(ព្រៃវែង)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង រួមជាមួយសហការី នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ បានចុះទៅពិនិត្យចំការបន្លែ របស់សហគមន៍ផលិតបន្លែសុវត្ថិភាព នៅភូមិពោធិទង និងភូមិអ្នកតាជ័យ ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច។

សហគមន៍នេះកំពុងដាំបន្លែ មានដូចជាត្រសក់ទ្រើង ខ្ទឹមស្លឹក ស្ពៃចង្កឹក សាលាដ ត្រប់ -ល- បច្ចុប្បន្នបានរៀបចំចងក្រង ជាសហគមន៍ផលិតបន្លែបាន៥២គ្រួសារ ដោយរៀបចំកម្មវិធីដាំដុះទៅតាមតម្រូវការទីផ្សារ។ ជាមតិសហគមន៍ ពួកគាត់ស្នើសុំឲ្យរដ្ឋាភិបាល ជួយគិតគូរពីការផ្គត់ផ្គង់អគ្គិសនីបូមទឹក បញ្ចុះតម្លៃភ្លើង និងសម្ភារកសិកម្មមួយចំនួនទៀត។

ដោយសារបច្ចេកវិទ្យាបានជ្រាបចូលក្នុងស្រទាប់អ្នកផលិតបន្លែដូចជា ការប្រើប្រព័ន្ធដំណក់ទឹក ឬសាច ការប្រើប្រាស់ផ្លាស្ទិចគ្របរង ដើម្បីរក្សាសំណើមដី និងកំចាត់ស្មៅ និងការប្រើសំណាញ់ សម្រាប់បន្លែវារតោងឡើង ជំនួសឬស្សី ការប្រើពូជ មានប្រភពច្បាស់លាស់ ការប្រើជី និងថ្នាំគីមីសមស្របតាមបច្ចេកទេស។

បច្ចេកទេសទាំងអស់នេះ អាចជួយកាត់បន្ថយកម្លាំងពលកម្ម ពេលវេលា និងបានទិន្នផលខ្ពស់ រហូតដល់គ្រួសារកសិករខ្លះឈប់ធ្វើស្រែមកដាំបន្លែវិញ។ ទាំងអស់នេះ គឺជារបត់ថ្មីនៃការវិវឌ្ឍន៍វិស័យកសិកម្ម ពីមួយជំហានទៅមួយជំហាន សមស្របតាមនវានុវត្តនៃកសិកម្ម និងតម្រូវការទីផ្សារ។

នាឱកាសនេះ លោករដ្ឋមន្ដ្រី វេង សាខុន បានណែនាំឲ្យកសិករ ធ្វើការដាំដំណាំបន្តបណ្តាក់គ្នា ចៀសវាងការផលិតនូវផលិតផលជោរជន់លើទីផ្សារ ដែលអ្នកបញ្ជាទិញបញ្ចុះតម្លៃ។

លោកបន្ដថា ត្រូវចេះបង្កើនគុណភាពដី តាមរយៈការសន្សំ និងប្រើប្រាស់ជីសរីរាង្គឲ្យបានច្រើន ដើម្បីធានាដល់គុណភាពបន្លែ និងជាពិសេសសុខភាពអ្នកផលិតផង និងអ្នកបរិភោគផង ហើយក៏ជួយរួមចំណែក កាត់បន្ថយថ្លៃដើមផងដែរ។ មន្ទីរគួរបន្តខិតខំ ជួយរៀបចំឃ្លាំងលក់ ចែកចាយមួយសម្រាប់សហគមន៍ ដើម្បីបង្កលក្ខណងាយស្រួល ដល់អតិថិជនក្នុងតំបន់នេះ មកទិញយកទៅបរិភោគ៕