(សិង្ហបុរី)៖ ធនាគារឯកទេសវីង ដែលជាធនាគារឈានមុខគេ ក្នុងការផ្តល់សេវាធនាគារចល័តនៅកម្ពុជា ទទួលបានពានរង្វាន់និយោជកឆ្នើម៤លើកផ្ទួនៗ ប្រចំាតំបន់អាស៊ី នៅក្នុងកម្មវិធី Asia’s Best Employer Brands 2019 នាពេលថ្មីៗនេះ ដែលរៀបចំឡើងដោយវិទ្យាស្ថាន Employer Branding នៅប្រទេសសិង្ហបុរី។

ពានរង្វាន់នេះ ត្រូវបានទទួលដោយលោក Manu Rajan អគ្គនាយធនាគារឯកទេសវីង និងបុគ្គលិកផ្នែកធនធានមនុស្សរបស់វីង។

លោក Manu Rajan អគ្គនាយធនាគារឯកទេសវីង បានលើកឡើងថា «ការឈ្នះពានរង្វាន់នេះ បង្ហាញថា វីងមិនត្រឹមតែជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏ធំ និងគួរឲ្យទុកចិត្តបំផុត នៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវីង ក៏ជាកន្លែងដ៏ល្អបំផុត សម្រាប់ធ្វើការផងដែរ ដោយផ្តល់នូវកំណើនអាជីព ដែលគ្មានគូប្រៀប និងជាផ្នែកមួយនៃរឿងជោគជ័យមួយ។ ជាកន្លែងដ៏ល្អ សម្រាប់ធ្វើការដើរតួនាទីយ៉ាងសំខាន់ នៅក្នុងចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការផ្តល់ជូនប្រជាជនកម្ពុជា គ្រប់រូបនូវសេវាកម្មហិរញ្ញវត្ថុ ដែលជួយលើកកម្ពស់ជីវភាព ប្រចាំថ្ងៃរបស់ពួកគេ»។

គួរបញ្ជាក់ថា ASIA Best Employer Brand Awards គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលបានចាប់ផ្តើមតំាងពីឆ្នាំ២០១០ អបអរសាទរក្រុមហ៊ុននិយោជក និងអ្នកជំនាញ ដែលត្រូវបានចាត់ទុកថា ជាអ្នកដឹកនាំក្នុងការ បង្កើតនូវបទពិសោធន៍ដ៏ល្អ ដល់បុគ្គលិក ដោយផ្តោតលើការយកចិត្តទុកដាក់ការថែរក្សា និងការទំនាក់ទំនង ដោយមើលទៅលើ ការគ្រប់គ្រងល្អ ការអភិវឌ្ឍ និងការច្នៃប្រឌិត។ ដោយមានការចូលរួម ដោយក្រុមហ៊ុនជាច្រើន និងអ្នកចូលរួមមកពីប្រទេសផ្សេងៗគ្នា នៅក្នុងការប្រកួតលើកទី១០ នៃពានរង្វាន់និយោជកឆ្នើមនេះ៕