(កោះកុង)៖ ដើម្បីសុវត្តិភាពសុខភាព មន្ត្រីសាខាកាំកុងត្រូល ខេត្តកោះកុង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ បានសហការជាមួយមន្ត្រីពាណិជ្ជកម្មអាជ្ញាធរក្រុង ចុះត្រួតពិនិត្យទៅលើបង្គាមឹក និងរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់ ក្នុងផ្សារដងទង់ ក្នុងភូមិសាស្រ្ត ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយផ្តោតសំខាន់ទៅលើបង្គា-មឹក និងគ្រឿងឧបរិភោគបរិភោគណា ដែលហួសការបរិច្ឆេទថ្ងៃខែឆ្នាំផលិត។

លោក តាន់ វិជិតសដ្ឋា អនុប្រធានសាខាកាំកុងត្រូល ខេត្តកោះកុង បានថ្លែងថា ការចុះប្រតិបត្តិការនេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ស្តីពី ការគ្រប់គ្រងគុណភាពសុវត្តិភាពផលិតផលទំនិញ និងសេវា និងកិច្ចសម្របសម្រួល ពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហនិភ័យ ដែលការត្រួតពិនិត្យលក្ខណៈរូបវ័ន្តត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅ របស់ម្ហូបអាហារទៅស្លាកសញ្ញាសំបកវេចខ្ចប់ ការបរិច្ឆេទកំប៉័ងកំពិតប៉ោងរលួយ -ល- និងត្រួតពិនិត្យគុណភាព និងភាពអនុលោមដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសាធាតុគីមីដែលហាមឃាត់ ដូចជាប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យ ត្រូវយកគំរូបញ្ជូនទៅវិភាគបន្ត នៅមន្ទីរពិសោធន៍របស់អគ្គនាយដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។

លោក តាន់ វិជិតសដ្ឋា បានបន្តថា ជាលទ្ធផលមន្ត្រីសាខាកាំកុងត្រូល ការចុះត្រួតពិនិត្យធ្វើតេស្តទៅ បង្គា មឹក គ្រឿងឧបភោគដែលអាជីវករ ដាក់តាំងលក់នៅក្នុងផ្សារដងទង់ មន្ត្រីកាំកុងត្រូល មិនបានរកឃើញ នៅសារធាតុគីមី រួមនិងគ្រឿងឧបរិភោគ ហួសការបរិច្ឆេទថ្ងៃខែឆ្នាំផលិតនោះឡើយ។ ហើយមន្ត្រីជំនាញ បានធ្វើការផ្សព្វផ្សាយបន្ថែម ដល់អាជីវករឲ្យចេះមើលរាល់មុខទំនិញ មុននឹងយកចូលមកលក់ហើយ ណែនាំបើរបស់ណាមានការសង្ស័យ ឬជិតផុតកំណត់ថ្ងៃខៃឆ្នាំផលិត កុំទិញយកមកលក់ឲ្យសោះ វាអាចប៉ះពាល់សុខភាព អ្នកទិញយកមកបរិភោគ។

លោកបានបញ្ជាក់បន្ថែមថា មន្ត្រីជំនាញធ្វើការត្រួតពិនិត្យ ជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ហើយធ្វើការណែនាំអាជីវករ ឲ្យមានការយល់ដឹងកាន់តែខ្ពស់ ចំពោះបញ្ហានេះផងដែរ។ ហើយចំពោះប្រជាពលរដ្ឋ គាត់បានយល់ដឹងច្រើនចំពោះបញ្ហានេះ មុនគាត់ទិញយកទៅបរិភោគរាល់មុខទំនិញណាមួយ ដែលគាត់ត្រូវទិញ។

លោកក៏បានអំពាវនាវ ដល់អ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈអនុលោមខ្ពស់ គ្មានសារធាតុគីមីហើយមានសំបកខ្ចប់វិចខ្ចប់ត្រឹមត្រូវ មានការបរិច្ឆេទ ដើម្បីចូលរួមចំណែក ការពារផលប្រយោជន៍ និងផ្សព្វផ្សាយណែនាំ ដល់អាជីវករនៅក្នុងផ្សារដងទង់ ដើម្បីធ្វើការពន្យល់ពីលក្ខណៈ ពិសេសមុននឹងទិញយកទៅប្រើប្រាស់ ឬបរិភោគហើយ ដើម្បីសុខភាពរបស់បងប្រជាពលរដ្ឋ៕