(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត កំពុងអន្តរាគមន៍ភ្លាមៗ បន្ទាប់ពីមានហេតុការណ៍អាងហែលទឹកសិប្បនិម្មិតមួយកន្លែង ស្ថិតសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានដាច់ខ្សែហើយរសាត់តាមទឹក ទៅទើរជាប់នៅចំណុច គល់ស្ពានកោះប៉ែន ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោងជិត៩យប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩នេះ។

សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ចាម បានឲ្យដឹងទៀតថា ហេតុការណ៍នេះមិនបណ្ដាលឲ្យប្រជាពលរដ្ឋ ឬភ្ញៀវទេសចរណាម្នាក់ រងគ្រោះថ្នាក់នោះទេ ហើយរហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចកំពុងតែរៀបចំខ្សែ ដើម្បីទាញអាងទឹកសិប្បនិម្មិតនេះ កុំឲ្យប៉ះនឹងស្ពាន ព្រោះខ្លាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ដោយឡែក ដំណោះស្រាយជំនាន់បន្ទាប់នោះ គឺរងចាំសាឡង់ដឹកខ្សាច់ដើម្បីអូសអាងទឹកនេះចេញទៅកន្លែងដើមវិញ។

សូមបញ្ជាក់ថា អាងហែលទឹកសិប្បនិម្មិតនេះ មានទំហ៊ុទទឹង២២ម៉ែត្រ បណ្តោយ៦០ម៉ែត្រ កម្ពស់៣ម៉ែត្រ បានដាច់ខ្សែហើយរសាត់ទៅទើនៅគល់ស្ពានកោះប៉ែន។ ក្រោយពីទទួលព័ត៌មាន លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងលោកឧត្ដមសេនីយ៍ ឯម កុសល បានបញ្ជាកម្លាំងអន្តរាគមន៍ចុះទៅកន្លែងកើតហេតុភ្លាម ដើម្បីរកវិធីដោះស្រាយ៕