(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម នឹងរៀបចំកម្ទេចគ្រាប់ខូចគុណភាពចំនួន ២៥០ តោន នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (អាសេអូ) ស្ថិតក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី០៨ ខែកញ្ញានេះ។

ពិធីនេះនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ និងជាប្រធានគណៈកម្មាធិការជាតិ។

មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម បានបញ្ជាក់ទៀតថា ក្នុងចំណោមគ្រាប់ខូចគុណភាពចំនួន ២៥០ តោនទាំងនោះ មានមួយចំនួនជាប្រភេទគ្រាប់ត្រូវកម្ដៅថ្ងៃខ្លាំង អាចបង្កឲ្យហុយឆេះ និងប្រភេទគ្រាប់ មានស្ថានភាពពុកផុយងាយនឹងផ្ទុះអាចប្រឈមនឹងហានិភ័យខ្ពស់។

ដូច្នេះដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាជន និងទប់ស្កាត់បានទាន់ពេលវេលារាល់គ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ មជ្ឈមណ្ឌលជាតិនឹងកម្ទេចគ្រាប់ខូចគុណភាពទាំងអស់នេះចោល ចាប់ពីថ្ងៃទី១០ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩៕