(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាយ៉ាងដាច់ណាត់មិនឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់របស់កម្ពុជា មានទាហាន នគរបាល និងកងរាជអាវុធហត្ថ មានងារជា «ឧកញ៉ា» តទៅទៀតនោះទេ។ នេះបើតាមការបញ្ជាក់របស់លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធណា ដែលមានងារជា «ឧកញ៉ា» ធ្វើការជ្រើសរើសជាបន្ទាន់ ថាតើត្រូវយកងារ «ឧកញ៉ា» ឬយកតួនាទីជាកងកម្លាំងប្រដាប់អាវុធ ដែលខ្លួនកំពុងបំពេញការងារតទៅទៀត។
បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ។
លោក ឈឹម ផលវរុណ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា «នេះជាការបញ្ជាក់អំពីភាពម៉ឺងម៉ាត់ គឺសម្តេចបានបញ្ជាពីកន្លែងប្រជុំព្រឹកមិញនេះតែម្តង គឺលែងឱ្យមានភាព ជាន់គ្នារវាង ងារ «ឧកញ៉ា» និងឋានន្តរស័ក្តិ ឧត្តមសេនីយ៍ វរសេនីយ៍ ក្នុងក្របខណ្ឌប្រដាប់អាវុធ មានដូចជាប៉ូលិស ទាហាន និងកងរាជអាវុធហត្ថទៀតទេ គឺសាម៉ីខ្លួនត្រូវសម្រេចជ្រើសរើស យកមួយ អត់មួយ»។
លោកបានបន្តទៀតថា នៅក្នុងកិច្ចប្រជុំនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ទៅលើការអនុវត្តនូវអភិក្រមទី៥ របស់សម្តេចដែលបានដាក់ចេញនៅក្នុងអាណត្តិទី០៦នេះផងដែរ។ សម្តេចបានណែនាំចំៗ ទៅអង្គភាពប្រឆាំងអំពើពុករលួយ ដែលដឹកនាំដោយលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ហើយពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសព្រៃឈើ សម្តេចចង្អុលចំទៅនាយឧត្តមសេនីយ៍ សៅ សុខា។ សម្តេចបានចង្អុលចំឱ្យ រឹបអូសទ្រព្យសម្បត្តិពីជនដែលបំផ្លាញធនធានធម្មជាតិកម្ពុជាផងដែរ។ នេះជាការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា៕