(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកោតសរសើរលើ ការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងដំណើរការបោះឆ្នោតរបស់ប្រទេសរុស្ស៉ីថា «ល្អ» ប៉ុន្តែលោកបញ្ជាក់ថា ការបោះឆ្នោតបែបនេះ មិនប្រាកដថាអាចអនុវត្តនៅក្នុងក្របខ័ណ្ឌប្រទេសកម្ពុជាបាននៅឡើយទេ ក្នុងស្ថានភាពបច្ចុប្បន្ននេះ។

លោក ហង្ស ពុទ្ធា បានបញ្ជាក់បែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីលោកបានបញ្ចប់ការបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសរុស្ស៉ី ដើម្បីស្វែងយល់ និងស្រង់យកបទពិសោធន៍ពាក់ព័ន្ធនឹង ការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងដំណើរការបោះឆ្នោត ជាមួយនឹងគ.ជ.បមកពីប្រទេសប្រមាណជា៣០ផ្សេងទៀត។

លោក ហង្ស ពុទ្ធា បានគូសបញ្ជាក់ថា ការទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៉ីនេះ គឺបានធ្វើការងារសំខាន់ចំនួនពីរ៖ ១៖ ចូលរួមសន្និសីទអន្តជាតិ ស្តីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងដំណើរការបោះឆ្នោត» និង ២៖ ចូលរួមសង្កេតមើលការបោះឆ្នោតសភាជាន់ទាបនៅទីក្រុងម៉ូស្គូ

លោកបានបន្ថែមថា ការបោះឆ្នោតដោយប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងដំណើរការបោះឆ្នោត គឺប្រទេសរុស្ស៉ី ជាអ្នករៀបចំធ្វើមុនគេ ហើយ គ.ជ.ប នៃកម្ពុជា និងប្រទេសជាង ៣០ទៀត ជាអ្នកចូលរួមស្វែងយល់ និងស្រង់យកបទពិសោធន៍។

ពាក់ព័ន្ធនឹងសំណួរសួរថា តើ គ.ជ.ប នៃកម្ពុជា នឹងប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងដំណើរការបោះឆ្នោតដែរ ឬទេ? លោក ហង្ស ពុទ្ធា បានពន្យល់ថា លោកនឹងធ្វើរបាយការណ៍ពីដំណើរការបោះឆ្នោតដោយប្រើប្រព័ន្ធឌីជីថលនេះ ដាក់ជូនសមាជិក គ.ជ.ប និងគណៈកម្មការជំនាញ ដើម្បីសិក្សាបន្ថែមថា តើយើងគួរប្រើប្រាស់ ឬមិនប្រើប្រាស់ប្រព័ន្ធបោះឆ្នោតឌីជីថលនេះ?

ប៉ុន្តែលោកយល់ឃើញថា ការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងដំណើរការបោះឆ្នោត គឺល្អ ប៉ុន្តែមិនប្រាកដថា អាចអនុវត្តន៍នៅក្នុងក្របខ័ណ្ឌប្រទេសកម្ពុជាបាននៅឡើយទេ ក្នុងស្ថានភាពបច្ចុប្បន្ននេះ។ ប្រទេសកម្ពុជាត្រូវការច្បាប់ ថវិកា សមត្ថភាពមន្ត្រី ប្រព័ន្ធអគ្គិសនី និងប្រព័ន្ធអ៊ិនធឺណិត...។

លោកបានពន្យល់ទៀតថា សម្រាប់បច្ចេកវិទ្យាឌីជីថល គ.ជ.ប នៃកម្ពុជា មានទស្សនវិស័យដូចខាងក្រោម៖
កត្តាវិជ្ជមាន មានជាអាទិ៍៖
* ផ្តល់ភាពងាយស្រួលក្នុងការទំនាក់ទំនងផ្ទាល់ និងឆ្លើយតបទៅអ្នកបោះឆ្នោត
* លើកកម្ពស់ប្រសិទ្ធភាពក្រមសីលធម៌ វិជ្ជាជីវៈប្រកបដោយតម្លាភាពក្នុងការទំនាក់ទំនង និងការផ្សព្វផ្សាយ
* ធ្វើឱ្យមានគណនេយ្យភាពក្នុងការរៀបចំបញ្ជីបោះឆ្នោត ចុះឈ្មោះគណបក្សនយោបាយ និងបញ្ជីបេក្ខជន ការរាប់សន្លឹកឆ្នោត កត់ត្រាសំឡេងឆ្នោត និងការប្រកាសលទ្ធផល
* ធ្វើឱ្យកិច្ចសម្របសម្រួលការងារកាន់តែប្រសើររវាងមន្រ្តីបោះឆ្នោត និងគ្រប់ភាគីពាក់ព័ន្ធ
* ជួយលើកកម្ពស់តម្លាភាពនយោបាយ និងយុត្តិធម៌សង្គម ជាដើម។

កត្តាអវិជ្ជមាន មានជាអាទិ៍៖

* គេអាចប្រើបណ្តាញសង្គមដោយខ្វះសីលធម៌ និងវិជ្ជាជីវៈ បម្រើក្រុមនយោបាយណាមួយដែលរារាំងការរីកចម្រើននៃប្រជាធិបតេយ្យ និងការបោះឆ្នោតតាមរយៈការផ្សព្វផ្សាយព័ត៌មានដែលធ្វើឱ្យមានការភាន់ច្រឡំមានកាន់តែច្រើន

* ជនអនាមិកខាងក្នុង និងខាងក្រៅប្រទេសអាចវាយប្រហារលើប្រព័ន្ធកុំព្យូទ័រ ជាដើម។
ចំពោះការចូលរួមសង្កេតការណ៍បោះឆ្នោតសភាជាន់ទាបនៅទីក្រុងម៉ូស្គូវិញ លោក ហង្ស ពុទ្ធា បានវាយតម្លៃក្នុងកម្រិតដែល លោកបានពិនិត្យមើល ឃើញថា មានតំបន់ខ្លះនៅប្រទេសរុស្ស៉ី បានប្រើប្រព័ន្ធឌីជីថល និងតំបន់ខ្លះទៀតមិនបានប្រើប្រព័ន្ធឌីជីថលទេ។ ជារួមការបោះឆ្នោតនៅទីក្រុងម៉ូស្គូប្រទេសរុស្ស៉ីបានប្រព្រឹត្តទៅដោយរលូន។

លោកបានជម្រាបជូនថា គ.ជ.ប នៃកម្ពុជា បានប្រើប្រាស់ប្រព័ន្ធឌីជីថលខ្លះរួចមកហើយ គឺការប្តូរពីការចុះឈ្មោះអ្នកបោះឆ្នោតដោយដៃ មកចុះឈ្មោះដោយប្រព័ន្ធកុំព្យូទ័រ។ គ.ជ.ប ក៏កំពុងពិចារណាលើកការបង្កើតកម្មវិធីចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដោយប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ៕