេរ នៅតាមមណ្ឌលនីមួយៗប្រព្រឹត្ត ទៅបានយ៉ាងល្អ ប្រសើរ ដោយសារមានការបំពេញការងារ ប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេសប្រចាំមណ្ឌល ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌលប្រឡង គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ និងគណៈកម្មការអនុរក្ស។

នៅថ្ងៃទី១នេះ បេក្ខជនថ្នាក់វិទ្យាសាស្ដ្របានប្រឡងមុខវិជ្ជាប្រវត្តិវិទ្យា គីមីវិទ្យា ជីវវិទ្យា និងភាសាបរទេស ចំណែកឯបេក្ខជនថ្នាក់វិទ្យាសាស្ដ្រសង្គម បានប្រឡងមុខវិជ្ជា ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា និងភាសាបរទេស។

លោកបញ្ជាក់ទៀតថា «ជារួមបេក្ខជន បានគោរពបទប្បញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងបានខិតខំប្រឹងប្រែង ធ្វើកិច្ចការទៅតាមសមត្ថភាពរបស់ខ្លួនរៀងៗខ្លួន ដោយមិនយកសំណៅឯកសារ ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិក ចូលក្នុងមណ្ឌលប្រឡងឡើយ ។ ទន្ទឹមនឹងនេះ នៅថ្ងៃទី១នេះ មានបេក្ខជនតែ០១រូបប៉ុណ្ណោះ ដែលបានយកសំណៅឯកសារចូលបន្ទប់ប្រឡង និងមានបេក្ខជនមួយរូបទៀត បានយកទូរសព្ទដៃចូលក្នុងបន្ទប់ប្រឡង។ ដូច្នេះក្រសួងនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវបទប្បញ្ញត្តិ និងកម្រិតវិន័យចំពោះបេក្ខជនទាំងពីររូបនេះ ដោយកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ»។

លោកបន្ថែមថា នៅថ្ងៃទី១នេះ បេក្ខជនប្រឡងសរុបមានចំនួន ១១៧,០៤៣ នាក់ ស្រី៦០៤២៧ នាក់ និងបេក្ខជនអវត្តមានសរុបចំនួន ១៧៤៥នាក់ (១.៤៩%) ស្រី ៦៧៨នាក់។ បេក្ខជនមានបញ្ហាសុខភាពមានចំនួន៤៣ករណី ប៉ុន្តែអាចដំណើរការប្រឡងបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម។ មានតែបេក្ខជន០១រូបប៉ុណ្ណោះដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរដែលមិនអាចបន្តការប្រឡងបាន៕