(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម បានរៀបចំកម្ទេចគ្រាប់ខូចគុណភាពចំនួន២៥០តោន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ (អាសេអូ) ស្ថិតក្នុងខេត្តកំពង់ស្ពឺ។

ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ និងនាយឧត្តមសេនីយ៍ សែម សុវណ្ណី អគ្គនាយក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម។

មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម បានបញ្ជាក់ទៀតថា ក្នុងចំណោមគ្រាប់ខូចគុណភាពចំនួន២៥០តោនទាំងនោះ មានមួយចំនួនជាប្រភេទគ្រាប់ត្រូវកម្ដៅថ្ងៃខ្លាំងអាចបង្កឲ្យហុយឆេះ និងប្រភេទគ្រាប់មានស្ថានភាពពុកផុយ ងាយផ្ទុះអាចប្រឈមនឹងហានិភ័យខ្ពស់។ ដូច្នេះដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាជន និងទប់ស្កាត់បានទាន់ពេលវេលារាល់គ្រោះថ្នាក់ ដែលអាចកើតឡើងជាយថាហេតុ មជ្ឈមណ្ឌលជាតិ បានកម្ទេចគ្រាប់ខូចគុណភាពទាំងអស់នេះចោល ចាប់ពីថ្ងៃទី១០ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ផងដែរ៕