(កណ្តាល)៖ លោក ហាក់ ងួនឈាង អគ្គនាយកក្រុមហ៊ុន ពៅ លាភ អិនជីនារីង អេន ខនស្ត្រាក់សិន និងសប្បុរសជនជាច្រើនរូប នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ បានចូលរួមពីធីឆ្លងរូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត ស្ថិតនៅក្នុងសាលាបឋមសិក្សារការជន្លឹង ភូមិរការ ឃុំរការជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

នៅក្នុងពិធីនោះលោក ហាក់ ងួនឈាង បានបញ្ជាក់ថា ចំណេះវិជ្ជា ជាទ្រព្យមហាសាលពុំអាចកាត់ថ្លៃបានឡើយ ដូច្នេះសូមសិស្សានុសិស្ស ខិតខំសិក្សារៀនសូត្រក្រេបជញ្ជក់ចំណេះដឹង ពីលោកគ្រូ អ្នកគ្រូ ឲ្យក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ។

អគ្គនាយកក្រុមហ៊ុនរូបនេះ បានបន្ថែមថា ការសិក្សារៀនសូត្រនៅបឋមសិក្សា គឺជាគ្រឹះដ៏រឹងមាំសម្រាប់ឈោងចាប់មធ្យមសិក្សា និងថ្នាក់ឧត្តមប្រៀបដូចការសាងសង់ផ្លូវ និងអគារធំៗ ត្រូវតែមានបាតគ្រឹះឲ្យរឹងមាំ ស្របតាមបទដ្ឋានបច្ចេកទេសដើម្បី អាចសាងសង់អគារខ្ពស់ៗ ផ្លូវមានគុណភាព ប្រើប្រាស់បានយូរអង្វែងប្រកបដោយទំនុកចិត្ត។

គួរបញ្ជាក់ផងដែរថា ក្រៅពីរូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត, ការដាំដើមឈើ និងចែកសៀវភៅ លោក ហាក់ ងួនឈាង និងសប្បុរសជននាៗ ក៏បានជួយកសាងសមិទ្ធផលជាច្រើនទៀត ប្រគេនដល់ព្រះសង្ឃ និងទីអារាមនាៗ រួមចំណែកបម្រើឲ្យវិស័យព្រះពុទ្ធសាសនា។

ក្នុងឱកាសនោះ លោក ហាក់ ងួនឈាង និងសប្បុរសជន បានចែកសៀវភៅដល់សិស្សានុសិស្ស ដែលចូលរួមចំនួន៥៣៩នាក់ ក្នុងនោះម្នាក់ៗទទួលបាន សៀវភៅ២ក្បាល, ប៊ិច២ដើម, បន្ទាត់១ដើម និងថវិកាលោកគ្រូ អ្នកគ្រូ៣០នាក់ ម្នាក់ៗ២ម៉ឺនរៀល ព្រមទាំងបានដាំកូនឈើចំនួន៥០ដើម ក្នុងទីធ្លាសាលាទុកជាម្លប់ទុកជាអនុស្សាវរីយ៍ និងជាការចង់ចាំសមពាក្យស្លោក «ផឹកទឹក ត្រូវនឹកដល់ប្រភព ជ្រកក្រោមម្លប់ត្រូវនឹកដល់អ្នកដាំ»៕