(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃនេះ ខ្ញុំបានតាមដានការឆ្លើយឆ្លងគ្នារវាងអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសង្គមស៊ីវិលមួយចំនួនជាពិសេសគឺអង្គការលីកាដូ - អង្គការធាងត្នោត និងអង្គការតម្លាភាពកម្ពុជារបស់លោកព្រាប កុល។ ហើយអ្វីដែលជាចំណុចគួរឲ្យកត់សម្គាល់នៅត្រង់ថា មេរបស់អង្គការសង្គមស៊ីវិលទាំងនោះបានបដិសេធ មិនចូលរួមកិច្ចពិភាក្សាជាមួយតំណាងរដ្ឋាភិបាលដើម្បីជជែកអំពីបញ្ហាចម្រូងចម្រាស់ដែល ភាគីទាំង ពីរយល់មិនស្របគ្នា។
តាមពិត កិច្ចពិភាក្សាគ្នាត្រង់ទៅត្រង់មកដើម្បីស្វែងរកភាពជាដៃគូពិតប្រាកដរវាងអង្គការសង្គម ស៊ីវិលនិងអាជ្ញាធររដ្ឋាភិបាលគឺជារឿងល្អណាស់ ហើយជាកិច្ចការដែលត្រូវធ្វើជាប្រចាំ។ កន្លងទៅគេតែងបានលឺអង្គការសង្គមស៊ីវិលនិយាយថា ពួកគេគឺជាដៃគូរបស់ររដ្ឋាភិបាល ហើយប្រាថ្នាចង់បានកិច្ចសហការណ៍ របស់រដ្ឋាភិបាលឲ្យបានច្រើន តាមដែលដែលអាចធ្វើបាន។ គេក៏តែងតែបានលឺអង្គការសង្គមស៊ីវិលទន្ទិញរត់មាត់អំពីការចង់បានតម្លាភាព សុច្ចរិតភាព និងគណនេយ្យភាព។ ប៉ុន្តែអ្វីដែលបានកើតឡើងចុងក្រោយនេះហាក់មិនបានឆ្លុះ បញ្ចាំងពីពាក្យសម្តីដែលពួកគេតែងតែនិយាយចេញមកទាល់តែសោះ។
នៅពេលដែលក្រសួងមហាផ្ទៃបានធ្វើកិច្ចការជាច្រើនដើម្បី បង្កើនភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិល អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលក៏បាន បង្ហាញចេតនាចង់កសាងភាពជាដៃគូជាមួយសង្គមស៊ីវិលដែរ។ នៅក្នុងន័យនេះអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលក៏បានកោះអញ្ជើញតំណាងអង្គការសង្គម ស៊ីវិលចំនួន ៣ មានអង្គការលីកាដូ - អង្គការធាងត្នោត និងអង្គការតម្លាភាពកម្ពុជា ដើម្បីប្រជុំពិភាក្សាចង្អៀតជាមួយគ្នានៅថ្ងៃទី១១ កញ្ញានេះ។ គោលបំណង នៃកិច្ចប្រជុំនេះគឺដើម្បីជជែកគ្នាត្រង់ទៅត្រង់មកអំពីបញ្ហាមិនចុះសម្រុងគ្នាជំវិញការយល់ឃើញ របស់អង្គការសង្គមស៊ីវិលទាំងនោះជាមួយរដ្ឋាភិបាល។
ខ្ញុំយល់ថា កិច្ចប្រជុំបែបនេះមានសារសំខាន់ណាស់ដើម្បីអនុញ្ញាតឲ្យភាគីទាំងពីរយល់ពីគ្នាកាន់តែច្បាស់ដែលអាចកាត់បន្ថយបាននូវភាពប្រទាំងប្រទើស ដែលកើតចេញពីការយល់មិនស្របគ្នាអំពីបញ្ហាអ្វីមួយ។
ប៉ុន្តែគួរឲ្យសោកស្តាយ តំណាងអង្គការសង្គមស៊ីវិលទាំងបីបាន បដិសេធមិនព្រមចូលរួមប្រជុំឡើយ ដោយអ្នកខ្លះនិយាយថា គ្មានអ្វីត្រូវបកស្រាយទៀតទេ, អ្នកខ្លះថា នាំឲ្យខាតពេល និងអ្នកខ្លះទៀតថា ជាប់បេសកកម្មនៅក្រៅប្រទេស។ ស្តាប់ៗទៅទឡ្ហីករណ៍របស់តំណាងសង្គមស៊ីវិលទាំងនោះគឺអាចគ្រាន់តែជាការដោះសារ ដោយមិនសមហេតុ ផលទាល់តែសោះ។ ហេតុអ្វីបានជាខ្ញុំថាមិនសមហេតុផល? ពីព្រោះការនិយាយថា គ្មានអ្វីត្រូវបកស្រាយទៀតទេពីព្រោះបានបកស្រាយរួចហើយ គឺជាការនិយាយដែលមិនផ្តល់តម្លៃដល់ការជជែកពិភាក្សាគ្នាទាល់តែសោះ។ ជាធម្មតាកិច្ចការអ្វីក៏ដោយមិនអាចនិយាយតែមួយដង ហើយអាចដោះស្រាយបាននោះទេពោលគឺត្រូវការកិច្ចសហការណ៍ជជែកដេញដោល និងបង្ហាញទឡ្ហីករណ៍ទៅវិញទៅមកច្រើនដងទើបអាចយល់គ្នាបាន។
ដូច្នេះបើទើបតែជួបគ្នាមួយដងហើយថា គ្មានអ្វីត្រូវបកស្រាយទៀតទេគឺជាសម្តីដែលមិនផ្តល់តម្លៃទាល់តែសោះដល់កិច្ចសន្ទនា។ ចំពោះការនិយាយថា កិច្ចប្រជុំនោះនាំឲ្យខាតពេល វារិតតែជា សម្តីដែលគួរឲ្យហួសចិត្តថែមទៀត។
តើពេលវេលារបស់តំណាងអង្គការសង្គមស៊ីវិលទាំងនោះអីក៏មានតម្លៃខ្លាំងម៉្លេះរហូតដល់សូម្បីតែចំណាយពីរបីម៉ោងដើម្បីជជែករឿងសំខាន់ជាមួយតំណាងរដ្ឋាភិបាល ក៏ធ្វើមិនបានដែរ? ចំណែកមេអង្គការដែលអះអាងថា កំពុងជាប់បេសកកម្មនៅក្រៅប្រទេសហើយយកលេសមិនចូលរួមកិច្ចប្រជុំនោះ យើងអាចចោទសួរថា តើអង្គការមួយទាំងមូលមានមនុស្សតែម្នាក់ទេឬ? ហេតុអ្វីមិនព្រមចាត់តំណាងឲ្យទៅចូលរួមប្រជុំ? ឬមួយក្រៅពីមេម្នាក់គ្មានអ្នកណាមានសិទ្ធិធ្វើអ្វីសោះ? ចំណុចទាំងអស់ដូចបានលើក ឡើងខាងលើពិតជាអាចបញ្ជាក់ បានថា អង្គការសង្គមស៊ីវិលទាំងនោះគ្រាន់តែដោះសារដើម្បីគេចវេសពីការចូលរួមប្រជុំជា មួយតំណាងរដ្ឋាភិបាលតែប៉ុណ្ណោះ។
ពិតហើយ ខ្ញុំបានសង្កេតឃើញថា កន្លងទៅនេះមានចំណុចជា ច្រើនដែលសង្គមស៊ីវិលមួយចំនួននិងរដ្ឋាភិបាលយល់មិនស្របគ្នា ជាពិសេសនៅពេលដែល សង្គមស៊ីវិលចេញរបាយការណ៍អ្វីមួយ តំណាងរដ្ឋាភិបាលតែងបដិសេធថារបាយការណ៍ មិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជាឡើយ។ ចំណែកឯសង្គមស៊ីវិល មួយចំនួននោះវិញក៏ដូចគ្នាដែរក៍ចាំតែងតែបដិសេធការលើក ឡើងរបស់រដ្ឋាភិបាលថាមិនបានឆ្លុះបញ្ចាំងការពិត។
នេះហើយជាសារៈសំខាន់នៃការជួបពិភាក្សារវាងសង្គមស៊ីវិល និងតំណាងរដ្ឋាភិបាលដើម្បីបង្ហាញថា ហេតុអ្វីបានជាពួកគេយល់មិនស្របគ្នាលើបញ្ហាតែមួយ? មានតែការជួបគ្នាពិភាក្សាត្រង់ទៅត្រង់មកទេដែលជា មធ្យោបាយមានប្រសិទ្ធភាព និងមានលក្ខណៈប្រជាធិបតេយ្យបំផុតដើម្បីដោះស្រាយ បញ្ហាជាជាងការឆ្លងឆ្លើយគ្នាតាមសារព័ត៌មាន ឬតាមហ្វេសប៊ុក។ ដូច្នេះតើហេតុអ្វីបានជាសង្គមស៊ីវិលទាំងបីបែរជាបដិសេធមិនទទួលយកមធ្យោបាយនេះទៅវិញ? ពេលនេះយើងយល់បានកាន់តែច្បាស់ហើយថា តើអ្នកណាដែលមិនចង់សហការណ៍ ហើយថាតើអ្នកណាដែលមិនចង់បានភាពជាដៃគូ?
តាមពិតទៅនេះមិនមែនជាលើកទី១ទេ ដែលអង្គការសង្គមស៊ីវិលមួយចំនួនធ្វើខុសពីពាក្យនិយាយបែបនេះ។ កន្លងទៅមានបញ្ហាជាច្រើនធ្លាប់បានកើតមានរួច ទៅហើយ។ ជាក់ស្តែង ក្នុងទំនាស់ដីធ្លីជាដើមជាទូទៅ អង្គការសង្គមស៊ីវិលចូលចិត្តធ្វើការក្នុងទីងងឹតពោលគឺឈរពីក្រោយភាគីណាមួយនៃអ្នកមានបញ្ហា ហើយនិយាយកាន់ជើងភាគីម្ខាងដោយមិនខ្វល់ពី ភាគីម្ខាងទៀត ឬមិនខ្វល់ពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្នុងការដោះស្រាយបញ្ហាឡើយ។
នៅពេលគេអញ្ជើញឲ្យចូលរួមក្នុងគណៈកម្មការ ឬក្នុងក្រុមការងារដើម្បីដោះស្រាយបញ្ហានៅលើតុ សង្គមស៊ីវិលទាំងនោះតែងតែគេចវេសក្រោមលេស នេះ ឬលេសនោះតែរហូត។ បញ្ហានៅត្រង់ថា បើចូលក្នុងក្រុមការងារពួកគេនឹងឃើញសខ្មៅច្បាស់ៗដែលមិនអាចប្រកែកបានហើយពេលនោះ ពួកគេនឹងអស់ពាក្យនិយាយពីព្រោះសារជាតិ របស់ពួកគេគឺចូលចិត្តនិយាយអ្វីដែលមិនច្បាស់ ធ្វើឲ្យមហាជន យល់ច្រឡំ។ ម្យ៉ាងវីញទៀត សង្គមស៊ីវិលទាំងនោះមានជំហរ លម្អៀង ! ដូច្នេះ អ្វីដែលមានប្រយោជន៍ដល់រដ្ឋាភិបាល ពួកគេមិនហ៊ានទទួលស្គាល់ការពិតឡើយ។ និយាយឲ្យចំគឺអង្គការទាំងនោះធ្វើការដោយមាន របៀបវារៈនយោបាយនៅពី ក្រោយខ្នង។
ងាកមកនិយាយពីអង្គការលីកាដូ និងអង្គការធាងត្នោតវិញ ពួកគេធ្វើរបាយការណ៍អំពីកម្ចីមីក្រូហិរញ្ញវត្ថុដោយលើកយកតែករណីពលរដ្ឋ ២៨ នាក់មកនិយាយក្នុងចំណោមពលរដ្ឋជាងមួយលាននាក់ដែលប្រើប្រាស់កម្ចីមីក្រូហិរញ្ញវត្ថុ ហើយសន្និដ្ឋានថា កម្ចីមីក្រូហិរញ្ញវត្ថុបង្កើតឲ្យមានការរំលោភសិទ្ធិមនុស្ស និងជាកម្ចីអសីលធម៌ទៀតផង។ របាយការណ៍នេះត្រូវបានក្រុមប្រឆាំងយកទៅប្រើប្រាស់ដើម្បីវាយប្រហារលើរដ្ឋាភិបាលដឹកនាំដោយ នាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងធ្ងន់ធ្ងរ។ សួរថា តើរបាយការណ៍បែបនេះមានវិជ្ជាជីវៈឬទេ? មានតុល្យភាពឬទេ?
ចុះអ្នកទទួលបានប្រយោជន៍ពីមីក្រូហិរញ្ញវត្ថុរាប់លាននាក់ទៀតម្តេចក៏មិនលើកមកនិយាយផង? នេះជាចំណុចដែលបញ្ចាក់ច្បាស់ពីចេតនាមិនស្មោះត្រង់របស់អង្គការ សង្គមស៊ីវិលទាំងនោះ ហើយរបាយការណ៍បែបនេះមិនមែនជាការចូលរួមស្ថាបនាអ្វីទេ តែអាចជារបាយការណ៍ដើម្បីដុតបញ្ឆេះបញ្ហាតាមរបៀបដុតអោយខ្លោច រោចអោយឆៅ។។ ចំណែកឯលោក ព្រាប កុល ដែលនិយាយថា ពលរដ្ឋខ្មែរមិនទទួលបានផលពីកំណើនសេដ្ឋកិច្ចទាល់តែសោះនោះក៏មិនឆ្លុះបញ្ចាំងការពិតដែរ។
លោក ព្រាប កុល ម្តេចមិនមើលផងថា ប្រជាពលរដ្ឋនៅគ្រប់ទិសទីរាប់ទាំងអ្នកនៅជនបទផង មានការប្រែប្រួលជីវភាពយ៉ាងណាខ្លះ? គ្រួសារមួយមានទូរស័ព្ទដៃប៉ុន្មានគ្រឿង? មានម៉ូតូ មានទូរទស្សន៍ មានផ្ទះថ្មី....តើទាំងអស់នេះ មិនមែនបានមកពីកត្តា សន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចទេឬ?
និយាយជារួម មានអង្គការសង្គម ស៊ីវិលច្រើនណាស់ដែលធ្វើការជាដៃគូពិតប្រាកដជាមួយរដ្ឋាភិបាល និងបានផ្តល់ប្រយោជន៍ច្រើនដល់សង្គម។ ប៉ុន្តែ ខ្ញុំក៏កត់ សំគាល់សង្កេតឃើញផងដែរថា មានអង្គការសង្គមស៊ីវិលមួយ ចំនួននៅតែបន្តធ្វើខ្លួនជាគូបដិបក្ខជាមួយរដ្ឋាភិបាលដោយមិនព្រមបង្កើតភាពជាដៃគូពិតប្រាកដ ជាមួយគ្នានោះទេហើយទង្វើនិងទស្សនះរបស់ពួកគេបែបនេះគឺពិតជាមិនអាចក្លាយជាដៃគូ និងក្លាយជាតួអង្គបំពេញចន្លោះប្រហោងដូចការអះអាងរបស់ខ្លួនឡើយ។ ដូច្នេះ តើឯណាទៅតម្លាភាពនិងសុច្ចរិតភាពរបស់ សង្គមស៊ីវិលទាំងនោះ?
ដោយ៖ អតីតបុគ្គលិកអង្គការ មិនមែនរដ្ឋាភិបាល, ខេត្តបន្ទាយមានជ័យ