(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែដល់មេឃុំ ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ ដែលបានចុះអនុវត្តសេវាអត្រានុកូលដ្ឋានដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋទាំង ១២ឃុំ ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដោយក្នុងមួយលិខិតទទួលបានថវិកាលើកទឹកចិត្តចំនួន ៥០០០រៀល។

ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក ហាក់ សុខមករា បានបន្តជំរុញ និងលើកទឹកចិត្តដល់រដ្ឋបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ ដើម្បីចុះបម្រើសេវាអត្រានុកូលដ្ឋានដល់ខ្នងផ្ទះបងប្អូន ប្រជាពលរដ្ឋដែលជាសេវាតម្រូវការ ដោយបានអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៨នោះរហូតមក ដោយគិតមកទល់ខែកក្កដា ឆ្នាំ២០១៩ នេះមានរយៈពេល ១៩ខែ ហើយអាជ្ញាធរឃុំទាំង ១២ ក្នុងស្រុកក្រូចឆ្មារ បានខិតខំចុះផ្តល់សេវាលើសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត សំបុត្រអាពាហ៌ពិពាហ៌ និងសំបុត្រមរណភាព ជូនដល់ប្រជាពលរដ្ឋ ដល់ខ្នងផ្ទះសរុបចំនួន ១៤៧៦លើករួចមកហើយ។

ឆ្លៀតក្នុងឱកាសនេះ លោក ហាក់ សុខមករា បានកោតសរសើរ ព្រមទាំងសំណូមពរ និងលើកទឹកចិត្តដល់រដ្ឋបាល ស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងស្មៀនឃុំ បន្តអនុវត្តភារកិច្ចនេះឲ្យ បានកាន់តែជោគជ័យ និងប្រសិទ្ធភាពបន្ថែមទៀត៕