(កំពង់ចាម)៖ មន្ដ្រីនគរបាលចំនួន ១៥៧នាក់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោក លោកស្រី នាយ នាយរងការិយាល័យ លោកអធិការស្រុក ក្រុងទាំង១០ សរុបអ្នកចូលរួម ចំនួន២៥០នាក់។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានជំរុញឲ្យមន្ដ្រីនគរបាលទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារ ត្រូវទទួលខុសត្រូវសម្រាប់ការអនុវត្តតាមតួនាទី និងភារកិច្ច ត្រូវចេះស្មោះត្រង់ចំពោះប្រជាពលរដ្ឋ និងឆ្លើយតបធ្វើអន្តរាគមន៍ទាន់ពេលវេលា។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានធ្វើការផ្ដាំផ្ញើជូនមន្រ្តីបន្តវេន ខិតខំពង្រឹង និងបន្ត អនុវត្តយ៉ាងមឹងម៉ាត់ចំពោះវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ បង្កើនសមត្ថភាពថ្មីៗ ដើម្បីបំពេញការងារក្នុងអង្គភាពឲ្យបានល្អប្រសើរ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ លោកវរសេនីយទោ អឿ សុភា នាយការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម តំណាងមន្ដ្រីនគរបាល ដែលទើបទទួលបានការតែងទាំងថ្មី និងបំពាក់ឋានន្ដរស័ក្ដិ បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះថ្នាក់ដឹកនាំ អគ្គស្នងការនគរបាលជាតិ អភិបាល នៃគណៈអភិបាលខេត្ត គណៈស្នងការនគរបាលខេត្តកំពង់ចាម ដែលបានយកចិត្តទុកដាក់ ផ្ដល់នូវភាពកក់ក្តៅ និងកិត្តិយស ក្នុងជីវិតការងាររបស់មន្ដ្រីនគរបាលទាំងអស់គ្នា ដោយទទួលបានក្តីសោមនស្សរីករាយឥតប្រៀបបាន ក្នុងពិធីដ៏មានសារសំខាន់ នាពេលនេះ។

ដើម្បីឆ្លើយតបនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លា និងសកម្មភាពដ៏ល្អដុងឧត្តមរបស់ថ្នាក់លើ លោកវរសេនីយ៍ទោ អឿ សុភា បានធ្វើការប្ដេជ្ញាចិត្ត និងសូមសន្យា ដូចខាងក្រោម៖

*ទី១៖ មានភក្តីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ
*ទី២៖ ត្រូវគោរព និងអនុវត្តដោយស្មោះត្រង់ តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
*ទី៣៖ យកអស់កម្លាំងកាយចិត្ត គំនិតប្រាជ្ញា ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដោយស្មោះត្រង់ និងមិនធ្វើអ្វីដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ របស់ប្រជាពលរដ្ឋឡើយ
*ទី៤៖ គោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ ដោយសច្ចៈយុត្តិធម៌ ចំពោះច្បាប់បទបញ្ញត្តិ និងបទបញ្ជាផ្សេងៗ របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់
*ទី៥៖ ត្រូវគោរពប្រតិបត្តិយ៉ាងម៉ឺងម៉ាត់នូវវិន័យ ០០៦ របស់កងកម្លាំងនគរបាលជាតិ
*ទី៦៖ រក្សាសាម្គីភាពជាធ្លុងមួយ និងខិតខំបង្កើនសមត្ថភាព ដើម្បីបំពេញការងារឲ្យបានល្អប្រសើរ ក្នុងកិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ៕