(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចអនុញ្ញាតឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា ប្រើប្រាស់ទីតាំងបរិវេណវិទ្យាស្ថានគរុកោសល្យទាំង២ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគទាំង២ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង បង្កើតនូវការិយាល័យ ដែលមានឈ្មោះថា៖ «ការរិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម» ដើម្បីជាកន្លែងអប់រំផ្សព្វផ្សាយ ស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ជូនដល់សហគមន៍ គរុសិស្ស និងសិស្សឲ្យបានជ្រួតជ្រាប ពីប្រវត្តិសាស្ត្រ។

លោក ផេង ពង្សរ៉ាស៊ី នាយកមជ្ឈមណ្ឌលឯកសារភូមិភាគបូព៌ា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែសីហានេះ ដើមហេតុនៃការបង្កើត «ការរិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម» គឺកើតចេញពីសំណើរបស់មេធាវីនាំមុខ របស់ដើមបណ្តឹងរដ្ឋប្បវេណី នៃតុលាការខ្មែរក្រហម ដោយសារតែក្នុងសំណងរបស់ជនរងគ្រោះ មានសំណងជាច្រើន ប៉ុន្តែមានសំណងមួយ ស្តីអំពើការអប់រំ ពីប្រវត្តិសាស្ត្រខ្មែរក្រហម ដែលសំណងនេះតម្រូវឲ្យក្រសួងអប់រំ ក្រសួងវប្បធម៌ និងវិចិត្យសិល្បៈ និងក្រសួងទេសចរណ៍ ធ្វើយ៉ាងជូនសម្របសម្រួល ក្នុងការបង្កើតកន្លែងស្រាវជ្រាវកន្លែងផ្តល់ព័ត៌មាន និងចែកចាយ ព័ត៌មានអំពីប្រវត្តិសាស្ត្រខ្មែរក្រហមដល់សហគមន៍ ឲ្យកាន់តែទូលាយ ព្រោះថា ការបង្រៀនប្រវត្តិសាស្ត្រនេះ មានតែការបង្រៀននៅទីប្រជុំជន និងតាមសាលា ធ្វើឲ្យអ្នកដែលមិនបានចូលរៀនក្នុងសាលាមិនបានដឹង។

លោក រ៉ាស៊ី បានបញ្ជាក់ថា «អង្គភាពគាំពារជនរងគ្រោះនៃសាលាក្តីខ្មែរក្រហម ធ្វើសំណើរទៅកាន់រាជរដ្ឋាភិបាល នៅពេលនោះសម្តេចតេជោ ហ៊ុន សែន បានគាំទ្រ និងឯកភាពឲ្យមានការបង្កើតការិយាល័យស្រាវជ្រាវ និងផ្តល់ព័ត៌មាននៅតាមបណ្តាខេត្ត។ ដោយយោងលើលិខិតនេះ យើងបានផ្ញើលិខិតមួយច្បាប់ ទៅក្រសួងអប់រំ ទើបឈានដល់ការបង្កើតការិយាល័យនេះបាន»

លោកបន្តថា ការបង្កើតការិយាល័យនេះ នៅតាមខេត្តតាមសំណើរបស់សាលាក្តីខ្មែរក្រហម ធ្វើឡើងដើម្បីផ្តល់នូវព័ត៌មាន អំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដល់សហគមន៍ និងផ្តល់ការអប់រំ ដែលបណ្តុះបណ្តាលបន្ថែម ពីប្រវត្តិសាស្ត្រដល់គរុសិស្ស ដែលនឹងក្លាយជាគ្រូក្នុងពេលអនាគត។

លោកបញ្ជាក់ថា «យោងតាមលិខិតរបស់អង្គភាពនាំរបស់តុលាការខ្មែរក្រហម ស្នើទៅក្រសួងអប់រំ ដើម្បីបើកការិយាល័យក្នុងបរិវេណមជ្ឈមណ្ឌលគុរកោសល្យភូមិភាគទាំង៦ ដែលមកដល់ពេលនេះ យើងបានបង្កើតការិយាល័យមួយដំបូងគេ នៅក្នុងមជ្ឈមណ្ឌលគុរកោសល្យភូមិភាគព្រៃវែង ដោយដាក់ឈ្មោះថា «ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម» ដែលតួនាទីយ៉ាងសំខាន់ ដែលជាកន្លែងបណ្ណាល័យផង និងកន្លែងស្រាវជ្រាវផង និងជាកន្លែងផ្តល់ព័ត៌មានដល់សហគម៍ផងដែរ»

លោកបន្តថា ការិយាល័យនេះ នឹងផ្តល់ និងចែកចាយព័ត៌មានអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ទៅកាន់សហគមន៍ សិស្សានុសិស្ស និងបង្រៀនទៅដល់គ្រូឲ្យចេះ អំពីវិធីសាស្ត្របង្រៀនដែលមិនលម្អៀត ឬដែលមិនប្រើប្រាស់ព្រឹត្តិការណ៍ប្រត្តិសាស្ត្រ ទៅក្នុងផ្លូវផ្សេងដូចជា ផ្លូវនយោបាយជាដើម។

លោក ផេង ពង្សរ៉ាស៊ី បញ្ជាក់ទៀតថា ការិយាល័យស្រាវជ្រាវ និងបណ្ណាល័យឯកសារខ្មែរក្រហម មួយត្រូវបានបង្កើតរួចហើយ នៅបរិវេណមជ្ឈមណ្ឌលគរុកោសល្យភូមិភាគព្រៃវែង ហើយនៅខែធ្នូ ឆ្នាំ២០១៩ នឹងបង្កើតមួយទៀតទៅមជ្ឈមណ្ឌលភាគ ក្នុងខេត្តតាកែវ ហើយនឹងឈានដល់ការបង្កើតជាបន្តបន្ទាប់ទៀត៕