(ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅព្រឹកថ្ងៃទី២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ចប់ហើយ នៅវេលាម៉ោង១១៖០០នាទី។

បេក្ខជនប្រឡងទាំងអស់ ត្រូវបានអនុញ្ញាតឲ្យសម្រាកដើម្បីទទួលអាហារថ្ងៃត្រង់ ទើបបន្ដការប្រឡងនៅវេលាម៉ោង០២៖០០រសៀល មុនឈានដល់ការបញ្ចប់ទាំងស្រុង នៃដំណើរការប្រឡងបាក់ឌុប ឆ្នាំ២០១៩។

យោងតាមកាលវិភាគ មុខវិទ្យាចុងក្រោយនៅរសៀលនេះ ថ្នាក់វិទ្យាសាស្ដ្រ ប្រឡងគណិតវិទ្យា និងថ្នាក់វិទ្យាសាស្ដ្រសង្គម ប្រឡងអក្សរសាស្ដ្រខ្មែរ ចាប់ពីម៉ោង០២៖០០នាទី ដល់ម៉ោង០៤៖៣០នាទី។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់ (ស្រី ៦០,៤២១នាក់) ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)៕