(ឆាងអាន-ចិន)៖ លោកស្រី Cui Li ជាអនុប្រធាននៃ គណៈកម្មការភាពជាអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (GNFCC SCO) បានថ្លែងថា ក្បាច់គុនថៃជី និងក្បាច់យូហ្កា គឺជាកីឡាកំពុងតែពេញនិយម និងជាកម្មវិធីសមរម្យ សម្រាប់ប្រជាជនចិន ប្រជាជនឥណ្ឌា និងប្រជាជននៃបណ្ដាប្រទេសមួយចំនួនទៀតលើពិភពលោក។

លោកស្រី Cui Li ដែលជាអតីតនាយករងនៃគណៈកម្មការសុខភាពជាតិចិនផងនោះ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ក្នុងកម្មវិធីថៃជី និងយូហ្កា របស់អង្គការសហប្រតិបត្តិការសៀងហៃ ប្រចាំឆ្នាំ២០១៩ (2019 SCO Tai Chi and Yoga)។ វាត្រូវបានធ្វើឡើង នៅឯវិមានឋានសួគ៌របស់ស្ដេចថាង នៅទីក្រុងឆាងអាន។

មន្ត្រីជាន់ខ្ពស់របស់ចិន បានបញ្ជាក់យ៉ាងដូច្នេះថា «ចិន និងឥណ្ឌា គឺជាសមាជិករបស់អង្គការសហប្រតិបត្តិការសៀងហៃដូចគ្នា។ ក្បាច់គុណថៃជី និងយូហ្កា គឺជាកីឡាមួយប្រភេទកំពុងតែពេញនិយមបំផុត និងជាកម្មវិធីហាត់ប្រាណសមរម្យមួយសម្រាប់ប្រជាជនចិន ប្រជាជនឥណ្ឌា និងប្រជាជននៃបណ្ដាប្រទេសមួយចំនួនទៀតលើពិភពលោកនេះ»

លោកស្រីបន្តថា កីឡាទាំងពីរប្រភេទនេះ ជួយសម្រួលដល់អ្នកហាត់ទាំងឡាយ ឲ្យមានអារម្មណ៍ល្អ និងមានភាពស្ងប់សុខទាំងផ្លូវកាយនិងផ្លូវចិត្ត។ ពួកវាមិនត្រឹមតែជាកីឡាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការសង្ខេបមនៃទស្សនវិជ្ជារបស់ជីវិតមនុស្ស និងការធ្វើឱ្យមានភាពកាន់តែប្រសើរឡើង ផ្នែកប្រាជ្ញាស្មារតី។

ជាមួយគ្នានេះដែរ លោក Vladimir Norov អគ្គលេខាធិការរបស់ SCO បានជំរុញឲ្យប្រជាជននានាលើពិភពលោក ជាពិសេសប្រជាជន នៃប្រទេសដែលជាសមាជិករបស់ SCO ចូលរួមហាត់ក្បាច់គុនថៃជី និងយូហ្កាទាំងអស់គ្នា ដើម្បីសុខភាព។ លោកសង្ឃឹមថា កីឡាទាំង២ប្រភេទនេះ និងល្បីទូទាំងទ្វីបអាស៊ីនិងអឺរ៉ុបផងដែរ។

សូមបញ្ជាក់ថា ក្នុងនាមជាអនុស្ថាប័ន ដែលជាផ្នែកមួយនៃ ក្រសួងការបរទេស, GNFCC បានប្តេជ្ញាពង្រីកបណ្តាញផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពស្និទ្ធស្នាល ក្នុងចំណោមប្រទេស SCO និងរួមចំណែក ដល់ការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។ GNFCC SCO ត្រូវបានបង្កើតឡើងដោយប្រធានាធិបតីចិន លោក ស៉ី ជិនពីង នៅឆ្នាំ២០១៣ នៅពេលដែលគាត់បានប្រកាសសំណើររបស់ចិន ក្នុងកិច្ចប្រជុំក្រុមប្រឹក្សារបស់ប្រមុខរដ្ឋ នៃកិច្ចប្រជុំកំពូល SCO លើកទី១៣។

រីឯ SCO ក៏ត្រូវបានប្រកាសឡើងដោយ កតិកាសញ្ញាមួយ នៅឆ្នាំ២០០១ ក្រោមគំនិតផ្តួចផ្ដើមរបស់ លោក ស៉ី ជិនពីង ដដែល និងត្រូវបានចុះហត្ថលេខានៅឆ្នាំ២០០២ ហើយត្រូវបានចូលជាធរមាន នៅឆ្នាំ២០០៣។

បច្ចុប្បន្ននេះ SCO មានប្រទេសជាសមាជិកចំនួន៨ រួមមាន ចិន ឥណ្ឌា កាហ្សាក់ស្ថាន Kyrgyzstan ប៉ាគីស្ថាន រុស្ស៊ី តាជីគីស្ថាន និង Uzbekistan។ ប្រទេសជាអ្នកសង្កេតការណ៍មាន៤ រួមមាន អាហ្វកានីស្ថាន បេឡារុស អ៉ីរ៉ង និងម៉ុងហ្គោលីចំណែកឯ ប្រទេស ដែលជាដៃគូសន្ទនាមាន៦ រួមមាន កម្ពុជា អាហ្សេបេហ្សង់ អាមេនី នេប៉ាល់ តួកគី និងស្រីឡាំងកា៕