(កំពត)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដល់ប្រជាពលរដ្ឋកសិករចំនួន ១០០នាក់ ដែលបានរស់នៅក្នុងភូមិកណ្តាល ឃុំជុំពូវ៉ាន់ ស្រុកជុំគីរី ខេត្តកំពត។

ណុងហឹប ហ្វាយនែន (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃធនាគារ ណុងហឹប នៃសាធារណរដ្ឋកូរ៉េខាងត្បូង។ ណុងហឹប គឺជាធនាគារដែលបានបង្កើតឡើងនៅឆ្នាំ ១៩៦១ ដោយប្រើប្រាស់ដើមទុនក្នុងស្រុករបស់ប្រទេសកូរ៉េ ១០០% ហើយធនាគារនេះ គឺជាធនាគារឯកទេសដែលគ្រប់គ្រងប្រាក់បញ្ញើទាំងថ្នាក់មជ្ឈិម និងថ្នាក់តំបន់របស់រដ្ឋាភិបាលប្រកបដោយសុវត្ថិភាព ដោយមានបណ្តាញ សាខាធំទូលាយជាងគេទូទាំងប្រទេស។

កេរិ៍តឈ្មោះរបស់ធនាគារនេះ មិនត្រឹមតែលេចធ្លោលើសេវាកម្មផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងមានតួនាទីក្នុងការលើកតម្កើង សុខមាលភាពសង្គម និងកសិកម្មនៅសាធារណរដ្ឋកូរ៉េទៀតផង។ ណុងហឹប បានជ្រៀតខ្លួនចូលក្នុងទីផ្សារក្រៅប្រទេស តាមរយៈសាខាធនាគារនៅបរទេសដូចជា សហរដ្ឋអាមេរិក វៀតណាម និងសាខាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅ មីយ៉ាន់ម៉ា និងកម្ពុជា និងមានការិយាល័យតំណាងនៅប្រទេសចិន និងឥណ្ឌា។

ណុងហឹប ហ្វាយនែន បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ដើម្បីប្រកបអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ទាប់ពីធនាគារ ណុងហឹប បានទិញយកភាគហ៊ុនទាំងស្រុង ១០០% ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សាមិក ភីអិលស៊ី។ បច្ចុប្បន្ននេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប កំពុងធ្វើប្រតិបត្តិការនៅរាជធានីភ្នំពេញ និងខេត្តចំនួន៨ រួមមាន៖ កណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ សៀមរាប និងកំពង់ធំ។

ក្រៅពីសេវាកម្មហិរញ្ញវត្ថុដែលជាអាជីវកម្មស្នូលរបស់ខ្លួន ណុងហឹប ហ្វាយនែន បានចូលរួមចំណែកក្នុងកិច្ចការសង្គមយ៉ាងសកម្ម ដើម្បីជួយដល់អតិថិជនរបស់ខ្លួន ក្នុងការកែលំអរកំរិតជីវភាពរស់នៅប្រចាំថ្ងៃតាមរយៈការអនុវត្តន៍កម្មវិធីស្តីពី ឥណទានផ្សារភ្ជាប់នឹងការអប់រំ (CWE) ដើម្បីផ្តល់ជូននូវវគ្គបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋនៅទីជនបទ។

ទោះជាអតិថិជនក្តី និងមិនមែនជាអតិថិជនក្តី អំពីបច្ចេកទេសកសិកម្មដែលក្នុងនោះរួមមាន បច្ចេកទេសចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ បច្ចេកទេសលើផលិតកម្មដំណាំស្រូវជាដើម រួមទាំងការបណ្តុះបណ្តាលពីបច្ចេកទេសនៃការវេចខ្ចប់ និងសុវត្ថិភាពចំណីអាហារ ការបណ្តុះបណ្តាលពីការគ្រប់គ្រងថវិកាគ្រួសារ និងការអប់រំសហគមន៍លើផ្នែកសុខភាព និងអនាម័យ។

ជាក់ស្តែងនៅក្នុងឆ្នាំ២០១៨កន្លងមក ណុងហឹប ហ្វាយនែន បានផ្តល់វគ្គបណ្តុះបណ្តាលនេះ ដល់សិក្ខាកាមចំនួន ៤,៦៦៦នាក់ ដែលក្នុងនោះមានស្ត្រីចំនួន ៦៦% និង ២២% ជាអតិថិជនរបស់ ណុងហឹប ហ្វាយនែន។

លើសពីនេះ នៅក្នុងខែកក្កដា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន ក៏បានធ្វើការបណ្តុះបណ្តាលស្តីអំពីបច្ចេកទេសចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដល់ប្រជាពលរដ្ឋនៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុបចំនួន ១២៦ នាក់ផងដែរ៕