(ភ្នំពេញ)៖ បន្ទាប់ពីបានដឹកចេញសំណល់ផ្លាស្ទីក ១៤កុងតឺន័រត្រឡប់ទៅប្រទេសដើមវិញហើយនោះ ក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO., LTD បានស្នើសុំពន្យារពេល សម្រាប់ការដឹកជញ្ជូនសំណល់ផ្លាស្ទីកដែលនៅសេសសល់ ៦៩កុងតឺន័រទៀត ត្រឡប់ទៅវិញ ដោយសារតែបញ្ហាអាកាសធាតុ។ នេះបើតាម សេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា គិតមកដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះ សាមីក្រុមហ៊ុនបានបង់ប្រាក់ពិន័យចូលថវិកាជាតិគ្រប់ចំនួន ព្រមទាំងបានបង់ថ្លៃចំណតផែ និងថ្លៃកប៉ាល់មួយចំនួន ហើយក៏បានដឹកជញ្ជូនកាកសំណល់បាស្ទីកចេញពីកម្ពុជាចំនួន១៤ កុងតឺន័រ កាលពីយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបន្តថា ដោយហេតុថា ក្រុមហ៊ុនកប៉ាល់ដឹកជញ្ជូនតាមផ្លូវសមុទ្រ បានជួបបញ្ហាមួយចំនួន រួមមាន៖ អាកាសធាតុមិនអំណោយផល ធ្វើឱ្យខកខានជើងកប៉ាល់ និងទំនិញកកស្ទះជាច្រើន ដែលទទួលកក់ពីអតិថិជនផ្សេងៗទៀត ដូច្នេះទើបក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO., LTD បានស្នើសុំពន្យារពេល ការដឹកជញ្ជូនកាកសំណល់ប្លាស្ដីក ដែលនៅសល់ចំនួន៦៩ កុងតឺន័រទៀត តាមតារាងពេលវេលា ដែលក្រុមហ៊ុនកប៉ាល់បានផ្តល់ជូន គិតចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ពិន័យ៣ចំណុចដល់ក្រុមហ៊ុន ជុងយៀន ផ្លាស្ទីក មេនូហ្វេកឈ័រ ឯក. ដែលបាននាំចូលកាកសំណល់ផ្លាស្ទិក ចំនួន៨៣កុងតឺន័រ មកកាន់ប្រទេសកម្ពុជា។ នេះបើតាមការប្រកាសរួមរបស់ក្រសួងបរិស្ថាន និងអគ្គនាយកគយ និងរដ្ឋាករកម្ពុជា។
បើតាមការប្រកាសរួមនេះ គឺការដាក់បន្ទុកទាំង៣ចំណុច រួមមាន៖
១៖ ឱ្យក្រុមហ៊ុនជុងយៀន ផ្លាស្ទីក មេនូហ្វេកឈ័រ ឯក. នាំសំរាមទាំងនោះទៅប្រទេសដើមវិញ
២៖ ពិន័យប្រាក់ ១០៣៧.៥លានរៀល ចូលជាថវិកាជាតិ
៣៖ ក្រុមហ៊ុនខាងលើនេះ ត្រូវអនុវត្តឱ្យចប់សព្វគ្រប់ ២៤ សីហា ជាកំហិត
សូមបញ្ជាក់ថា កុងទឺន័រចំនួន៨៣ទូរ មានទម្ងន់ជិត១៦០០តោន ដែលមានផ្ទុកកាកសំណល់សំរាមពីសហរដ្ឋអាមេរិក និងប្រទេសកាណាដា ចូលកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ច នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបើកប្រតិបត្តិការ ឆែកឆេរកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩។
ទំនិញជាកាកសំណល់ប្លាស្ទីកបាននាំមកជាច្រើនជើងនាវាដឹកជញ្ជូន (២៧ លើក) មកដល់ និងសំចតនៅទីលានកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលលើកទី១ នាខែកញ្ញា ឆ្នាំ ២០១៨និងលើកចុងក្រោយ នាខែមករា ឆ្នាំ២០១៩ សរុបទាំងអស់ចំនួន ៨៣ កុងតឺន័រ មានទំហំ ៤០ ហ្វីតដូចគ្នា។
តាមឯកសារដឹកជញ្ជូនបានរកឃើញថា មានកុងតឺន័រចំនួន ៧០ (មានទម្ងន់១,៣២២ តោន) បាននាំចេញមកពីសហរដ្ឋអាមេរិក និងកុងតឺន័រចំនួន ១៣ (មានទម្ងន់២៧០ តោន) បាននាំចេញមកពីប្រទេសកាណាដា។ ឯកសារដឹកជញ្ជូនក៏បានបញ្ជាក់ផងដែរថា មុននឹងមកដល់កម្ពុជា កុងតឺន័រទាំង ៨៣ នោះបានឆ្លងកាត់កំពង់ផែប្រទេសសិង្ហបុរី(២២ ជើង) ម៉ាឡេស៊ី (២ ជើង) និង វៀតណាម(៣ ជើង)។
តាមការត្រួតពិនិត្យដោយឧបករណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងដោយឧបករណ៍ មន្ទីរពិសោធន៍របស់ក្រសួងបរិស្ថាន ទំនិញជាកាកសំណល់ប្លាស្ទីកនោះមិនមានផ្ទុកសារធាតុគ្រោះថ្នាក់ ផ្សេងឡើយ៕