(ភ្នំពេញ)៖ ក្រោយពីមានការតវ៉ាពីអាជីវករជាង ១០០នាក់ បិទមហាវិថីសហព័ន្ធរុស្ស៊ី ត្រង់ចំណុចមុខផ្សារសេនជូរីផ្លាហ្សា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រឿងមិនឲ្យក្រុមហ៊ុន រុះរើផ្សារ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ អភិបាលរងរាជធានីភ្នំពេញ២រូប បានចុះមកជួបជាមួយក្រុមអាជីវករ និងបានកំណត់យកថ្ងៃទី២៣ ខែសីហា ដើម្បីធ្វើការដោះស្រាយការតវ៉ានេះ តាមរយៈការជួបជាមួយតំណាងអាជីវករ។

ថ្លែងទៅកាន់ក្រុមអាជីវករ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ដោយមានគោលការណ៍ណែនាំពីអភិបាលរាជធានីភ្នំពេញ យើងសម្រេចយកថ្ងៃសុក្រនេះ ដើម្បីជួបធ្វើការដោះស្រាយជាមួយបងប្អូន ដើម្បីឈានទៅដល់ការបញ្ចប់ការតវ៉ានេះ។

សូមបញ្ជាក់ថា វេលាម៉ោង ១១ព្រឹកមិញនេះ ក្រុមអាជីវករផ្សារសេនជូរីផ្លាហ្សារជាង ១០០នាក់ តំណាងឲ្យជាង ៨០០នាក់ នាំគ្នាធ្វើការតវ៉ារារាំង មិនឲ្យក្រុមហ៊ុនធ្វើការរុះរើផ្សារចាស់ ដើម្បីសាងសង់ផ្សារថ្មីទំនើប ដែលមានកម្ពស់ ៧ជាន់ ដោយពួកគាត់ថា ធ្វើបែបនេះ ក្រុមហ៊ុនទទួលបានប្រយោជន៍ច្រើន ប៉ុន្តែសម្រាប់ពួកគាត់ ត្រូវខាតប្រយោជន៍ទាំងស្រុង និងជួបការលំបាកគ្មានលទ្ធភាព ចូលលក់នៅផ្សារទំនើប និងគ្មានលុយសម្រាប់បង់ធនាគារ។

អាជីវករ បាននិយាយថា ពួកគាត់ជាអ្នកលក់តាមកញ្រ្ចែង អត់មានស្តង់ និងតូបនោះ ដែលងាយនិងរងគ្រោះ ជួបការលំបាកបំផុត ប្រសិនបើក្រុមហ៊ុនរុះរើផ្សារ ដែលកំពុងលក់ដូរ ដោយសុខសាន្តនាពេលនេះ ព្រោះពួកគាត់សុទ្ធ តែខ្ចីលុយធនាគារមករកស៊ី បើរុះរើផ្សារចាស់ចោល សាងសង់ផ្សារទំនើបថ្មីឡើងវិញ ពួកគាត់គ្មានលទ្ធភាព និងចូលលក់ដូរក្នុងផ្សារថ្មីទំនើបនោះទេ។ ដូច្នេះពួកគាត់នឹងបាត់បង់កន្លែងលក់ដូរហើយ ជួបការលំបាកគ្មានលទ្ធភាពរកលុយបង់ធនាគារឡើយ។

អាជីវករដដែលបន្ដថា ដូច្នេះទើបពួកគាត់ធ្វើការតវ៉ា គឺដើម្បីសុំឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយដល់ពួកគាត់ធ្វើយ៉ាងណា សុំឲ្យក្រុមហ៊ុនរក្សាទុកផ្សារចាស់នេះដដែលសិន កុំអាលរុះរើសាងសង់ថ្មីអី ព្រោះពួកគាត់ខ្លះ បានលក់ដូរនៅក្នុងផ្សារស៊ីនជូរីផ្លាហ្សារនេះ ម្នាក់ៗ រយៈពេលជាង ១០ឆ្នាំ និងអ្នកខ្លះទៀតរហូតដល់ទៅជាង ២០ឆ្នាំមកហើយ មិនដែលមានបញ្ហាអ្វីកើតឡើងឡើយ។

អាជីវករខាងលើ បានបន្តថា សព្វថ្ងៃអ្នកលក់ចល័តគ្មានតូប និងស្តង់ដូចជាពួកគាត់ ដែលកំពុងតវ៉ានេះ មានចំនួន ៨០២កន្លែង រីឯអ្នកមានតូបត្រឹមត្រូវមានចំនួន ៣៤១តូប និងអ្នកមានស្តង់ចំនួន ៣២៦ស្តង់ ហើយសរុបការលក់ដូរ បូករួមទាំងអស់ចំនួន១,៤៦៩កន្លែង៕