(ភ្នំពេញ)៖ កម្ពុជា និងចិន គ្រោងរួមគ្នាបង្កើតមជ្ឈមណ្ឌលមួយ ក្នុងគោលបំណងបង្កាត់ពូជឈើសំខាន់ៗ និងមានតម្លៃនៅកម្ពុជា ដែលគម្រោងនេះមានថវិកាឧបត្ថម្ភប្រមាណជា៥.៥លានដុល្លារសហរដ្ឋអាមេរិក ហើយគ្រោងអនុវត្តក្នុងឆ្នាំ២០២០ខាងមុខនេះ។
គម្រោងសហការគ្នានេះបង្ហាញឡើងរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្រោមការដឹកនាំដោយលោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Zhao Shucong នាយកអង្គការលេខាធិការដ្ឋាន បណ្តាញអាស៊ីប៉ាស៊ីហ្វិក សម្រាប់ការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព (APFNet)។
ក្នុងឱកាសចូលជួបសំដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យព្រៃឈើ រវាងលោក វេង សាខុន និងលោក Zhao Shucong នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ លោក Zhao Shucong បានជម្រាបជូនពីគោលបំណង នៃដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពរបស់គម្រោង ដែលអង្គការបានជួយគាំទ្រ និងពិនិត្យលទ្ធភាពជាក់ស្តែង ដើម្បីផ្តល់ការគាំទ្រសម្រាប់គម្រោងថ្មីៗបន្ថែមទៀត។
លោកបានវាយតម្លៃខ្ពស់ ចំពោះក្រសួងក៏ដូចជា រដ្ឋបានព្រៃឈើ ដែលបានជួយសហការ អនុវត្តគម្រោងសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់។
លោកបញ្ជាក់ថា អង្គការ APFNet នឹងពិនិត្យលទ្ធភាពក្នុងការបន្តការគាំទ្រជំហានទីពីរ ព្រោះយល់ឃើញថា គម្រោងបានបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានព្រៃឈើកម្ពុជាឡើងវិញ យ៉ាងមានប្រសិទ្ធភាព។
លោកបន្ដថា «ភាគីទាំងពីរ [កម្ពុជា-ចិន] នឹងរួមគ្នាបង្កើតមជ្ឈមណ្ឌលមួយ ក្នុងគោលបំណងបង្កាត់ពូជឈើសំខាន់ៗ និងមានតម្លៃនៅកម្ពុជា ដោយគម្រោងនេះមានថវិកាឧបត្ថម្ភប្រមាណជា ៥,៥លានដុល្លារសហរដ្ឋអាមេរិក ហើយគ្រោងនឹងអនុវត្តក្នុងឆ្នាំ២០២០ខាងមុខនេះ»។
លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងកិច្ចស្វាគមន៍ចំពោះលោក Zhao Shucong និងសហការីដែលបានមកបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជា ស្របពេលដែលប្រទេសទាំង២ កំពុងពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការពេញលេញ គ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ស្របតាមគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវ។
លោកបានសម្ដែងនូវអំណរគុណចំពោះរដ្ឋាភិបាលចិន ពិសេសអង្គការកំពុងជួយឧបត្ថម្ភគាំទ្រ ជាបន្តបន្ទាប់លើគម្រោងអភិវឌ្ឍវិស័យព្រៃឈើកម្ពុជា។ ក្នុងទិសដៅស្តារ គ្រប់គ្រង និងអភិវឌ្ឍព្រៃឈើជាតិឡើងវិញ។
រដ្ឋមន្ត្រីបន្ថែមថា ក្រសួងដែលមានរដ្ឋបាលព្រៃឈើជាសេនាធិការ បានកំណត់យកទិសដៅទាំងនោះជាអាទិភាព និងកំពុងខិតខំប្រឹងប្រែងជំរុញជាខ្លាំង ដោយបានយកអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍» មកអនុវត្ត។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាង ក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ APFNet បានចាប់ផ្តើមតាំងពីឆ្នាំ២០០៨ គម្រោងគាំទ្រមានចំនួន៤ ដែលមានថវិកាសរុបជាង ៧.៨លានដុល្លារសហរដ្ឋអាមេរិក៖
១៖ ស្តីពីមុខងារចម្រុះ នៃការងារស្តារព្រៃឈើ និងការគ្រប់គ្រងតំបន់ព្រៃឈើរិចរឹលនៅកម្ពុជា
២៖ គម្រោងស្តីពីការរៀបចំផែនការគ្រប់គ្រងព្រៃឈើ នៅតំបន់ទីជម្រាលស្ទឹងព្រែកត្នោត ផ្អែកលើផែនទេសភាព។
៣៖ គម្រោងស្តីពី ការធ្វើសមាហរ័ណកម្ម នៃការធ្វើផែនការគ្រប់គ្រងប្រព័ន្ធកូឡូស៊ីព្រៃឈើ និងគម្រោងបង្ហាញនៅមហាអនុតំបន់មេគង្គ។
៤៖ គម្រោងស្តីពី ការបង្កើតមជ្ឈមណ្ឌលបង្កាត់ពូជឈើមានតម្លៃនៅកម្ពុជា។
ក្នុងនោះគម្រោងទី១ និង២ ត្រូវបានបញ្ចប់ដោយជោគជ័យ។ ដោយឡែកសម្រាប់គម្រោងទី៣ កំពុងអនុវត្ត និងទី៤នឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២០ ខាងមុខនេះ៕