(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាត្រូវតែអនុវត្តច្បាប់ចំពោះការវិលត្រឡប់របស់ លោក សម រង្ស៉ី។ នេះបើតាម លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
លោក ឈឹម ផលវរុណ បានដកស្រង់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំនេះយ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងរឿងវិលត្រឡប់របស់ ទណ្ឌិត សម រង្ស៉ី គឺមិនមែនជារឿងរបស់ សម រង្ស៉ី តែម្នាក់ទេ ប៉ុន្តែសម្រាប់យើងគឺត្រូវតែអនុវត្តច្បាប់ ហើយយើងត្រូវតែពង្រឹងស្ថិរភាពនយោបាយ និងសេចក្តីសុខប្រជាពលរដ្ឋ មិនឱ្យបដិវត្តពណ៌កើតឡើងជាថ្មី ដូចអ្វីដែលធ្លាប់ជួប នៅឆ្នាំ២០១៣»។
កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ទណ្ឌិត សម រង្ស៉ី បានប្រកាសអំពីកាលបរិច្ឆេទត្រឡប់មកកាន់ប្រទេសកម្ពុជា ជាថ្មីម្តងទៀត ដោយបញ្ជាក់ថា លោក និងថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ ដែលនៅក្រៅប្រទេស នឹងត្រឡប់មកប្រទេសកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ដែលចំនឹងថ្ងៃបុណ្យឯករាជ្យជាតិ។
នាពេលកន្លងទៅ ទណ្ឌិតរូបនេះ បានប្រកាសប្រាប់មហាជនជាតិ និងអន្តរជាតិថា ខ្លួននឹងវិលត្រឡប់មកប្រទេសកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០១៩ ទោះជាប្រឈមនឹងការចាប់ខ្លួន យកទៅអនុវត្តច្បាប់យ៉ាងណាក៏ដោយ ខណៈដែលសមត្ថកិច្ចបានត្រៀមខ្លួនរួចជាស្រេច ព្រមទាំងបានដាក់ចេញនូវវិធានការ នានា ដើម្បីចាប់ទណ្ឌិតរូបនេះមកផ្តន្ទាទោសផងដែរ។
លោក ឈឹម ផលវរុណ បានដកស្រង់ប្រសាសន៍សម្តេចបន្តទៀតថា «ដូច្នេះរឿង សម រង្ស៉ី មិនមែនជារឿង សម រង្ស៉ី ជាបុគ្គលទេគឺពាក់ព័ន្ធនឹងការយកលេសនៃការរំលាយគណបក្សសង្រ្គោះជាតិ ការយកលេសដោយប្រើពាក្យប្រជាធិបតេយ្យ សេរីភាព ប៉ុន្តែលេសទាំងនេះ គឺជាលេសដើម្បីទាញកម្ពុជា ឱ្យធ្លាក់ទៅក្នុងការប្រទាញប្រទង់គ្នារវាងមហាអំណាច និងមហាអំណាចតែប៉ុណ្ណោះ។
លោកបានបន្តទៀតថា ដើម្បីការពារប្រទេសកុំឱ្យធ្លាក់ក្នុងហានិភ័យនេះ គឺសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាត្រូវតែប្រកាន់ខ្ជាប់នូវគោលការអព្យាក្រឹត្យ អចិន្រ្តៃយ៍ ដែលចែងក្នុងរដ្ឋធម្មនុញ និងគោលការណ៍ឯករាជ្យ ដោយកសាងប្រទេសដោយខ្លួនឯង មិនអាចឱ្យប្រទេសណាមួយ ទាញកម្ពុជាឱ្យធ្វើតាមខ្លួនបានទេ៕