(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងបញ្ចប់បេសកកម្មនៅកម្ពុជារបស់លោក Somil Nagpal ប្រធានក្រុមផ្នែកសុខាភិបាល នៃធនាគារពិភពលោក ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង និងគណៈប្រតិភូ នៅថ្ងៃទី២២សីហា ឆ្នាំ២០១៩នេះ លោក Somil Nagpal បា នវាយតម្លៃខ្ពស់ ចំពោះក្រសួងសុខាភិបាល ដែលបានផ្ដល់សេវាមូលនិធិសមធម៌ និងសេវាទូទៅ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។
លោក Somil Nagpal បានថ្លែងបន្ដថា វិស័យសុខាភិបាលនៅកម្ពុជា មានការរីកចម្រើន ដោយការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋទូទៅ មានការកើនឡើង បានប្រៀបធៀបទៅនឹងការរំពឹងទុក និងជាមួយសូចនាករសំខាន់ៗមួយចំនួនទៀត។
ក្នុងកិច្ចជំនួបពិភាក្សាការងារនោះ ធនាគារពិភពលោក ក៏បានវាយតម្លៃពាក់កណ្ដាលគម្រោង មូលនិធិសមធម៌ ដែលកម្ពុជា បានធ្វើការងារយ៉ាងជោគជ័យក្នុងរយៈពេលដ៏ល្អមកនេះ ។ គម្រោងនេះ ក៏មានការចូលរួមបដិភាគ រវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ចហិរិញ្ញវត្ថុ និងដៃគូអភិវឌ្ឍ រួមមាន ធនាគារពិភពលោក អូស្ដ្រាលី អាល្លឺម្លង់ និងកូរ៉េ ។
ការវាយតម្លៃពាក់កណ្ដាលនៃគម្រោងនេះ ធនាគារពិភពលោក បានសម្ដែងការសប្បាយរីករាយ ដែលដោយសារឃើញលទ្ធផលវិជ្ជមាន។ លើសពីនោះ ការពង្រឹងនូវព័ត៌មានវិជ្ជាបានល្អ ក្នុងការធ្វើការវិភាគ និងវាយតម្លៃគុណភាពសេវាសុខាភិបាល ដែលព្យាបាលដល់ប្រជាពលរដ្ឋ ជាពិសសបានគ្របដណ្ដប់ ប្រជាពលរដ្ឋក្រីក្រ ហើយគម្រោងនេះ ក៏បានភ្ជាប់ទៅនឹងគម្រោងផ្ទេរសាច់ប្រាក់ដល់ស្ដ្រីក្រីក្រ មានផ្ទៃពោះ ក្នុងការពិនិត្យផ្ទៃពោះមុនពេលសម្រាល ពេលសម្រាល និងក្រោយសម្រាល និងការផ្ដល់ថ្នាំបង្ការដល់ទារកក្រោមអាយុ២ឆ្នាំផងដែរ។
ចំពោះការវាយតម្លៃរបស់ធនាគារពិភពលោកនេះ ក៏វាយតម្លៃខ្ពស់ទៅលើការប្រើប្រាស់សេវា ដោយមានអង្គភាព PCA (Payment Certification Agency)
ដែលជាអង្គភាពត្រួតពិនិត្យរាល់ការចំណាយមូលនិធិសមធម៌សុខាភិបាល ដោយរាល់ការចំណាយទាំងអស់ ត្រូវឆ្លងកាត់អង្គភាពនេះ ដើម្បីមើលថា តើការចំណាយនីមួយៗត្រឹមត្រូវទៅគោលដៅណែនាំដែលឬអត់។
ក្រោមការគាំទ្រ យ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតមូលនិធិជួយស្ដ្រីក្រីក្រ ទន្ទឹមនឹងនោះ ក៏មានគម្រោងមួយទៀត គឺគម្រោងអាហារូបត្ថម្ភ ដែលផ្ដួចផ្ដើមឡើងដោយធនាគារពិភពលោក និងក្រសួងសុខាភិបាល។ជាងនេះទៅទៀត ក៏មានគម្រោងមួយទៀតផងដែរ ផ្ដោតទៅលើការបណ្ដុះបណ្ដាល មុនចេញទៅប្រកបការងារវិជ្ជាជីវៈ ។គម្រោង គឺទើបតែរៀបចំ ដោយគាំទ្រថវិកា ពីធនាគារពិភពលោក និងអង្គការដៃគូពាក់ព័ន្ធ ដែលគម្រោងទាំងអស់នេះ នឹងដើរតទៅមុខ។
ជាការឆ្លើយតប រដ្ឋមន្ដ្រីក្រសូងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់ក្រុមបេសកកម្មរបស់ធនាគារពិភពលោក និងបានលើកឡើង ពីការគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលបានគាំទ្រចំពោះការអនុវត្ដន៍របស់ក្រសួងសុខាភិបាល និងក្រសួងការងារ ទៅការផ្ដល់សេវាជូនដល់ស្ដ្រីមានផ្ទៃពោះក្រីក្រ និងជាស្ដ្រីដែលកម្មការិនី ដែលឆ្លងទន្លេ ទទួលបានទាំងសាច់ប្រាក់ និងការលើកលែងការបង់ថ្លៃ។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏សង្ឃឹមយ៉ាងមុតមាំថា ក្រោមកិច្ចសហការ និងសាមគ្គីគ្នារវាងធនាគារពិភពលោក និងអង្គការដៃគូ នឹងធ្វើឱ្យវិស័យសុខាភិបាលកម្ពុជា កាន់តែមានភាពរីកចម្រើនបន្ដទៅមុខទៀត៕