(ប៉េកាំង)៖ អង្គភាពព័ត៌មាន Fresh News និងស្ថាប័នព័ត៌មានល្បីៗមកពី១២ប្រទេសផ្សេងទៀត ចូលរួមក្នុងកម្មវិធី «ដំណើរទេសចរណ៍វិថីសូត្រនៅទីក្រុងប៉េកាំង ក្នុងឱកាសខួបទី៧០ នៃទិវាបង្កើតសាធារណរដ្ឋប្រជាមានិតចិន» រយៈពេល៥ថ្ងៃ, ពីថ្ងៃទី២០-២៤ ខែសីហា ឆ្នាំ២០១៩នេះ។ ប្រទេសកម្ពុជា កាណាដា ឥណ្ឌូនេស៊ី អ៉ីរ៉ង់ អាល្លឺម៉ង់ កេនយ៉ា កូរ៉េខាងត្បូង មីយ៉ាន់ម៉ា ប៉ាគីស្ថាន រុស្ស៊ី សេប៊ី ថៃ និងប្រទេសតួកគី។ កម្មវិធីកម្មវិធី «ដំណើរទេសចរណ៍វិថីសូត្រនៅទីក្រុងប៉េកាំង ក្នុងឱកាសខួបទី៧០ នៃទិវាបង្កើតសាធារណរដ្ឋប្រជាមានិតចិន» រួមមានដូចតទៀត៖

* ថ្ងៃទី១ (ថ្ងៃទី២០​​​ ខែសីហា)

ស្ថាប័នព័ត៌មានល្បីៗមកពី១៣ប្រទេស ក្នុងនោះរួមមានអង្គភាពព័ត៌មាន Fresh News របស់កម្ពុជា ត្រូវបានអញ្ជើញចូលរួមកម្មវិធី «ដំណើរទេសចរណ៍វិថីសូត្រនៅទីក្រុងប៉េកាំង ក្នុងឱកាសខួបទី៧០ នៃទិវាបង្កើតសាធារណរដ្ឋប្រជាមានិតចិន» នៅរដ្ឋធានីប៉េកាំង ដែលពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ស្ស៊ូ ហឺជាំង (XU Hejian) ប្រធានការិយាល័យព័ត៌មាននៃរដ្ឋបាលប្រជាជនចិននៅទីក្រុងប៉េកាំង។

នៅក្រោយបញ្ចប់កម្មវិធីប្រកាសបើកផ្លូវការ គណៈប្រតិភូទាំងអស់មកពី១៣ប្រទេស ត្រូវបានអញ្ជើញអោយដើរទស្សនាកំសាន្តតំបន់ Beijing EXPO 2019 ដ៏ធំល្វឹងល្វែងលំដាប់អន្តរជាតិ និងបានទស្សនារូបភាពស្រស់ស្អាតពីបណ្តាខេត្តនានា ប្រមូលផ្តុំនៅទីលាន Beijing Expo 2019។ ជាមួយនោះដែរគណៈប្រតិភូ បានបន្តទស្សនាកន្លែងសួនសត្វ និងកន្លែងសិប្បកម្មផលិតតៅហ៊ូ។

 

* ថ្ងៃទី២ (ថ្ងៃទី២១ ខែសីហា)

ប្រតិភូស្ថាប័នព័ត៌មាន Fresh News ព្រមទាំងស្ថាប័នព័ត៌មានល្បីៗមកពី១២ប្រទេសផ្សេងទៀត បានដើរទស្សនកិច្ចនៅកន្លែងជាច្រើន ក្នុងតំបន់ពហុកីឡដ្ឋាន Olympic របស់ចិន នៅទីក្រុងប៉េកាំង ដែលបាននិងកំពុងកសាងឡើងដើម្បីត្រៀមទទួលព្រឹត្តិការណ៍កីឡាអូឡាំពិក នៅឆ្នាំ២០២២ ខាងមុខនេះ។

លោក លឹម ជាវុត្ថា បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចនេះ ពួកយើងបានទៅទស្សនាអគារមួយចំនួន ក្នុងនោះមានពហកីឡដ្ឋានជាតិរបស់ចិន ដែលមានរាងដូចជា សំបុកចាបដ៏ប្រណិត, អគារតាំងពិព័រណ៍កីឡាអូឡាំពិក និងប៉ារ៉ាអូឡាំពិកនៅរដូវធ្លាក់ទឹកកក, អគារគណៈកម្មធិការរៀបចំកីឡាអូឡាំពិក និងទីតាំងផ្សេងទៀតរបស់ Beijing 2022 និង Beijing Paralymic Game 2022 ។

អ្វីដែលជក់ចិត្តនោះ គឺបានគយគន់ទេសភាពទីក្រុងប៉េកាំង ពីលើអគារកម្ពស់ ២៤៦.៨ម៉ែត្រដ៏ខ្ពស់សន្លឹម មើលឃើញទេសភាពជុំវិញ១៨០ដឺក្រេពេញ ដែលអគារនេះ ត្រូវបានសាងសង់ឡើង នៅក្នុងសួនរបស់គណៈកម្មធិការរៀបចំកីឡាអូឡាំពិកតែម្ដង។ ក្រៅពីនោះក្រុមមន្ត្រីបាននាំគណៈប្រតិភូព័ត៌មាន បានទស្សនាការហ្វឹកហាត់ របស់កីឡាករ និងទស្សនាការសម្តែងហ៉ីរបស់ចិនផងដែរ។ គណៈប្រតិភូស្ថាប័នព័ត៌មានបង្ហាញការរំពឹងទុកថា ការរៀបចំសំណង់អគារទាំងនេះ នឹងញ៉ាំងឱ្យការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២២ របស់ចិន ប្រពឹត្តទៅដោយជោគជ័យយ៉ាងរលូន។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចគណៈប្រតិភូព័ត៌មានទាំងអស់ ត្រូវបានអញ្ជើញឲ្យពិសារអាហារពេលល្ងាចនៅភោជនីយដ្ឋាន ទាខ្វៃប៉េកាំងដ៏ល្បីប្រចាំរដ្ឋធានីប៉េកាំង។

* ថ្ងៃទី៣ (ថ្ងៃទី២២ ខែសីហា)

គណៈប្រតិភូព័ត៌មានបានបន្តអញ្ជើញទៅមជ្ឈមណ្ឌលសម្រាប់អ្នកស្ម័គ្រចិត្តជួយមនុស្សចាស់ជរា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១០។ នៅក្នុងមជ្ឈមណ្ឌលនេះ គេបានផ្ដល់ឱកាសឱ្យយុវជនស្ម័គ្រចិត្តបង្រៀនមនុស្សចាស់ អំពីការប្រើប្រាស់ទូរស័ព្ទដៃទំនើប (Smart Phone) និងបច្ចេកវិទ្យានានានៅលើទូរស័ព្ទ ដូចជាការប្រើប្រាស់អ៉ីនធឺណេតជាដើម។

គណៈប្រតិភូបានបន្តដំណើរទៅដល់មជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ «ស៊ីចាហៃ» ឬហៅថា Shichahai Culture Exhibition Center ដែលមានសាលពិព័រណ៍ធំៗដល់ទៅ ៦សាល។ ក្នុងមជ្ឈមណ្ឌលពិព័រណ៍វប្បធម៌នេះ មានតាំងពិព័រណ៌វត្ថុបុរាណជាង១០០ប្រភេទ ដែលបានឆ្លុះបញ្ចាំងពីការរស់នៅ វប្បធម៌ និងប្រវត្តិសាស្ត្រក្នុងតំបន់ស៊ីចាហៃនេះ។

មជ្ឈមណ្ឌលពិព័រណ៍វប្បធម៌ ស៊ីចាហៃ បាននិងកំពុងរួមចំណែកទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី ដោយសារវានៅអាចអភិរក្សបាននូវតម្លៃវប្បធម៌ ប្រពៃណី និងសំណង់អគារចាស់ៗ រួមជាមួយការកែច្នៃតុបតែងលម្អអគារទាំងនោះប្រកបដោយភាពទាក់ទាញឡើងវិញ ដើម្បីធ្វើជាតូបលក់វត្ថុអនុស្សាវរីយ៍ ឬភោជនីយដ្ឋានជាដើម។ នៅក្នុងតំបន់ស៊ីឆាហៃនេះទៀតសោត ក៏មានសួនកម្សាន្តដ៏ស្រស់ស្អាតមួយ មានទឹកហូរកាត់នៅចំកណ្ដាលសួនតែម្ដង រំលេចបាននូវផ្ទាំងទស្សនីយភាពបែបធម្មជាតិ ប្រកបដោយភាពទាក់ទាញខ្ពស់។

នៅទីនោះក្រុមគណៈប្រតិភូទាំង១៣ប្រទេស ក៏បានចូលទទួលទានអាហារថ្ងៃត្រង់នៅក្នុងភោជនីយដ្ឋានដ៏ល្បីមួយដែលមានអាយុកាលជាង១៧០ឆ្នាំ និងមានអ្នកគ្រប់គ្រងរហូតដល់៧ជំនាន់។ អាហារដែលគណៈប្រតិភូចាប់អារម្មណ៍ជាងគេនោះគឺសាច់អាំងបុរាណរបស់ចិន (BBQ បុរាណ) ដែលអាំងនៅក្នុងបន្ទះថ្មធំមួយ ដោយអ្នកអាំងឈរអាំងជុំវិញ។

បន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់រួចហើយ គណៈប្រតិភូទាំងអស់បានទៅដល់សារមន្ទីរ «ហ៊ូតុង» ដែលមានសាលពិព័រណ៍ដល់ទៅ ៨សាល ក្នុងនោះមានការតាំងពិព័រណ៍កុលភាជន៍ និងសម្ភារៈប្រើប្រាស់របស់មនុស្សជំនាន់បុរាណជាច្រើនសម្បូរបែប។

នៅក្នុងសារមន្ទីរនេះដែរ ក៏មានសាលតន្ត្រីដ៏ល្អវិចិត្រមួយ ដែលមានតម្កល់ឧបករណ៍ភ្លេងដល់ទៅ ៧០ប្រភេទ ប៉ុន្តែសំឡេងរបស់វាសុទ្ធតែខុសៗគ្នាទាំងអស់ ហើយសុទ្ធតែជាឧបករណ៍ភ្លេង ដែលគេយកទៅប្រគំជាមួយបទចម្រៀងល្បីៗ នាសម័យក្រុងប៉េកាំងបុរាណនោះ។ ត្រង់ចំណុចនេះ គឺពិតជាមានភាពអស្ចារ្យ និងមិនគួរឱ្យជឿសោះថា នៅទីក្រុងប៉េកាំងពីបុរាណ មានឧបករភ្លេងដែលមានសំឡេងខុសៗគ្នាដល់ទៅ៧០ប្រភេទ។ បន្ទាប់មកគណៈប្រតិភូបន្តទៅទស្សនា មហោស្រពសិល្បៈ និងការសម្ដែងល្ខោនបុរាណប្រចាំទីក្រុងប៉េកាំង ដែលមានអាយុកាលជាង៨០០ឆ្នាំមកហើយ។ សម្រាប់ល្ខោនបុរាណមួយនេះ មានមនុស្សមកតម្រង់ជួរគ្នា ចូលទស្សនាល្ខោនយ៉ាងកុះករ។

 

* ថ្ងៃទី៤ (ថ្ងៃទី២៣ ខែសីហា)

គណៈប្រតិភូព័ត៌មាន ១៣ប្រទេស បានបន្តដំណើរទៅទស្សនាពិធីបង្ហូតទង់ជាតិចិន មជ្ឈមណ្ឌលវប្បធម៌ និងវិទ្យាសាស្ត្រ ទីក្រុងប៉េកាំង ឧទ្យាន និងមជ្ឈមណ្ឌលពិព័រណ៍ចុងហ្គ័នខិន សួនឧស្សាហកម្ម isoft Stone បុរីសិល្បៈ ព្រមទាំងតំបន់មួយចំនួនទៀត។

ក្នុងពិធីនោះ គេមានប្រជាជនចិនរាប់ម៉ឺននាក់នៅក្នុងប្រទេសចិន បានចូលរួមក្នុងពិធីបង្ហូតទង់ជាតិរបស់ពួកគេ អ្នកខ្លះជាភ្ញៀវទេសចរ អ្នកខ្លះជាសិស្សានុសិស្ស និស្សិត ដែលមើលទៅហាក់បង្ហាញពីស្មារតីជាតិនិយមរបស់ប្រជាជន ក្នុងមនសិកាស្រលាញ់ ការពារ លើកស្ទួយទង់ជាតិ ក៏ដូចជាប្រជាជាតិរបស់ពួកគេយ៉ាងក្លៀវក្លា។ កម្មវិធីបង្ហូតទង់ជាតិនេះ ត្រូវបានគេធ្វើឡើងជារៀងរាល់ថ្ងៃ នៅទីលានធានអានមិន។

បន្ទាប់ពីទស្សនា បន្តទៅទស្សនាមជ្ឈមណ្ឌលពិព័រណ៍វិទ្យាសាស្ត្រ ចុងហ្គ័នខិន (Zhongguancun) ដែលនៅទីនោះមានតាំងពិព័រណ៍ពីម៉ាស៊ីនទំនើបៗចុងក្រោយ មានដូចជា មាស៊ីនបកប្រែភាសាពីភាសាចិន ទៅអង់គ្លេស ដែលមានសមត្ថភាពបកប្រែលឿនមែនទែន ម៉ាស៊ីនស្គេនមុខ ដែលមានសមត្ថភាពកំណត់ អត្តសញ្ញាណមនុស្សបានដោយស្វ័យប្រវត្តិ និងជឿជាក់បាន ក្នុងន័យពង្រឹងបញ្ហាសន្តិសុខក្នុងប្រទេសចិន។

ក្នុងនោះក៏មានរថយន្តបើកបរដោយស្វ័យប្រវត្តិដ៏ទំនើប គ្រឿងបរិក្ខាវេជ្ជសាស្ត្រ ដែលមានសមត្ថភាពវះកាត់យ៉ាងងាយស្រួលជាងបច្ចេកវិទ្យាបច្ចុប្បន្ន ប្រើពេលរហ័សជាង កាត់បន្ថយការឈឺចាប់ និងការបាត់បង់ឈាមច្រើន។

បន្ទាប់មកទៅទស្សនាឧទ្យានចុងហ្គ័នខិន (Zhongguancun Software Park) ដែលប្រមូលផ្តុំទៅដោយមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាចុងក្រោយគ្រប់វិស័យ ទាំងវិស័យសុខាភិបាល សាធារណការ និងដឹកជញ្ជូន វិទ្យាសាស្ត្រ សន្តិសុខ វិទ្យាសាស្ត្រកុំព្យូទ័រ គ្រឿងយន្តជាដើម។

នៅក្នុងឧទ្យានចុងហ្គ័នខិននេះ ក៏មានតំបន់រោងចក្រផលិត និងគ្រប់ទិន្នន័យក្នុងរលកធាតុអាកាសមួយឈ្មោះថា «isoft Stone»។ វាដូចជាទីក្រុងវៃឆ្លាតដ៏ធំមួយ របស់ទីក្រុងប៉េកាំង ដែលគ្រប់គ្រងដោយក្រុមហ៊ុន Isoft Stone ដើម្បីគ្រប់គ្រង តាមដាននវានុវត្តន៍ថ្មីៗលើវិស័យនានា។

iSoft Stone ក៏ជាកន្លែងផលិត និងគ្រប់គ្រង Software លំដាប់ពិភពលោក ដោយបានផ្ដល់សេវាកម្មទៅដល់ក្រុមហ៊ុនជាង ១ពាន់ក្រុមហ៊ុន នៅក្នុងប្រទេស និងក្រៅប្រទេស ដូចជាទិន្នន័យដែលមាននៅលើទូរស័ព្ទដៃ Huwei កម្មវិធីកម្សាន្ត Tik Tok និងអ្វីៗផ្សេងទៀត។ ក្នុងចំណោមក្រុមហ៊ុនទាំងជាង ១ពាន់នោះ មានប្រមាណ៩០ក្រុមហ៊ុន សុទ្ធតែជាក្រុមហ៊ុនធំៗលំដាប់ពិភពលោក។

នៅក្នុងឧទ្យានចុងហ្គ័នខិនដដែល ក្រុមគណៈប្រតិភូក៏បានទៅទស្សនានៅបុរីសិល្បៈមួយរបស់ទីក្រុងប៉េកាំង មានប្រមូលផ្តុំទៅដោយសិល្បៈ វប្បធម៌ គំនូរ ដែលត្រូវបានគេប្រសិទ្ធនាមថា «ទីក្រុងសិល្បៈ City of Art»។ ពាក់ព័ន្ធនឹងបុរីសិល្បៈនេះ កាលពីជាង២០ឆ្នាំមុន តំបន់នេះគឺជាសួនឧស្សាហកម្មមួយដែលពោរពេញទៅដោយផ្សែង ប៉ុន្តែនៅឆ្នាំ២០០៣ ទីក្រុងប៉េកាំង បានចាប់ផ្តើមរៀបចំកែប្រែតំបន់នេះមកជាតំបន់ឧស្សាហកម្មគ្មានផ្សែងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យទស្សនា ដោយគេបានរើរោងចក្រឧស្សាហកម្មទាំងនោះ ទៅតាំងនៅតាមបណ្ដាខេត្តនានាវិញ ក្នុងគោលបំណងត្រៀមទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០០៨។

នៅពេលចប់ព្រឹត្តិការណ៍នេះ គេបានរៀបចំតំបន់នោះទៅជាកន្លែងសិល្បៈ វប្បធម៌ដ៏ទាក់ទាញ ក្នុងនោះមានទាំងភោជនីយដ្ឋាន អាហារដ្ឋាន ហាងលក់វត្ថុអនុស្សាវរីយ៍ កន្លែងពិព័រណ៍ ហាងលក់គំនូរ ដែលមានតាំងស្នាដៃរបស់វិចិត្រករពីកាហ្សូដ៏ល្បីល្បាញ។

មិនតែប៉ុណ្ណោះ គណៈប្រតិភូព័ត៌មានទាំង១៣ប្រទេស បានទៅទស្សនាសាលតាំងពិព័រណ៍សិល្បៈសហសសម័យ ដែលផ្តោតសំខាន់ទៅលើការកែច្នៃ និងការរចនាប្រកបដោយគំនិតច្នៃប្រឌិតលើគ្រឿងសង្ហារិម មានទាំងកៅអី តុ ទូ ដោយយកចិត្តទុកដាក់លើសោភ័ណភាព ផាសុកភាពជាដើម។

ក្រោយមកទៀត គណៈប្រតិភូព័ត៌មានទាំង១៣ប្រទេសខាងលើ ក៏បានទៅដល់អតីតស្ថានីយរថភ្លើងមួយ ដែលត្រូវបានប្រែក្លាយមកជាហាងកាហ្វេមួយដ៏ល្បីល្បាញមួយ និងជាកន្លែងពិព័រណ៍ម៉ូតូធំជំនាន់មុន (Classic)។ ដំណើរទស្សនកិច្ចខាងលើនេះ ក៏បានបន្តទៅដល់សារមន្ទីរមួយដែលបង្ហាញពីការផលិតឧស្ម័ន ពីព្រោះដើមឡើយកន្លែងនេះក៏ជារោងចក្រផលិតឧស្ម័នមួយដ៏ធំ។ ដំណើរទស្សនកិច្ចក្នុងថ្ងៃទី៤ ក៏ត្រូវបានបញ្ចប់ដោយភាពសប្បាយរីករាយ និងទទួលបានចំណេះដឹងជាច្រើនពីតំបន់នីមួយៗនៅក្នុងរដ្ឋធានីប៉េកាំង។

 

* ថ្ងៃទី៥ (ថ្ងៃទី២៤​ ខែសីហា)

លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News និងសហការី ព្រមទាំងមគ្គុទេសចរណ៍ម្នាក់ បានបន្តដំណើរជាលក្ខណៈឯកជនទៅកាន់ មហាកំពែងចិន (Great Wall) ទីដែលលោកប្រាថ្នា, ដោយចេញដំណើរចេញសណ្ឋាគារស្នាក់នៅព្រឹក និងបានទៅដល់មហាកំពែងចិន ដែលស្ថិតនៅក្នុងស្រុក Huairou នៃរដ្ឋធានីទីក្រុងប៉េកាំង នៅម៉ោងប្រមាណ១១ព្រឹក និងបានជិះកន្រ្តកខ្សែរ៉ូតយ៉ាងប្លែកអារម្មណ៍ ទៅដល់ចំណុចឡើងមហាកំពែង និងបានដើរទស្សនាកំសាន្តនៅលើ មហាកំពែងចិន ចំងាយប្រមាណជាង៥គីឡូម៉ែត្រសម្រាប់ដើរទៅ និងសម្រាប់ដើរត្រឡប់មកវិញជាង៥គីឡូម៉ែត្រ​ សរុបជាង១០គីឡូម៉ែត្រ។

មហាកំពែងចិន ដែលគេហៅពាក្យត្រឹមត្រូវនោះគឺ​ Mutianyu Great Wall ត្រូវបានកសាងនៅ ដោយរដ្ឋកាល «មីង» ពីឆ្នាំ១៣៦៨ ដល់ ១៦៤៤។ មហាកំពែងមាន ប្រវែងសរុប២១,១៩៦គីឡូម៉ែត្រ។

បន្ទាប់ដើរកំសាន្តលើមហាកំពែងរីករាយ និងយ៉ាងហត់ហើយនោះ, នៅវេលាម៉ោងជាង១៤៖៣០នាទី លោក វុត្ថា និងសហការី បានជិះកៅអីស្គីពីលើភ្នំមកជើងភ្នំវិញ ហើយបន្តទៅទានអាហារនៅហាងបែបធម្មជាតិឈ្មោះ Home of the Great Wall ស្ថិតនៅលើភ្នំ ជាមួយទេសភាពដ៏ប្រពៃ ដែលអានមើលឃើញមហាកំពែង ដូចសត្វនាគ នៅលើខ្នងជួរភ្នំយ៉ាងវែងអន្លាយគួរជាទីទាក់ចិត្ត។ ក្រោយពីទទួលទានរួចហើយបានធ្វើដំណើរត្រឡប់មកកាន់សណ្ឋាគារនៅទីក្រុងប៉េកាំង ដោយសុវត្ថិភាព៕