(ត្បូងឃ្មុំ)៖ លោក ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសម្រួលភារកិច្ច និងចូលកាន់តំណែង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំថ្មី។

ពិធីនេះ បានរៀបចំធ្វើឡើង នៅសាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសាលាខេត្ត និងមន្ត្រី នៃមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងខេត្តយ៉ាងច្រើនកុះករ។

តាមប្រកាសស្ដីពី ការផ្ទេរសម្រួលភារកិច្ច មន្ត្រីរាជការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ទេរសម្រួលភារកិច្ចលោក គី ដាណារិទ្ធ ពីអនុប្រធានមន្ទីរ ឡើងកាន់តំណែងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ។ ចំណែកឯលោក គី វិរិន ត្រូវផ្លាស់ទៅកាន់តំណែង ជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប។

លោក ជាម ច័ន្ទសោភ័ណ បានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់លោក គី វីរិន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំចាស់ កន្លងមកបានខិតខំអនុវត្តការងារ សម្រេចបាននូវ ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធនានា មានផ្លូវថ្នល់ ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផ្លូវទឹក ការគ្រប់គ្រងប្រព័ន្ធលូ អូរ ប្រឡាយ និងទឹកកខ្វក់បានល្អ។

លោក ក៏បានស្នើប្រធានមន្ទីរសាធារណការខេត្តថ្មី ប្រកាន់ភ្ជាប់នូវសាមគ្គីជាធ្លុងមួយ សម្រេចបាននូវស្នាដៃធំៗបន្តទៀត និងអនុវត្តនូវអភិក្រមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនាពីរបន្ថែមទៀត គឺកែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ។

លោក ស៊ុយ សាន ក៏បានណែនាំដល់ប្រធាន មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំថ្មី ត្រូវខិតខំបំពេញការងារ សហការសាមគ្គីភាពផ្ទៃក្នុង ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងខេត្តអនុវត្តនូវយុទ្ធសាស្ត្រ ចតុកោណតំណាក់កាលទី៤ និងគោលនយោបាយកែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា លើហេដ្ឋារចនា សម្ព័ន្ធផ្លូវ ថ្នល់ ច្បាប់ និងលិខិតបទដ្ឋាននានា តាមគោលការណ៍ក្រសួង និងតាមគណបញ្ជាការឯកភាពខេត្ត ឲ្យមានប្រសិទ្ធិភាព គណនេយ្យភាព និងតម្លាភាព ក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តត្បូងឃ្មុំ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត៕