(ភ្នំពេញ)៖ រាល់ពេលប្រលងសញ្ញាប័ត្រមធ្យមសិក្សារៀងរាល់ឆ្នាំសិស្សានុសិស្សទាំងអស់តែងរំពឹង និងចង់បានលទ្ធផលល្អគ្រប់ៗគ្នា។ ការរំពឹងនេះស្ដែងចេញតាមរយៈការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សានុសិស្ស ស្របតាមប្រសាសន៍របស់លោក ហង់ ជូនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាបានលើកឡើងថា «អ្នកចេះគឺជាប់»។

យ៉ាងណាមិញសម្រាប់ការប្រលងបាក់ឌុបនៅឆ្នាំនេះ មានសិស្សានុសិស្ស ៧៩,០៥២នាក់ ឬស្មើ ៦៨.៦២ភាគរយ បានទទួលជោគជ័យ។ នៅក្នុងនោះមានសិស្សជាប់និទ្ទេស A ចំនួន ៤៤៣នាក់, ជាប់និទ្ទេស B ចំនួន ២៤៣០នាក់, ជាប់និទ្ទេស C ចំនួន ៥៨៤៧នាក់, ជាប់និទ្ទេស D ចំនួន ១៤,១០០នាក់ និងនិទ្ទេស E ចំនួន ៥៦,២៣២នាក់។

ក្រៅពីភាពរីករាយពីការទទួលបានជោគជ័យក្នុងការប្រលងរបស់សិស្សានុសិស្សជាច្រើននោះក៏មានផងដែរ ចំពោះសិស្សានុសិស្សមិនទទួលបានលទ្ធផលល្អ ដូចការរំពឹងទុក។ កត្តានេះបានធ្វើឲ្យសិស្សានុសិស្សមួយចំនួនបាក់ទឹកចិត្ត និងបាត់បង់ក្ដីសង្ឃឹមក្នុងការសម្រាប់គោលដៅនាថ្ងៃអានាគត។

ក្នុងនាមជាអ្នកមានបទពិសោធន៍ក្នុងការប្រឡងធ្លាក់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំកន្លងទៅ តែមិនបានបោះបង់ក្ដីសង្ឃឹម និងនៅតែបន្តការសិក្សារហូតទទួលបានជោគជ័យក្នុងការប្រលងនៅឆ្នាំបន្ទាប់ យុវជន យុវនារីចំនួន៣រូប បានចែករំលែកបទពិសោធន៍របស់ខ្លួនយ៉ាងដូច្នេះថា៖

កញ្ញា ឈាន ឈៀងហ៊ុយ៖ «កាលពីឆ្នាំមុនខ្ញុំប្រលងថ្នាក់វិទ្យាសាស្រ្តធ្លាក់ តែឆ្នាំនេះខ្ញុំប្រឡងថ្នាក់វិទ្យាសាស្រ្តសង្គមជាប់ ខ្ញុំសប្បាយចិត្តណាស់។ ដំបូងខ្ញុំក៏ខ្មាស់គេដែរ ដែលប្រលងធ្លាក់ តែដោយសារខ្ញុំចង់រៀនបន្ត ទើបខ្ញុំសម្រេចចិត្តសិក្សាថ្នាក់ទី១២ម្ដងទៀត។ ហើយពេលនេះខ្ញុំធ្វើបានសម្រេចហើយ»

កញ្ញា នី រតនា៖ «ពេលយើងប្រលងធ្លាក់ ពិតជាមានមនុស្សមួយចំនួនបាននិយាយពាក្យសម្ដីបំបាក់ទឹកចិត្តយើង ហើយក៏មានមនុស្សមួយចំនួនលើកទឹកចិត្តយើងដែរ។ តែយ៉ាងណាខ្ញុំសូមឲ្យអាណាព្យាបាលទាំងអស់ខ្ញុំនិយាយពាក្យសម្ដីអ្វីដែលធ្វើឲ្យកូនបាក់ទឹកចិត្ត ព្រោះកំលុងពេលទទួលលទ្ធផលបែបនេះ គេអាចគិតខ្លីបាន»

ចំណែកឯកលោក វ៉ា ប៊ុណ្ណា ជាសិស្សមួយរូបដែលប្រលងធ្លាក់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំកន្លងទៅមួយរូបដែរ បានសម្រេចសិក្សាថ្នាក់បរិញ្ញាប័ត្ររងជាមុនសិន បន្ទាប់មកលោកបានចុះឈ្មោះប្រលងស្វៃរិន ដោយសិក្សាបន្ថែមខ្លួនឯងតាមរយៈប្រព័ន្ធអ៉ីនធើណេត។ ទីបំផុតលោកក៏ទទួលបានលទ្ធផលល្អក្នុងការប្រលងនៅឆ្នាំនេះ។

នេះជាបទពិសោធន៍របស់អ្នកធ្លាប់ប្រលងធ្លាក់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ តែដរាបណានៅមានសង្ឃឹម នោះក្ដីស្រម៉ៃទៅរកគោលដៅនៅតែបន្តមានជានិច្ច៕