(ភ្នំពេញ)៖ លោកបណ្ឌិត មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងភរិយា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩។ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីមានវ័យចំណាស់ជាងគេ នៅលើពិភពលោករូបនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ 

លោក មហាធា និងភរិយា បានអញ្ជើញដល់ប្រទេសកម្ពុជា នៅម៉ោង៩៖៤០នាទីព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩។ ខណៈដែលលោក មហាធា មានវត្តមាននៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារស្វាគមន៍ភ្លាមៗ ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិត និងភរិយាផងដែរ។

 

 

ដំណើរទស្សនកិច្ចផ្លូវការរបស់ បណ្ឌិតមហាធា មហាម៉ាត់ នៅកម្ពុជា ជាការរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដ៏ល្អរវាងកម្ពុជា និងម៉ាឡេស៊ី ទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ។

ក្រោយពេលមកដល់ប្រទេសកម្ពុជា មេដឹកនាំវ័យ៩៤ឆ្នាំរូបនេះ បានស្នាក់នៅសណ្ឋាគារសូហ្វីតែល។ រហូតដល់ម៉ោង២៖៣០នាទី រសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានចាប់ផ្តើមធ្វើបាឋកថា ជូនដល់និស្សិតខ្មែរប្រមាណ ៧០០នាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ក្រោមប្រធានបទ «ការរក្សាតុល្យភាពទំនាក់ទំនង ជាមួយប្រទេសមហាអំណាច នៅក្នុងបរិបទអាស៊ាន»។

នៅក្នុងឱកាសនោះ នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី បានកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលបានប្រែប្រួលយ៉ាងឆាប់រហ័ស ដោយមានទាំងសំណងអគារខ្ពស់ កំពុងរីកដុះដាលពាសពេញរាជធានីភ្នំពេញ។ លោកអះអាងថា នៅពេលយន្ដហោះចុះចត ដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ លោកបានសង្កេតឃើញថា រាជធានីភ្នំពេញ ហាក់បានផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស ខុសប្លែកកាលពីពេលលោកអញ្ជើញមកលើមុន ពោលបច្ចុប្បន្នរាជធានីភ្នំពេញ មានអគារខ្ពស់ៗជាច្រើន បានរីកដុះដាល។

លោក មហាធា មហាម៉ាត់ បានប្រាប់ទៅកាន់សាស្ត្រចារ្យ និងនិស្សិតកម្ពុជា កុំឱ្យបរិភោគច្រើនដែលជាហេតុនាំឱ្យសារពាង្គកាយឆាប់ចាស់ និងទ្រុឌទ្រោម។ លោក មហាធា គឺជាវេជ្ជបណ្ឌិតមួយរូបដែលបានបញ្ចប់មហាវិទ្យាល័យផ្នែកសុខាភិបាល ហើយលោកជាអ្នករកស៊ីលើវិស័យសុខាភិបាលផងដែរមុនចូលប្រឡូកក្នុងឆាកនយោបាយ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានលើកឡើងថា កម្ពុជាជាប្រទេសមួយដែលមានវប្បធម៌ និងអរិយធម៌ចំណាស់ជាងសហរដ្ឋអាមេរិក ដូច្នេះត្រូវជ្រើសរើសយកដំណើរការដឹកនាំរបស់ប្រទេសទៅតាមកាលៈទេសៈឱ្យស្របតាមវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួន មិនមែនត្រូវដើរតាមបែបបទប្រជាធិបតេយ្យបង្គាប់បញ្ជា ឬការចង់បានណាមួយរបស់អាមេរិកនោះឡើយ។

នៅក្នុងបាឋកថានោះ លោកបណ្ឌិត មហាធា បានបង្ហាញសុទិដ្ឋិយមចំពោះលំហូរវិនិយោគទុនចិន និងបរទេស នៅក្នុងប្រទេសម៉ាឡេស៊ី ដែលនឹងជួយដល់កំណើនសេដ្ឋកិច្ច។ ប៉ុន្តែលោកអះអាងថា ដើម្បីការពារកុំឱ្យមានបញ្ហាដោយលំហូរវិនិយោទុនបរទេសនេះ គឺត្រូវចេះគ្រប់គ្រង់ឱ្យបានល្អ។ ការលើកឡើងនេះ គឺឆ្លើយនឹងសំណួរនិស្សិតខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្រោយបញ្ចប់បាឋកថា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញហើយនោះ លោក មហាធា មានកម្មវិធីសំណេះសំណាលផ្ទាល់ខ្លួនមួយទៀតនោះគឺ សំណេះសំណាលជាមួយថ្នាក់ដឹកនាំមុស្លិមកម្ពុជាទូទាំងប្រទេស។ ជំនួបនេះ បានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ដោយមានវត្តមាន ឧកញា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ រួមទាំងថ្នាក់ដឹកនាំខ្មែរឥស្លាម និងឥស្សរជននយោបាយមួយចំនួន។

តាមផែនការដែលគ្រោងទុក នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃទី២ នៃដំណើរទស្សនកិច្ចផ្លូវការរបស់មេដឹកនាំម៉ាឡេស៊ី លោកត្រូវចូលបំពាក់កម្រងផ្កា នៅវិមានឯករាជ្យ និងគោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ប៉ុន្តែដោយសារតែបញ្ហាអាកាសធាតុ លោកពុំបានបំពេញកិច្ចទាំងពីរនេះទេ។

រហូតដល់ម៉ោងប្រមាណជិត៩៖០០ព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ទើបនាយករដ្ឋមន្រ្តីប្រទេសទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និង លោក មហាធា មហាម៉ាត់ ចាប់ផ្តើមមានជំនួបទ្វេភាគីជាផ្លូវការ។ ពិធីស្វាគមន៍នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ត្រូវបានរៀបចំដូចគ្នាទៅនឹងការស្វាគមន៍នាយករដ្ឋមន្រ្តីដទៃទៀត នៅវិមានសន្តិភាព។

ក្នុងនាមជាម្ចាស់ផ្ទះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរម៉ាឡេស៊ី ក្នុងឱកាសបុណ្យជាតិលើកទី៦២ របស់ម៉ាឡេស៊ី ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរ ចំពោះការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រ ស៊ុលតង់ អាប់ឌូឡា ស៊ុលតង់ អាម៉ាដ ជាព្រះមហាក្សត្រទី១៦របស់ម៉ាឡេស៊ី។

នៅក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះមិត្តភាព និងកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធរវាងកម្ពុជា និងម៉ាឡេស៊ីលើគ្រប់វិស័យ រួមមានពាណិជ្ជកម្ម និងការវិនិយោគ ការអភិវឌ្ឍឧស្សាហកម្មហាឡាល ការពារជាតិ និងសន្តិសុខ ទេសចរណ៍ កសិកម្ម និងការអប់រំ។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់អំពីសារៈសំខាន់នៃការបន្តខិតខំពង្រឹងពង្រីកកិច្ចសហការ និងសហប្រតិបតិ្តការនៅក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពហុភាគី ដើម្បីបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ទាំងមូល។

មេដឹកនាំកម្ពុជា-ម៉ាឡេស៊ី បានបង្ហាញអំពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីលើកកម្ពស់មជ្ឈភាពអាស៊ាន និងដើម្បីសម្រេចបាននូវសមាហរណកម្មមួយ ដែលមានសាមគី្គភាពនយោបាយស្អិតរមួត សមាហរណកម្មសេដ្ឋកិច្ច ការទទួលខុសត្រូវសង្គម និងផ្អែកលើគោលការណ៍ច្បាប់ ការតម្រង់ទិសដើម្បីប្រជាជន និង ផ្តោតសំខាន់លើប្រជាជន។

ក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរ លើកទឹកចិត្តស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីបន្តពង្រឹងក្របខណ្ ឌដែលបានព្រមព្រៀងគ្នាក្នុងវិស័យការងារ និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលកាន់តែជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីការពារសិទ្ធិ និងដោះស្រាយបញ្ហាសុខុមាលភាពពលករចំណាកស្រុករបស់កម្ពុជានៅម៉ាឡេស៊ី។

ថ្នាក់ដឹកនាំទាំងពីរ បានទទួលស្គាល់អំពីកំណើន នៃការគម្រាមកំហែងភេវរកម្ម និងភាពជ្រុលនិយមនៅទូទាំងពិភពលោក ហើយការសម្របសម្រួលលើវិស័យសន្តិសុខ ចាំបាច់ត្រូវបង្កើតឡើងឲ្យកាន់តែប្រសើររវាងប្រទេសទាំងពីរ។

នៅក្នុងឱកាសនោះដែរ លោក មហាធា មហាម៉ាត់ បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៉ី តាមពេលវេលាសមស្រប។

នាយករដ្ឋមន្ដ្រីនៃកម្ពុជា-ម៉ាឡេស៊ី បានចាត់ទុកថា ការដាក់ទណ្ឌកម្មរបស់ ប្រទេសមហាអំណាច ទៅលើប្រទេសតូចៗ គឺជារឿងអយុត្តិធម៌ជាទីបំផុត ព្រោះថាទណ្ឌកម្មនេះ មិនត្រឹមតែប៉ះពាល់ដល់ប្រទេសមួយនោះទេ ពោលប៉ះពាល់ដល់ប្រទេសដែលជាដៃគូពាណិជ្ជកម្មផងដែរ។

រឿងសំខាន់មួយទៀត នៅក្នុងជំនួបមេដឹកនាំទាំងពីរ គឺកម្ពុជា និងម៉ាឡេស៊ី បានបង្ហាញមតិស្របគ្នាថា ប្រទេសទីម័រគួរត្រូវបានអនុញ្ញាតឱ្យចូលជាសមាជិករបស់អាស៊ាន។ បញ្ហានេះ កម្ពុជាធ្លាប់បានប្រកាសគាំទ្រជាសាធារណៈច្រើនដងរួចទៅហើយ។

បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាទ្វេភាគី និងធ្វើសន្និសីទរួមគ្នាហើយនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក មហាធា មហាម៉ាត់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានបន្តអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ រួមមាន៖

១៖ កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់យកពន្ធត្រួតស៊ីគ្នា លើកលែងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ចុះហត្ថលេខាដោយលោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។

២៖ អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។

ទន្ទឹមគ្នានឹងជំនួបរវាងមេដឹកនាំទាំងពីរ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ដែរនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ភរិយាសម្តេចតេជោ ហ៊ុន សែន ក៏បានទទួលជួបសម្តែងការគួរសមពី លោកបណ្ឌិត ស៊ីទី ហាសម៉ាប៊ីនទិ ម៉ូដ អាលី ភរិយាលោកនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី លោក មហាធា មហាម៉ាត់ (Mahathir Mohamad) ផងដែរ។

បន្ទាប់ពីបញ្ចប់ជំនួបទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាពហើយនោះ នៅវេលាម៉ោងជាង១១៖០០ព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ លោក មហាធា មហាម៉ាត់ បានបន្តជួបសម្តែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា នៅវិមានព្រឹទ្ធសភា។

ក្នុងជំនួបនោះ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី បានបង្ហាញក្តីសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចរបស់លោកនឹងអាចត្រួសត្រាយផ្លូវ ដើម្បីឱ្យកម្ពុជា-ម៉ាឡេស៉ី រួមគ្នាធ្វើការអភិវឌ្ឍ និងមានកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីវិបុលភាព នៃប្រទេសទាំងពីរ។ លោកបានជម្រាបជូន សម្តេចប្រមុខរដ្ឋស្តីទីថា តាមរយៈដំណើរទស្សនកិច្ចនេះ មានការចុះហត្ថលេខាលើអនុស្សារណយោគយល់គ្នាចំនួនពីរ។ ក្រៅពីនេះក៏នឹងមានអនុស្សារណៈយោគយល់គ្នាជាច្រើនទៀត ដែលកំពុងរៀងចំ និងត្រៀមចុះហត្ថលេខា រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរនាពេលខាងមុខ។

ក្នុងព្រះបរមនាម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវសេចក្តីរីករាយ និងស្វាគមន៍ដ៏កក់ក្តៅ ចំពោះលោកនាយករដ្ឋមន្រ្តី និងភរិយា ព្រមទាំងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅកម្ពុជា។

សម្តេចប្រមុខរដ្ឋស្តីទី មានជំនឿថា តាមរយៈដំណើរទស្សនកិច្ចជាផ្លូវការ របស់គណៈប្រតិភូនៅកម្ពុជានាពេលនេះ គឺជាការបន្តខិតខំថែរក្សាប្រពៃណី ដ៏ល្អនៃចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អ ប្រសើរឡើង និងរឹងមាំថែមទៀត។ ទំនាក់ទំនងដ៏ល្អនេះ បានចាប់ផ្តើមស្ថាបនាឡើងរវាង ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» និងថ្នាក់ដឹកនាំម៉ាឡេស៉ីជំនាន់មុន។

ក្រោយបំពេញកិច្ចផ្សេងៗ ក្នុងដំណើរទស្សនកិច្ចផ្លូវការហើយនោះ នៅព្រលប់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ លោក មហាធា មហាម៉ាត់ និងភរិយា បានអញ្ជើញចូលរួមពិធីជប់លៀងផ្លូវការ ដែលរៀបចំដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅវិមានសន្តិភាព។ ពិធីនោះមានការចូលរួមពីថ្នាក់ដឹកនាំប្រទេសទាំងពីរជាច្រើនរូបផងដែរ។

លុះនៅវេលាម៉ោង៩៖២០នាទីព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ីដែលធ្លាប់កាន់តំណែង២ដង រយៈពេល២២ឆ្នាំ បានអញ្ជើញចាកចេញពីកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ប្រកបដោយជោគជ័យ។

 

លោក មហាធា មហាម៉ាត់ ចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសរុស្ស៉ី ដើម្បីបំពេញទស្សនកិច្ចនៅទីនោះតបតាមការអញ្ជើញរបស់ប្រធានាធិបតី ពូទីន។ ភរិយារបស់លោក មហាធា មិនបានអមដំណើរទៅកាន់រុស្ស៉ីជាមួយស្វាមីនោះទេ គឺលោកស្រីអញ្ជើញត្រឡប់ទៅកាន់ប្រទេសម៉ាឡេស៊ី តាមជើងហោះហើរមួយទៀត។

មុននឹងបញ្ចប់មុនដំណើរចាកចេញរបស់ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្រសួងការបរទេសកម្ពុជា ក៏បានចេញ ក៏បានចេញសេចក្តីថ្លែងការណ៍រួមកម្ពុជា-ម៉ាឡេស៊ី ចំនួន១៧ចំនួន ដែលបង្ហាញអំពីលទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោក មហាធា។

លោក មហាធា ធ្លាប់បានមកកាន់ប្រទេសកម្ពុជា ចំនួន៤លើករួចទៅហើយ ក្នុងនោះមាននៅឆ្នាំ១៩៩៤ ក្នុងនាមនាយករដ្ឋមន្រ្តី បន្ទាប់មកនៅខែវិច្ឆិកា ឆ្នាំ២០០២ ក្នុងនាមជានាយករដ្ឋមន្រ្តីដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បន្តទៀតនៅឆ្នាំ២០០៦ ក្រោយពេលបាត់បង់តំណែងនាយករដ្ឋមន្រ្តី ប៉ុន្តែវត្តមានរបស់ មហាធា មកកាន់កម្ពុជាពេលនោះ ក្រោមការអញ្ជើញរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ហើយនឹងចុងក្រោយនៅឆ្នាំ២០០៩ ជាលក្ខណៈឯកជន។

កម្ពុជា-ម៉ាឡេស៊ី បានភ្ជាប់ទំនាក់ទំនងការទូត នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ១៩៥៧។ តែនៅក្នុងពេលកម្ពុជា ជួបវិបត្តិដោយភ្លើងសង្គ្រាមពីឆ្នាំ១៩៦៩ ដល់ឆ្នាំ១៩៧៥ ប្រទេសទាំងពីររក្សាចំណងការទូត នៅត្រឹមកម្រិតភារធារីស្តីទីមាននិវេសនដ្ឋាននៅទីក្រុងប៉េកាំង។ កម្ពុជា និងម៉ាឡេស៊ី បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩១។

សម្រាប់ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងជាគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានជាង ៤១១លានដុល្លារអាមេរិក កម្ពុជានាំទៅម៉ាឡេស៊ីជិត ១៤៨លានដុល្លារ ហើយនាំចូលពីម៉ាឡេស៊ីមានជិត ៤៦៤លានដុល្លារ។

នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មសរុបមានជាង ៤៧៤លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទៅម៉ាឡេស៊ីមានជាង ១៣០លានដុល្លារ ហើយនាំចូលពីម៉ាឡេស៊ីមានជាង ៣៤៤លានដុល្លារ។ ៦ខែ ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មមានជាង ៤០០លានដុល្លារ ក្នុងនោះកម្ពុជានាំទៅម៉ាឡេស៊ីមានជាង ៦០លានដុល្លារ ហើយនាំចូលពីម៉ាឡេស៊ី មានជិត ៣៤០លានដុល្លារ៕