(ភ្នំពេញ)៖ ក្រុមហ៊ុន Davitra (Cambodia) Co., Ltd និងក្រុមហ៊ុន Apitor Technology Co., Ltd បានសហការគ្នារៀបចំកម្មវិធីប្រកួតវីដេអូខ្លីស្តីអំពីកុមារ និងយុវជនកម្ពុជា គួរតែងាកមកលេងរបស់ដែលបង្កើនចំណេះដឹងផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ដែលកម្មវិធីនេះត្រូវបានចូលរួមពីសំណាកបេក្ខជនចំនួន១៤ក្រុម សរុបចំនួន ៤២នាក់ ក្នុងគោលបំណងលើកកម្ពស់កម្រិតចំណេះដឹង ក៏ដូចជាឆ្លើយតបទៅនឹងភាពចាំបាច់តម្រូវការ និងតួនាទីយ៉ាងសំខាន់នៃវិស័យបច្ចេកវិទ្យា។

បន្ទាប់ពីក្រុមយុវជនទាំង ១៤ក្រុម បានធ្វើការផលិតវីដេអូ ជាមួយនឹងការបង្ហោះនៅលើបណ្តាញសង្គម ដែលបានប្រើរយៈពេលអស់ជាង ១ខែកន្លងមក នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានរកឃើញក្រុមដែលទទួលបានជ័យលាភីហើយ ដោយក្រុមដែលទទួលបានលេខ១ ទទួលបានវិញ្ញាបានបត្រ១ ពាន១ និងថវិកា៧០០ដុល្លារ និងលេខ២ ទទួលបានវិញ្ញាបានបត្រ១ ពាន១ និងថវិកា៣០០ដុល្លារ និងលេខ៣ ទទួលបានវិញ្ញាបានបត្រ១ ពាន១ និងថវិកា២០០ដុល្លារ។

លោក អ៉ឹម ច័ន្ទបូរ៉ាជាតិ សហស្ថាបនិក និងជាអគ្គនាយករបស់ក្រុមហ៊ុន Davitra បានលើកឡើងថា លោកពិតជារីករាយ និងកោតសរសើរដល់បេក្ខជនចូលរួមទាំងអស់ ចំពោះការចូលរួមជ្រោមជ្រែង ចំណាយពេលវេលាធនធាន ក្នុងការលើកតម្កើងវិស័យ STEM នៅកម្ពុជា ដែលនេះជាការឆ្លុះបញ្ចាំងឱ្យឃើញថា អត្រានៃការចូលរួមការស្រលាញ់ និងការគាំទ្រសម្រាប់មុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា របស់យុវជនកម្ពុជា ជាពិសេសយុវនារី ដែលពោរពេញទៅដោយសមត្ថភាព និងចំណេះដឹង រួមទាំងភាពច្នៃប្រឌិត មានការកើនឡើងគួរឱ្យកត់សំគាល់ ស្របពេលវិស័យបច្ចេកវិទ្យា មានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុន Davitra ត្រូវបានផ្តល់ទំនុកចិត្តពីក្រុមហ៊ុន Apitor Technology Co. Ltd ជ្រើសរើសជាដៃគូរចែកចាយផ្តាច់មុខនៅកម្ពុជា សម្រាប់ផលិតផល Apitor SuperBot ដែលជាឧបករណ៍កំសាន្ត និងសិក្សា សម្រាប់បង្កើននូវភាពអត់ធ្មត់ និងគំនិតច្នៃប្រឌិតរបស់កុមារ។ ផលិតផល Apitor SuperBot នេះ ត្រូវបានចែកចាយនៅទូទាំងពិភពលោក រួមមាន ទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក អាមេរិកខាងជើង អាមេរិកខាងត្បូង និងអូសេអានី ពោលគឺ ប្រទេសអូស្ត្រាលី និងណូវែលសេឡង់ ទៅលើការអប់រំ និងចំណេះដឹងផ្នែក STEM ។

លោក Kenny Wang សហស្ថាបនិក និងអគ្គនាយករបស់ក្រុមហ៊ុន Apitor បានលើកឡើងដែរថា វិស័យអប់រំផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលហៅកាត់ថា STEM នេះ ជាប្រភេទជំនាញមួយ ដែលបានបង្កើតដោយសមាគមវិទ្យាសាស្តជាតិនៃសហរដ្ឋអាមេរិក ហើយវាពិតជាមានផលប្រយោជន៍ដ៏លើសលប់ ចំពោះកុមារកម្ពុជា ក៏ដូចជាកុមារទូទាំងពិភពលោក ក្នុងការរៀនដោះស្រាយបញ្ហាត្រិះរិះពិចារណា មានគំនិតច្នៃប្រឌិត និងហ៊ានធ្វើការសម្រេចចិត្តដើម្បីឱ្យកុមារក្លាយខ្លួនជាអ្នកដឹកនាំដ៏ពូកែ ជាសហគ្រិនដ៏មានភាពវ័យឆ្លាត ដែលមានភាពទំនួលខុសត្រូវ និងជួយសង្គមជាតិ ដើម្បីបង្កើតនូវធនធានមនុស្ស ដែលពោរពេញទៅដោយភាពវ័យឆ្លាតជាច្រើនបន្ថែមទៀត ក្នុងការទ្រទ្រង់ និងការអភិវឌ្ឍសេដ្ឋកិច្ច និងធ្វើឱ្យកុមារក្លាយខ្លួនជាបុគ្គលម្នាក់ ដែលពោរពេញទៅដោយភាពអត់ធ្មត់ និងគំនិតច្នៃប្រឌិត។

គួរបញ្ជាក់ថាសម្រាប់ ពានរង្វាន់ក្នុងការប្រឡងប្រជែងផលិតវីដេអូខ្លី ស្ដីពី កុមារនិងយុវជនកម្ពុជាគួរតែងាកមកលេងរបស់ ដែលបង្កើនចំណេះដឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ចំណាត់ថ្នាក់លេខ១បានទៅលើក្រុម Sok Sambath មកពីខេត្តស្វាយរៀង លេខ២ បានទៅលើក្រុម Media Communication មកពីខេត្តកែប និងលេខ៣ បានទៅលើក្រុមស្រែអំបិល មកពីខេត្តកែបដូចគ្នាផងដែរ៕