(ភ្នំពេញ)៖ លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតប្រទេសជប៉ុនចប់អាណត្តិប្រចាំកម្ពុជា បានសម្តែងការរីករាយយ៉ាងខ្លាំង ក្រោយឃើញប្រទេសកម្ពុជា មានសេដ្ឋកិច្ច និងការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័ស។ លោករំពឹងថាទំនាក់ទំនងទ្វេភាគី កម្ពុជានិងជប៉ុនកាន់តែ រឹងមាំខ្លាំងក្លាបន្ថែមទៀតផងដែរ។

ថ្លែងនៅក្នុងកិច្ចជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសធ្វើកិច្ចជម្រាបលា បន្ទាប់ពីបញ្ចប់បេសកកម្មរបស់ខ្លួននៅកម្ពុជា លោក Hidehisa HORINOUCHI បានលើកឡើងថា លោកមានសេចក្ដីរីករាយជាខ្លាំង ដោយឃើញថាសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ក្នុងនោះមានកំណើនយ៉ាងខ្លាំងលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។

លោកឯកអគ្គរាជទូតជិតចប់អាណត្តិរូបនេះ បានលើកឡើងទៀតថា ទំនាក់ទំនងទ្វេភាគីកម្ពុជា និងប្រទេសជប៉ុន កាន់តែខ្លាំងឡើងជាបន្តបន្ទាប់ ក្រោយពីជប៉ុនបានដាក់អគ្គកុងស៊ុលរបស់ខ្លួន នៅខេត្តសៀមរាបកាលពីកន្លងទៅ ហើយរដ្ឋាភិបាលជប៉ុន នៅតែបន្តជួយដល់កម្ពុជា ជានិច្ចជាពិសេសវិស័យអប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធនានាជាដើម។

ក្នុងកិច្ចជំនួបនោះដែរ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា សម្តេចសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យនៃបេសកកម្មការទូត របស់លោកឯកអគ្គរាជទូតនៅកម្ពុជា ដែលបានរួមចំណែកពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យទទួលបានផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមក។

សម្តេចក្រឡាហោមបានលើកឡើងទៀតថា ស្ថានទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានបំពេញភារកិច្ចយ៉ាងល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ ជាមួយនឹងថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ និងជាមួយក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង ជាពិសេសជាមួយនឹងប្រជាជនកម្ពុជាតែម្តង។ ជាមួយគ្នានោះ សម្តេចក៏បានថ្លែងអំណរអគុណ ចំពោះរដ្ឋាភិបាលជប៉ុន ដែលបានជួយបណ្តុះបណ្តាលនូវជំនាញ ជច្រើនដល់មន្រ្តីក្រសួងមហាផ្ទៃ និងនគរបាលកម្ពុជា។

សម្តេចបានបញ្ជាក់ទៀតថា ក្នុងអាណត្តិរបស់លោកឯកអគ្គរាជទូត កម្ពុជាទទួលបានសមិទ្ធផលជាច្រើនដូចជា ជំនួយឥតសំណង កម្ចីសម្បទាន និងជំនួយបច្ចេកទេស ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុន។ ទន្ទឹមនឹងនេះ សម្តេចក៏បានជំរុញឱ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ព្រមទាំងជំរុញឱ្យមានការផ្លាស់ប្តូរវប្បធម៌ សិល្បៈ កីឡា អប់រំ ជាពិសេសការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូររវាងយុវជន និងយុវជនដ៏ទូលំទូលាយផងងដែរ៕