(ភ្នំពេញ)៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ក្រសួងមហាផ្ទៃ និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EUROCHAM) នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងការចែកចាយ នូវផលិតផលក្លែងក្លាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា»

បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ បានបញ្ជាក់ថា ការចុះ MoU នេះ នឹងធ្វើឡើង នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ការចុះ MoU នេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ និងប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ផលិតផលខូចគុណភាព ផលិតផលហួសកាលបរិច្ឆេទ និងផលិតផលបំពានច្បាប់ដទៃទៀត ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ និងដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់វិនិយោគគិន និងអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា៕