(សៀមរាប)៖ អ្នកជំនាញការអាជ្ញាធរជាតិអប្សរា រួមទាំងសមាជិកតំណាងលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ នឹងចុះតាមដានផ្ទាល់តាមការដ្ឋានទាំងក្នុង និងក្រៅតំបន់អង្គរ ដើម្បីមើលស្ថានភាពជាក់ស្តែង ងាយស្រួលរាយការណ៍ជូនអង្គប្រជុំបច្ចេកទេសនៃអាយស៊ីស៊ី-អង្គរ លើកទី៣៣ ដែលនឹងប្រព្រឹត្តទៅនាខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ។

ការកំណត់ទិសដៅនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំតាមដានអនុសាសន៍ដែលទទួលបានជាផ្លូវការ តាមរយៈកិច្ចប្រជុំបច្ចេកទេសលើកទី៣២ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ កន្លងមក លើគោលដៅអនុវត្តការងារនៅតាមការដ្ឋានក្នុងតំបន់អង្គរទាំងផ្នែកអភិរក្ស និងអភិវឌ្ឍន៍ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ក្រោមវត្តមានលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា។

គោលបំណងសំខាន់នៃអង្គប្រជុំនេះ ដើម្បីតាមដានរាល់អនុសាសន៍ដែលបានកំណត់ ជំរុញការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព។ លើសពីនេះទៀត ក៏បានជជែកវែកញែកអំពីអនុសាសន៍នីមួយៗ ដើម្បីស្វែងយល់ពីបញ្ហា ភាពខ្វះខាត ចម្ងល់ លទ្ធភាពក្នុងការអនុវត្ត និងដោះស្រាយបញ្ហាប្រឈមនានា ដែលបានកើតឡើងនៅតាមការដ្ឋានរួមគ្នា។

ក្រោយពីកិច្ចប្រជុំ អ្នកជំនាញការអាជ្ញាធរជាតិអប្សរា រួមទាំងសមាជិកតំណាងលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ នឹងចុះតាមដានផ្ទាល់តាមការដ្ឋានទាំងក្នុង និងក្រៅតំបន់អង្គរ ដើម្បីមើលស្ថានភាពជាក់ស្តែង ងាយស្រួលរាយការណ៍ជូនអង្គប្រជុំបច្ចេកទេស នៃអាយស៊ីស៊ី-អង្គរលើកទី៣៣ ដែលនឹងប្រព្រឹត្តទៅនាខែធ្នូខាងមុខនេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើងជាប្រចាំដើម្បីតាមដានរាល់ការអនុវត្តកិច្ចការអភិរក្ស ជួសជុល និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ ជាពិសេសផ្ទៀងផ្ទាត់ភាពសមស្របទាំងលក្ខណៈបច្ចេកទេស ទាំងការអនុវត្តគម្រោង និងទាំងសម្ភារៈ៕