(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយសសាខាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនដល់ពលរដ្ឋក្រីក្រចំនួន១,២៩៤គ្រួសារក្នុង ស្រុកព្រៃនប់ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩នេះ។

នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ ជួបបញ្ហាខ្វះខាត និងចាស់ជរានេះ លោក គួច ចំរើន ក៏បាននាំផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា នេះជាជំនួយមនុស្សធម៌សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋទូទៅ ដោយមិនរើសអើង។

បន្ថែមពីនេះ លោក គួច ចំរើន ក៏បានក្រើនរំលឹក និងណែនាំដល់ប្រជាពលរដ្ឋ ត្រូវតែថែរក្សាសុខភាព ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីជៀសវាងនូវជំងឺឈឺថ្កាត់ផ្សេងៗ ដែលនាំឲ្យខាតបង់ពេលវេលាប្រកបមុខរបរ និងថវិកាសម្រាប់ផ្គត់ផ្គង់គ្រួសារជាដើម៕