(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។
កិច្ចព្រមព្រៀងនេះ ត្រូវបានបញ្ចប់ការចុះហត្ថលេខារួចរាល់ ដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី ក្នុងនាមរដ្ឋាភិបាលនៃម៉ាឡេស៊ី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩នេះ។
អគ្គនាយកដ្ឋានពន្ធដារចាត់ទុកថា «កិច្ចព្រមព្រៀងនេះ ជាកិច្ចព្រមព្រៀងទី៨ ដែលព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាជាមួយយុត្តាធិការដៃគូ។ កិច្ចព្រមព្រៀងនេះ ផ្តល់អត្ថប្រយោជន៍ដល់ភាគីហត្ថលេខី លើកិច្ចការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ធ្វើឱ្យប្រាកដប្រជាក្នុងការកំណត់សិទ្ធិនៃការយកពន្ធ, កំណើនមូលដ្ឋានគិតពន្ធតាមរយៈការទាក់ទាញវិនិយោគដោយផ្ទាល់, លំហូរមូលធន, ការផ្ទេរបច្ចេកវិទ្យានិងជំនាញពីបរទេស, ការការពារនិវាសនជនពីប្រព្រឹត្តកម្មមិនត្រឹមត្រូវពាក់ព័ន្ធនឹងពន្ធ, និងការការពារចំណូលពន្ធក្នុងស្រុកតាមរយៈកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការគេចវេះពន្ធ រវាងប្រទេសទាំងពីរ»។
កិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ នឹងត្រូវចូលជាធរមាន នៅកាលបរិច្ឆេទនៃការទទួលបានការជូនដំណឹងក្រោយគេ អំពីការបំពេញចប់សព្វគ្រប់នូវនីតិវិធីដែលតម្រូវដោយច្បាប់ក្នុងស្រុក។
កិច្ចព្រមព្រៀងនេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងចំណោមសមិទ្ធផលសំខាន់ៗជាច្រើន ដែលរាជរដ្ឋាភិបាលនីតិកាលទីប្រាំមួយនៃរដ្ឋសភា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាសម្រេចបាន។
កម្ពុជាបាននិងកំពុងធ្វើការចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ជាមួយបណ្តាប្រទេសដៃគូមួយចំនួនទៀតដូចជា ហ្វីលីពីន, កូរ៉េ, ជប៉ុន, តួកគី, និងតំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ជាដើម៕